en     km
en     km

ប្រជាពលរដ្ឋជាង១០គ្រួសារក្នុងខេត្តតាកែវកែច្នៃសំបកពោតធ្វើជាផ្កាសម្រាប់លក់នៅលើទីផ្សារ

Share

ភ្នំពេញ៖កន្លងមកសំបកពោតគេតែងតែបោះចោល បន្ទាប់ពីបរិភោគសាច់រួច ប៉ុន្តែសព្វថ្ងៃមានយុវជន ១រូប បានដឹកនាំអ្នកភូមិប្រមាណ១០នាក់ យកសំបកពោតមកច្នៃប្រឌិត ធ្វើជាផ្កាបានជាច្រើនប្រភេទសម្រាប់តាំងលម្អឬធ្វើជាវត្ថុអនុស្សាវរីយ៍ ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។

នេះជាប្រភេទផ្កាធ្វើពីសំបកពោតដែលអ្នកភូមិក្នុងខេត្តតាកែវធ្វើ។រូបភាពពីធារ៉ូ។

លោក វង្ស ហិរញ្ញនិយុទ្ធ ម្ចាស់ហាងផ្ទះផ្កាខ្មែរបានឱ្យដឹងថា ផ្ទះផ្កាខ្មែរ បានបង្កើតឡើងតាំងពីឆ្នាំ២០២១ ក្នុងអំឡុងពេលមានជំងឺកូវីដ-១៩ ពីព្រោះលោកមិនមានការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន។

សកម្មភាពផលិតក្នុងហាងផ្ទះផ្កាខ្មែរ។រូបភាពពីធារ៉ូ។

ហេតុដូចនេះ លោកក៏មានគំនិតច្នៃប្រឌិតមិនចង់ទុកពេលនៅទំនេរចោលឥតប្រយោជន៍ លោកក៏នឹកឃើញធ្វើផ្កាក្រដាសផុសលក់តាមfacebook ក៏មានការបញ្ជាទិញជាបន្ដបន្ទាប់។ លោកបន្ថែមថា ចំណុចពិសេសរបស់ផ្កានេះគឺជាផ្កាដែលច្នៃដោយដៃផ្ទាល់ ហើយវត្ថុធាតុដើមជាកាកសំណល់ដែលគេទុកចោល ដូចជា សំបកពោត ផ្កាពោត ស្លឹកចាក ស្លឹកត្នោត និងស្មៅ។

លោក វង្ស ហិរញ្ញនិយុទ្ធ ម្ចាស់ហាងផ្ទះផ្កាខ្មែរ។រូបភាពពីធារ៉ូ។

ចំណែកវិធីធ្វើលោករៀបរាប់ថា ដំបូងគេយកវាទៅសំដិលឱ្យស្ងួត រូចជ្រលក់ជាមួយទឹកថ្នាំពណ៌តាមសេចក្តីត្រូវការ មុននឹងរៀបផ្គុំជាបាច់ផ្កា កន្ត្រកផ្កា ថូផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ផ្សេងៗ។ សម្រាប់តម្លៃរបស់ផ្កាច្នៃពីសំបកពោតនេះគឺអាស្រ័យទៅលើម៉ូដផ្កានីមួយៗ ដូចជា ផ្កាកុលាប ផ្លាលីលី ផ្កាអ័រគីដេ ផ្កាឈូករ័ត្ន និងផ្ការំដួលជាដើម។

សកម្មភាពអ្នកភូមិក្នុងខេត្តតាកែវកំពុងបត់ផ្កាពីសំបកពោត។រូបភាពពីធារ៉ូ។

 បើក្រឡេកមើលលោក វិសាល ជាអ្នកភូមិនៅខេត្តតាកែវម្នាក់ ដែលជួយបត់ផ្កាពីសំបកពោតឱ្យហាងផ្ទះផ្កាខ្មែរ ក៏បានឱ្យដឹងថា បច្ចុប្បន្នលោក និងអ្នកភូមិប្រមាណ ១៣គ្រួសារ នៅពេលទំនេរពីការងារស្រែចម្ការ តែងតែមកចូលរួមយកសំបកពោតបត់ធ្វើជាផ្កា ដើម្បីបានប្រាក់ចំណូលបន្ថែម។ លោកក៏សំណូមពរ ដល់មហាជននានាជួយគាំទ្រផ្កាខ្មែរ ដើម្បីអាចឱ្យដំណើរការរីកចម្រើនទៅមុខ ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា សំខាន់គឺមានអតិថិជន ជួយគាំទ្រស្នាដៃកូនខ្មែរ និងសហគមន៍មានការងារធ្វើ មានប្រាក់ចំណូលបន្ថែមធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃល្អប្រសើរជាងមុន។

សកម្មភាពជ្រលក់ថ្នាំពណ៌លើសំកបពោត។រូបភាពពីធារ៉ូ។

ចំណែក កញ្ញា ហេង នីតា ជាអតិថិជនទិញផ្កាសំបកពោតពីហាងផ្ទះផ្កាខ្មែរ បានបង្ហាញការពេញចិត្តនៅពេលបានឃើញកូនខ្មែរអាចផលិតផ្កាពីសំបកពោត ហើយអាចជំនួសផ្កាស្រស់ ផ្កាជ័រ ឬផ្កានាំចូលបាន ហើយថែមទាំងមានគុណភាពល្អអាចរក្សាទុកបានយូរឆ្នាំថែមទៀតផង៕

សំបកពោតដែលត្រូវបានហាលបន្ទាប់ពីជ្រលក់ថ្នាំ។រូបភាពពីធារ៉ូ។

អត្ថបទខ្លីសរសេរដោយ ធារ៉ូ សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង