ភ្នំពេញ៖ ដោយហេតុមើលឃើញពីបញ្ហាប្រឈមនានារបស់ក្មេងស្រីដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ស្រ្តីវ័យក្មេងដែលកំពុងមានសក្តានុពលលើកិច្ចការសង្គម អំពាវនាវឱ្យមានការចូលរួមលើកកម្ពស់ស្រ្តីវ័យក្មេងមានតួនាទីជាអ្នកដឹកនាំ។ ពួកគេជំរុញបែបនេះក្នុងឱកាសអបអរសាទរទិវាអន្តរជាតិក្មេងស្រី កាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងគោលបំណងដើម្បីគាំទ្រដល់ក្មេងស្រីក្នុងការដើរតួជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថលនេះ នៅឯនៅអគារជីអាយអេ (GIA) កោះពេជ្រ រាជធានីភ្នំពេញ។
(កញ្ញា ទាវ ឧស្សា ជូននូវសេចក្តីរាយការណ៍)
ក្នុងពិធីអបអរសាទរទិវាអន្តរជាតិក្មេងស្រីនៅឆ្នាំ២០២៣នេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាគាំទ្រភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល» យុវជនដែលមកពីបណ្តាខេត្តផ្សេងគ្នារួមគ្នាអំពាវនាវឱ្យគ្រប់គ្នាចូលរួមលុបបំបាត់នូវបញ្ហាប្រឈមនានាដែលក្មេងស្រីកំពុងជួបប្រទះនោះ ដ៏ដូចជាលើកកម្ពស់ក្មេងស្រី និងស្រ្តីវ័យក្មេងមានតួនាទីជាអ្នកដឹកនាំ។
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថាស្ត្រីវ័យក្មេងមិនទទួលបានការអប់រំខ្ពស់ ដែលជាមូលហេតុដែលពួកគេមិនមានឱកាសទៅកាន់មុខតំណែងជាអ្នកដឹកនាំទាំងក្នុងវិស័យសាធារណៈនិងឯកជននៅឡើយទេ។ ក្រៅពីនេះ លោកស្រីបានលើកឡើងនូវឧបសគ្គផ្សេងទៀតរបស់ស្រ្តីវ័យក្មេងគឺការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង។
លោកស្រ្តីបានបន្ថែមថា៖ «យោងតាមការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១ ដល់ ២០២២ ក្មេងស្រីនិងស្ត្រីវ័យក្មេងដែលមានអាយុក្រោម ១៨ ឆ្នាំម្នាក់ក្នុងចំណោម ៥នាក់ ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍។ ជាងនេះទៀត ក្មេងស្រីដែលមានអាយុ ១៥ឆ្នាំចំនួន១.៨% ត្រូវបានបង្ខំឱ្យរៀបអាពាហ៍ពិពាហ៍។ យោងតាមប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងមនុស្សវ័យក្មេងក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងរតនគិរី ឫសគល់បញ្ហាដែលបង្កឱ្យមានការរៀបអាពាហ៍ពិពាហ៍វ័យក្មេងមានដូចជាទី១ កង្វះចំណេះដឹងនឹងព័ត៌មានស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិដែលអាចនាំឱ្យក្មេងស្រីនិងស្ត្រីវ័យក្មេងមានផ្ទៃពោះ ហើយបន្ទាប់មកបង្ខំឱ្យអាពាហ៍ពិពាហ៍ និងបោះបង់ការសិក្សា។ ទី២ កង្វះចំណេះដឹង និងព័ត៌មានទាក់ទងនឹងសិទ្ធិរបស់ក្មេងស្រីស្តីពីការសម្រេចចិត្តទាក់ទងផែនការគ្រួសារ។ ទី៣ បទដ្ឋានទំនៀមទំលាប់សង្គម មជាពិសេសសម្រាប់ក្មេងស្រីជនជាតិដើមភាគតិច ដែលរៀបការនៅអាយុ ១៤ ឬ ១៥ ឆ្នាំ និងទី៤ ភាពក្រីក្រ។»
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា
