en     km
en     km

បទយកការណ៍៖​ សិស្សមួយចំនួនបង្ហាញពីភាពមោះមុតក្នុងពេលប្រឡងឌីប្លូម

Share

ភ្នំពេញ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)សម្រាប់ឆ្នាំ ២០២២-២០២៣ បានប្រព្រឹត្តឡើងនាថ្ងៃទី ០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។  វិទ្យាល័យទួលអំពិល ស្ថិតសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដំណើរការ ការប្រឡងនេះយ៉ាងរលូន នាថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣នេះ ដោយសិស្សានុសិស្សម្នាក់ៗមានអារម្មណ៍យ៉ាងមុតមាំចំពោះសមត្ថភាពរបស់ខ្លួនក្នុងអំឡុងពេលប្រឡងនេះ។ ទន្ទឹមនឹងការប្រឡងពួកគេទាំងនោះដែលវិទ្យុស្ត្រីបានជួបសម្ភាសន៍ បានកំណត់គោលដៅសម្រាប់រៀនបន្តផងដែរ។ តទៅនេះ សូមស្តាប់បទយកការណ៍ ដែលរៀបចំជូនដោយ កញ្ញា ទាវ ឧស្សា ដោយមេត្រី៖

ទិដ្ឋភាពស្ងាត់ជ្រងំ ខណៈដែលសិស្សានុសិស្សក្នុងថ្នាក់កំពុងញាប់ដៃ ក្នុងការបំពេញកិច្ចការរបស់ខ្លួន គឺជាទិដ្ឋភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅវិទ្យាល័យទួលអំពិល។ ពេលចូលដល់ក្នុងទីធ្លាសាលារៀនមានទៅដោយដើមឈើធំៗ មានម្លប់យ៉ាងត្រជាត់  ខាងក្រៅថ្នាក់មានម៉ូតូជាច្រើនគ្រឿង ដែលជាមធ្យោបាយសម្រាប់សិស្សានុសិស្សមកប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដោយខ្លួនឯង ឯសិស្សខ្លះទៀតមានអាណាព្យាបាលជូនមកប្រឡងផ្ទាល់។ ក្រឡែកមើលស្តាំដៃឃើញមានស្ត្រីម្នាក់វ័យប្រមាណជាង៤០ឆ្នាំអង្គុយក្រោមដើមឈើក្នុងទីធ្លាសាលានោះ  កំពុងចាំកូនដោយអារម្មណ៍រំភើប និងទន្ទឹងមើលផ្លូវកូនចេញពីបន្ទប់ប្រឡង។ នោះគឺ អ្នកស្រី  មករា ដែលជាម្តាយរបស់សិស្សដែលកំពុងប្រឡងនោះ បានប្រាប់វិទ្យុស្រ្តីថា កូនរបស់អ្នកស្រីបានត្រៀមខ្លួនរួចជាស្រេចទាំងចំណេះដឹង និងសម្ភារៈនានាសម្រាប់ការប្រឡងនេះ។ 

សំឡេង៖ «កូនបានក្រោកតាំងពីព្រឹកម៉ោង ៥ រៀបចំខ្លួនក្នុងសម្លៀកបំពាក់សិស្សសាលា សំពត់ខៀវ អាវស និងមានកាតសិស្ស។» «គាត់ម្ងៃៗគាត់តែងតែកាន់សៀវភៅមេរៀនសម្រាប់ពេលប្រលងនឹង គាត់មើល គេង ដើរ គាត់កាន់មេរៀនមើលជាប់ម៉ង ត្រៀមគាត់ខ្លាចធ្លាក់» 

អ្នកស្រី  មករា ជាម្តាយរបស់សិស្ស ឈុនណៃ ម៉ាលីដែត

បន្ទាប់ពីអង្គុយបានមួយសន្ធុះ ជួងដែលបញ្ជាក់ការប្រលងបានបញ្ចប់ក៏បានបន្លឺឡើង យុវតី ឈុនណៃ ម៉ាលីដែត ដែលជាកូនស្រីរបស់អ្នកស្រី មករា បានដើរសំដៅចេញពីបន្ទប់ប្រឡងមករកម្ដាយដោយមាន​អារម្មណ៍សប្បាយរីករាយ។  យុវតីម៉ាលីដែត ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ បានបង្ហាញដឹងឱ្យថា ការប្រឡងនេះកញ្ញាអាចធ្វើបាន និងធ្វើដោយសមត្ថភាពរបស់ខ្លួនឯងផ្ទាល់ ព្រោះកញ្ញាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡងនេះ។

