បន្ទាប់ពីព្រះរាជអាជ្ញាមិនអនុញ្ញាតឱ្យសកម្មជនបរិស្ថាន ៣ រូប នៃក្រុមចលនាមាតាធម្មជាតិចេញទៅក្រៅប្រទេសដើម្បីទទួលពានរង្វាន់ Right Livelihood ដោយផ្ទាល់ មានមហាជនជាច្រើនបានបញ្ចេញមតិលើបណ្ដាញសង្គមដោយលើកឡើងថា ការសម្រេចនោះជារឿងនយោបាយ។តែយ៉ាងណា ព្រះរាជអាជ្ញាតបថា ការទៅទទួលពាននេះគ្មានភាពចាំបាច់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
គិតត្រឹមរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ មានមហាជនចូលបញ្ចេញមតិរាប់រយនាក់បានបញ្ចេញមតិរិះគន់នៅក្នុងទំព័រហ្វេសប៊ុក ចលនាមាតាធម្មជាតិកម្ពុជា ឬ Mother Natural Cambodia ចំពោះព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ដែលមិនអនុញ្ញាឱ្យសកម្មជនទាំង ៣ រូបរួមមានកញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ចេញទៅក្រៅប្រទេសដើម្បីទទួលពានរង្វាន់ ក្រោមហេតុផលគ្មានភាពចាំបាច់។
អ្នកបញ្ចេញមតិខ្លះ បង្ហាញការសោកស្ដាយ និងខ្លះរិះគន់ខ្លាំងៗលើការសម្រេចរបស់ព្រះរាជអាជ្ញាដោយថា យករឿងនយោបាយមកពាក់ព័ន្ធ។ អ្នកខ្លះដាក់ជាចម្ងល់ដោយចោទសួរថា ហេតុដូចម្តេចត្រូវហាមក្រុមអ្នកស្រឡាញ់ធម្មជាតិទៅវិញ? តើធ្វើដូច្នេះដើម្បីអ្វី? គួរតែមានមោទកភាពចំពោះរូបគាត់ដែលបានធ្វើចំពោះជាតិ!។
ក្នុងចំណោមអ្នកបញ្ចេញមតិនេះដែរក៏មាន លោក មាជ សុវណ្ណរ៉ា អតីតមន្រ្តីគណបក្សប្រឆាំងបានលើកឡើងក្នុងសម្តីដើមថា រឿងអ្វីដែលមិនអនុញ្ញាត? ផលប្រយោជន៍ជាតិសោះ ហេតុផលនិន្នាការនយោបាយម្លេះលោកព្រះរាជអាជ្ញា? យើងចាស់ទុំជាអ្នកមុន គួរតែលើកទឹកចិត្តសកម្មភាពយុវជនជំនាន់ថ្មី ដែលចេះស្រឡាញ់ព្រៃឈើ សត្វ ការពារបរិស្ថាន។
ក្នុងរឿងនេះដែរក្រុមមាតាធម្មជាតិ កាលថ្ងៃអង្គារ ទី៣ ខែតុលា ម្សិលមិញ បានបង្ហោះការចុះផ្សាយអត្ថបទរបស់ស្ថាប័នសារព័ត៌មានអន្ដរជាតិជាច្រើន អំពីការទទួលបានពាន និងការហាមឃាត់របស់ព្រះរាជអាជ្ញាមិនឱ្យសកម្មជនទាំងនេះចេញទៅទទួលពានដោយផ្ទាល់ផងដែរ ដោយចាត់ទុកការសម្រេចនោះថាជាសេចក្តីសម្រេចបែបនយោបាយ ដោយមិនគិតគូរដល់ផលប្រយោជន៍ជាតិ ព្រមទាំងបានធ្វើឱ្យកម្ពុជារងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ។
គួររំលឹកបន្តិចថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមចលនាមាតាធម្មជាតិបានធ្វើសន្និសីទសារព័ត៌មានមួយដោយលើកឡើងថា ចំពោះពានរង្វាន់ Right Livelihoodនេះ ពួកគេសង្ឃឹមថា តុលាការនឹងទម្លាក់បទចោទប្រកាន់ដែលនៅសេសសល់លើសកម្មជនបរិស្ថាន ព្រោះអន្ដរជាតិគេសម្លឹងឃើញពីសកម្មភាពវិជ្ជមានរបស់ក្រុមខ្លួន ទើបគេសម្រេចប្រគល់ពានរង្វាន់នោះឱ្យ។
ជុំវិញរឿងនេះ វិទ្យុស្រ្តីបានសុំការបំភ្លឺពីលោក កែវ រ៉េមី ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា តែលោកជាប់រវល់។
ដោយឡែកលោក ថុន រដ្ឋា ជាសកម្មជនម្នាក់ក្នុងចំណោមបីនាក់ដែលត្រូវបានហាមនោះបានសរសេរសារលើហ្វេសប៊ុកលោកនៅថ្ងៃទី០៤ខែតុលានេះដោយចាត់ទុកថា ជារឹតត្បិត និងជាការប្រើហេតុផលបំបាក់ស្មារតី។
ដោយឡែកស្ថានប័ន Right livelihood កាលពីថ្ងៃម្សិលមិញ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយសម្ដែងការសោកស្ដាយដែលតំណាងទាំង៣នៃក្រុមចលនាមាតាធម្មជាតិ មិនត្រូវបានអនុញ្ញាឱ្យចេញក្រៅប្រទេសដូច្នេះ។ ស្ថាប័នអន្ដរជាតិមួយនេះ បានអំពាវនាវឱ្យមានការពិចារណាឡើងវិញនូវការសម្រេចចិត្តក្នុងការរារាំងអ្នកទាំងបីនាក់ក្នុងការទៅទទួលបានពានរង្វាន់ Right Livelihood ដោយផ្ទាល់។
គួរជម្រាបថា សកម្មជនទាំង ៣ ខាងលើបានធ្វើលិខិត ៣ ច្បាប់ដាច់ដោយឡែកពីគ្នា ដាក់ស្នើទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំចេញទៅប្រទេសស៊ុយអែត នាថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ដោយទៅទទួលពានរង្វាន់ដោយផ្ទាល់៕