ទិវាអន្តរជាតិក្មេងស្រី ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ គោលបំណងចម្បងគឺផ្តោតសំខាន់ទៅលើសិទ្ធិក្មេងស្រីក្នុងការចូលរួមកិច្ចការអភិវឌ្ឍសង្គម ព្រមទាំង បញ្ហាប្រឈមដែលក្មេងស្រីជួបប្រទះ និងជំរុញការតាំងចិត្តជាសកលក្នុងការបញ្ចប់ការម៉ាក់ងាយស្ត្រីភេទ ការរើសអើង អំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច ដែលធ្វើអោយប៉ះពាល់ដល់ក្មេងស្រី។
កញ្ញា ស្រីនិច្ច ជាក្មេងស្រីកាន់តួនាទីជំនួសលោកស្រីនាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជាសម្រាប់មួយថ្ងៃ មកពីខេត្តសៀមរាប បានថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិក្មេងស្រីថា ក្មេងស្រីជាច្រើនត្រូវបានរារាំងសក្តានុពលរបស់ពួកគេក្នុងការក្លាយជាអ្នកដឹកនាំ ហើយក្មេងស្រីទាំងអស់មិនមែនសុទ្ធទន់ជ្រាយនោះឡើយ ប៉ុន្តែក្មេងស្រីក៏អាចក្លាយជាមេដឹងនាំដូចបុរសផងដែរ។ កញ្ញាបានលើកឡើងបន្តថា ក្មេងស្រីជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហា។
«ក្មេងស្រីមិនមែនជាបន្ទុកដល់សង្គមជាតិឡើយ។ ផ្ទុយទៅវិញ ក្មេងស្រីជាចំណែកមួយនៃប្រទេសកំពុងអភិវឌ្ឍជាតិសាសន៍ដ៏ប្រសើរ ក្នុងការអភិវឌ្ឍនៅពេលដែលមានការចូលរួមយ៉ាងស៊ីចង្វាក់រួមមានបុរសនិងស្រ្តីមានសិទ្ធិស្មើគ្នា។»
កញ្ញា ស្រីនិច្ច ជាក្មេងស្រីកាន់តួនាទីជំនួសលោកស្រីនាយិកាប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា
ក្មេងស្រី និងស្ត្រីវ័យក្មេងប្រឈមមុខនឹងការរើសអើងភេទ ជំនឿបែបប្រពៃណី ដែលមិនឱ្យតម្លៃលើសមត្ថភាពនិងសក្តានុពលរបស់ស្ត្រី គឺជាឧបសគ្គដែលមើលមិនឃើញចំពោះការចូលរួមយ៉ាងសកម្មរបស់ពួកគេ។ ជាការពិតណាស់ដែលស្ត្រីវ័យក្មេងជឿថា ពួកគេមានសមត្ថភាពតិចជាងបុរស និងមិនសូវស័ក្តិសមក្នុងតួនាទីនយោបាយ និងអភិបាលកិច្ច ដោយយោងតាមការវិភាគស្ថានភាពយុវជននៅកម្ពុជារបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនប្រចាំនៅកម្ពុជា (UNFPA) មានតែ១១% នៃយុវជនដែលមានអាយុពី១០ ដល់២៤ឆ្នាំ ប៉ុណ្ណោះដែលអាចបញ្ចេញមតិ ឬផ្លាស់ប្តូរគំនិតក្នុងក្រុម ឬអង្គការ។ នេះយោងតាមលើកឡើងរបស់សេចក្តីប្រកាសព័ត៌មានរបស់អង្គការភ្លែន។
ជាមួយគ្នានេះ កញ្ញា ភារី ជាក្មេងស្រីកាន់តួនាទីជំនួសឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បានលើកឡើងថាក្នុងនាមជាក្មេងស្រីមកពីខេត្តកំពង់ធំ កញ្ញាបានមើលឃើញនូវបញ្ហារបស់ក្មេងស្រីជាច្រើនដែលមិនអាចបន្តការសិក្សា និងឆាប់រៀបការនៅវ័យក្មេង កញ្ញាសង្ឃឹមដែរថាក្មេងស្រីនឹងទទួលបានការអប់រំខ្ពស់ និងមានតួនាទីជាអ្នកដឹកនាំដ៏ល្អក្នុងសង្គម។
«ទាក់ទងបញ្ហាដែលខ្ញុំមើលឃើញក្នុងនាមជាក្មេងស្រី ប្រហែលជាមានក្មេងស្រីអត់ច្រើនទេដែលអាចបន្តការសិក្សា ថ្នាក់ឧត្តមសិក្សា ប៉ុន្តែក្មេងស្រីជាច្រើនទៀតត្រូវបានឪពុកម្តាយបង្ខំឱ្យរៀបការនៅវ័យក្មេង ហើយខ្ញុំសង្ឃឹមថានៅពេលអនាគតទៅគឺក្មេងស្រីទាំងអស់ក៏ដូចជាបុរស មិនថានៅទីក្រុងនិងនៅជនបទទេ គាត់មានឱកាសស្មើគ្នានូវការទទួលបានអប់រំ ហើយអ្វីដែលខ្ញុំចង់ឃើញមួយទៀតគឺខ្ញុំចង់ស្រ្តី ដ៏ដូចជាក្មេងស្រីបន្ថែមមានតួនាទីដឹកនាំក្នុងជួររដ្ឋាភិបាល ដ៏ដូចជាអង្គការឬក៏ស្ថាប័នឯកជន ខ្ញុំជឿជាក់ថាអត់មានរឿងអីដែលស្រ្តីយើងធ្វើអត់បានទេ ព្រោះខ្ញុំសង្កេតឃើញថាស្រ្តីឥឡូវគាត់ក្លាហាន គាត់ប៉ិនប្រសប់ គាត់មានឆន្ទះ គាត់ឯករាជ្យខ្លួនឯង ខ្ញុំជឿជាក់ទាំងអស់គ្នា ទាំងប្រុសទាំងស្រី រួមដៃគ្នានិងផ្តល់ឱកាសស្រ្តី ស្រ្តីឬក៏ក្មេងស្រីគាត់នឹងអាចឈរបាន គាត់នឹងអាចធ្វើជាមេដឹកនាំដ៏ល្អមួយ។»
កញ្ញា ភារី ជាក្មេងស្រីកាន់តួនាទីជំនួសឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជារយៈពេលមួយថ្ងៃ
ទន្ទឹមនឹងការលើកឡើងនេះ កញ្ញា ស្រីនិច្ច ក៏អំពាវនាវដល់រាជរដ្ធាភិបាលនិងស្ថាប័ននានា ចូលរួមលើកកម្ពស់ស្រ្តីវ័យក្មេងក្នុងតួនាទីជាអ្នកដឹកនាំ សមភាពយេនឌ័រ និងលុបបំបាត់ផ្នត់គំនិតអវិជ្ជមាន។ ជាពិសេសនោះកញ្ញាសំណូមពរដល់អាណាព្យាបាលគ្រប់រូបបន្តជម្រុញកូនឱ្យទទួលបានការអប់រំខ្ពស់ផងដែរ។
«សុំសំណូមពរដល់រាជរដ្ធាភិបាល ស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ផ្តល់លំហសុវត្ថិភាពនិងប្រកបដោយការគោរពដល់ក្មេងស្រីនិងស្រ្តីវ័យក្មេងក្នុងការឈានយកតួនាទីជាអ្នកដឹកនាំ តាមរយៈការលើកកម្ពស់ការយល់ដឹង និងសមភាពយេនឌ័រ ស្រ្តីក្នុងតួនាទីជាអ្នកសម្រចចិត្ត និងកែប្រែផ្នត់គំនិតអវិជ្ជមានមានក្នុងសង្គមដែលមានលើក្មេងស្រីនិងស្រ្តីវ័យក្មេង។ ម៉្យាងទៀតឪពុកម្តាយ អាណាព្យាបាលគួរឱ្យកូននិងបន្តជម្រុញវិនិយោគឱ្យក្មេងស្រីទទួលបានការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា និងបញ្ជប់ការរៀបការវ័យក្មេង ការវិនិយោគនេះគឺជាកំណប់មហាសាលសម្រាប់អនាគតកូនៗ។»
អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រីដោយមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ ជាពិសេសលើកកម្ពស់សិទ្ធិអំណាចរបស់ក្មេងស្រី ជាពិសេសក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ២,៥ លាននាក់នៅក្នុងប្រទេសកម្ពុជា នៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ ដើម្បីលើកស្ទួយសម្លេងនិងគាំទ្រពួកគេក្នុងការទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តដែលពួកគេត្រូវការដើម្បីទទួលបានសិទ្ធិ និងបំពេញបានសក្តានុពលពេញលេញរបស់ខ្លួន។ អង្គការនេះបានជំរុញឱ្យបង្កើនចំនួនស្ត្រីក្នុងការដឹកនាំ ខណៈគេរកឃើញថាស្ត្រីវ័យក្មេងមានតិចជាងបុរស និងមិនសូវមាន តួនាទីនយោបាយ និងអភិបាលកិច្ច៕