en     km
en     km

សមត្ថកិច្ចឃាត់ខ្លួនបានមេខ្យល់ពីរនាក់ប្ដីប្រពន្ធករណីនាំនារី ៧ នាក់ទៅធ្វើការនៅប្រទេសឡាវដោយខុសច្បាប់

Share

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជន បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកកាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ពីរនាក់ប្ដីប្រពន្ធស្ថិតក្នុងខេត្តបន្ទាយមានជ័យករណីនាំនារី ៧នាក់ ដោយខុសច្បាប់ទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងជួញដូរទៅកាន់ប្រទេសទី ៣។ ការអន្តរាគមន៍នេះបន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានទំនាក់ទំនងជាមួយមន្រ្តីប៉ូលីសឡាវ នៅក្នុងតំបន់នោះ។


ការស្រាវជ្រាវរកជនសង្ស័យឃើញនេះ បន្ទាប់ពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពាអនីតិជនបានទទួលព័ត៌មានពីគណនីហ្វេសប៊ុកឈ្មោះ Zeii Da សុំឱ្យជួយសង្គ្រោះនារីខ្មែរចំនួន ៦នាក់ ដែលត្រូវពួកមេខ្យល់បោកប្រាស់យកទៅធ្វើការ ជានារីខារ៉ាអូខេ នៅប្រទេសឡាវ និងបម្រុងលក់នារីទាំងនោះបន្តទៅប្រទេសទី៣។
លោកស្រី ស៊ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនថា នាយកដ្ឋានបានសហការ ជាមួយស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឡាវ ដើម្បីអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះជានារីទាំង៦នាក់ ក្នុងមាន៤នាក់ ជាអនីតិជន។


ក្រោយពីបានទទួលដំណឹងនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានទំនាក់ទំនងជាមួយមន្រ្តីប៉ូលីសឡាវ នៅតំបន់នោះ។ កម្លាំងប៉ូលីសឡាវបានរកឃើញទីតាំង និងជួយសង្រ្គោះពលរដ្ឋខ្មែរទាំង ០៦នាក់ និងបានបញ្ជូនទៅទីកន្លែងសុវត្ថិភាព។ នេះបើផ្អែកតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ។ យ៉ាងណានារីម្នាក់ទៀតដែលមានអាការៈមិនស្រួលខ្លួន និងងើបមិនរួចហើយស្នាក់នៅកន្លែងធ្វើការមិនបានទៅជាមួយនារី៦នាក់ទៀតនោះ នៅតែមិនទាន់មានការបញ្ជាក់ថា ជួយសង្គ្រោះបាននៅឡើយទេ។


គួរជម្រាបថា ការជួយសង្គ្រោះនារីទាំង៧នាក់នោះ បានធ្វើឡើងតាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ អគ្គកុងស៊ុលថា នឹងសម្របសម្រួលបញ្ជូនជនរងគ្រោះមកកម្ពុជាវិញ ក្នុងរយៈពេលឆាប់បំផុតតាមដែលអាចធ្វើបាន៕

Share

Image
Image
Image