en     km
en     km

ពលរដ្ឋនិងនិស្សិតខ្មែរនៅអ៊ីស្រាលអែលជិត៥០០ត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាពក្រោយមានករណីស្លាប់និស្សិតខ្មែរម្នាក់

Share

ភ្នំពេញ៖ មន្ដ្រីផ្ដល់ព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាដែលជួយសម្រួលនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែលប្រាប់វិទ្យុស្រ្តីនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះថា មន្រ្តីកម្ពុជាប្រចាំនៅប្រទេសអ៊ីស្រាលអែលកំពុងជួយអន្តរាគមន៍ជួយសម្របសម្រួលដល់និស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះ បានទៅជ្រកកោននៅទីតាំងមានសុវត្ថិភាពហើយ បន្ទាប់មាននិស្សិតកម្ពុជាម្នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារពីសំណាក់ក្រុមហាម៉ាស់ប៉ាលីស្ទីនមកលើប្រទេសអ៊ីស្រាលអែលកាលពីសៅរ៍ទី០៧ខែតុលា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅប្រទេសអ៊ីស្រាអែលមានពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងសិក្សា និងស្នាក់នៅប្រមាណជាង ៤៥០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពនៅក្នុងប្រទេសអ៊ីស្រាលអែល និងមិនមានករណីស្លាប់ថ្មីទៀតនោះទេ គិតត្រឹមព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមមន្ដ្រីផ្ដល់ព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាជួយសម្រួលនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល។

គួរជម្រាបថា ក្នុងជម្លោះរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សាបានបណ្ដាលឱ្យនិស្សិតខ្មែរម្នាក់ អាយុ២៤ឆ្នាំ ឈ្មោះ ចាន់ ឧត្តម ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបាត់បង់ជីវិត ខណៈកំពុងបន្ដការសិក្សានៅទីនោះ។

យោងតាមការថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ការប្រយុទ្ធរវាងភាគីកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់បានកើតឡើងតាំងពីថ្ងៃទី៧ ខែតុលា ព្រមទាំងបណ្ដាលឱ្យមានអ្នករងបួស និងស្លាប់ទាំងសងខាងជាច្រើននាក់។ រាជរដ្ឋាភិបាលកម្ពុជាថា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានការណ៍ ប្រែប្រួលក្នុងប្រទេសអ៊ីស្រាអែល និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅទីនោះ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានទទូចឱ្យសហគមន៍អន្ដរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចារប្រកបដោយអត្ថន័យឆ្ពោះទៅរកសន្ដិភាពស្ថិរភាព និងប្រកបដោយយុត្តិធម៌។  ក្រសួងការបរទេសបញ្ជាក់ថា ភាគីទាំងអស់ចាំបាច់ត្រូវចូលរួមកិច្ចសន្ទនាស្ថាបនា សំដៅដោះស្រាយឫសគល់នៃជម្លោះ និងស្វែងរកដំណោះស្រាយដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។

យ៉ាងណារាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលឱ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង