ស្ដ្រីពលករខ្មែរម្នាក់ ធ្វើការនៅប្រទេសថៃបានលួចឆ្លងមកកម្ពុជាវិញដោយខុសច្បាប់តាមច្រកព្រំដែននៅចំណុចភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឈឺពោះសម្រាលកូនតាមផ្លូវ។ តែជាសំណាងល្អ ស្ដ្រីម្នាក់នោះបានសសម្រាលកូនដោយសុវត្ថិភាព។ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ Reth Mony និងមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស សង់ត្រាល់។
ប្រភពដដេលបញ្ជាក់ថា រឿងនេះបានកើតឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ខណៈស្ដ្រីនោះ និងប្ដីរបស់ខ្លួនបានលួចឆ្លងដែនត្រង់ចំណុចខាងលើ ហើយឈឺពោះសម្រាលកូន តែត្រូវបានកងកម្លាំងខ្មែរការពារព្រំដែនជួយអន្តរាគមន៍សង្គ្រោះរហូតដល់សម្រាលរួចរាល់។
\
ចំណុចដែលស្ដ្រីជាម្ដាយរូបនោះត្រូវឆ្លងមកកម្ពុជាវិញ គឺជាអូរព្រំដែន ហើយមានទឹកជន់ល្វឹងល្វើយ អាជ្ញាធរខ្មែរប្រចាំការព្រំដែនបានជួយអន្តរាគមន៍ ចម្លងពួកគេឱ្យឆ្លងផុតពីអូរព្រំដែននោះ តាមរយៈធុងជ័រសម្រាប់លាយបេតុង ដោយដាក់ស្ដ្រី និងកូនឱ្យដេកក្នុងធុងជ័រ និងឱបកូនជាប់លើទ្រូងបណ្តែតលើទឹកអមដំណើរដោយមន្ត្រីយោធាជាច្រើននាក់។
យ៉ាងណាស្ដ្រីនោះត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពបឹងបេង ស្រុកម៉ាឡៃដើម្បីជួយសង្គ្រោះបន្ត បន្ទាប់ពីការជួយសង្គ្រោះពីកងកម្លាំង៕