សំឡេង៖  «ខ្ញុំធ្វើបានគ្រាន់បើ​»« លោកគ្រូរាងអត់សូវអីដែរ ហើយក្នុងថ្នាក់អត់សូវមានអ្នកលួចមើលទេ ធ្វើដោយខ្លួនឯង» «ខ្ញុំរៀបចំមើលមេរៀន​ ទន្ទេញដើម្បីមុខវិជ្ជាប្រឡង ខ្ញុំរៀនធ្វើលំហាត់»។

បន្ថែមពីនេះ អ្នកស្រីមករា ដែលជាម្ដាយជឿជាក់កូនរបស់អ្នកស្រីនឹងចូលរួមការប្រឡងនេះបានយ៉ាងរលូន តែអ្នកស្រីមិនដាក់ការរំពឹងលើកូនចំពោះនិទ្ទេសអ្វីនោះឡើយ។  «ចាស​សង្ឃឹម​តាសអូន ព្រោះគាត់ខំ ខ្ញុំថាសង្ឃឹម ៨០ ភាគរយចុះ» «រឿង​​និទ្ទេសនឹងដូចជា មិនទាន់ហ៊ានថា សំខាន់ឱ្យជាប់សិនទៅ ព្រោះធ្លាប់កូនប្រុសគាត់ប្រឡងបាក់ឌុប គិតចង់ថាឱ្យបាននិទ្ទេសល្អ ប៉ុន្តែដល់ពេលជាក់ស្តែងដល់ពេលប្រឡងវាតឹងតែងខ្លាំង ចឹងទៅបានតាសជាប់ បាច់ចាំនិទ្ទេសក៏បានដែរ។» 

ជាមួយគ្នានេះដែរ មានសិស្សានុសិស្សស្រីប្រុសមួយក្រុមបានដើរសំដៅចេញពីមណ្ឌលប្រឡង ក្នុងនោះកញ្ញា គង់កែវ កក្កដា អាយុ ១៦ឆ្នាំ បានបង្ហាញអារម្មណ៍ថា ការប្រឡងប្រពឹត្តិដោយមានការតឹងរឹង ប៉ុន្តែយ៉ាងណាយុវតីរូបនេះក៏មានសង្ឃឹមលើខ្លួនឯងផងដែរ។ 

សំឡេង៖ «​អូយបងអើយ ភ័យខ្លាំងហាសដូចគេមកចិញ្រ្ជាំយើងទាំងរស់ចឹង សប្បាយផងពិបាកផង ដោយសារអនុរក្សតឹងនិងពិបាក ងាកមើលគ្នាក៏អត់កើតដែរបង។​» «សង្ឃឹមលើខ្លួនឯង ៥០/៥០ ដែរ ព្រោះយើងខំតាំងពីណា ពីណីមកដល់ប៉ុណ្ណឹងហើយ​បើអត់ចេះទៀត វាពិបាកដែរ» ​ «ខ្ញុំត្រៀមបានតាសមុន១០ថ្ងៃនឹងបង ដោយសារម៉ាក់ខ្ញុំឈឺផង ហើយរវល់ការងារ​​ច្រើន ចឹងបានអត់មើលមេរៀនច្រើនដែរ។»

យុវតី គង់កែវ កក្កដា ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ 

ខណៈពេលដែលខ្លួនកំពុងស្ថិតក្នុងការប្រឡងឌីប្លូម កក្កដាបានណែនាំដល់ប្អូនៗជំនាន់ក្រោយដែលកំពុងរៀនទី ៧ និង ៨ ឱ្យខិតខំរៀនសូត្រនិងត្រូវស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់ពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនឯង។

សំឡេង​៖ «ខំប្រឹងរៀន បើសិនជាយើងមើលទៅចំណេះដឹងរបស់យើងចេះអ្វីខ្លះ ហើយនឹងខ្យោយអ្វីខ្លះ ចឹងយើងចាប់យកអ្វីដែលខ្សោយឱ្យខ្លាំងជាងពេលដែលយើងរៀនអ្វីដែលល្មងៗ ដូចខ្ញុំ ខ្ញុំខ្សោយគណិតរូប គីមីចឹង ខ្ញុំខំមើលអាណឹងឱ្យច្រើនជាង ហើយយើងត្រូវការរកគ្រូរៀនបន្ថែមទៀតដូចគួរនៅផ្ទះនៅសាលាណាដែលមានគ្រូបង្រៀនអាចរៀនបាន។»

ងាកមកយុវជន នុន សុវណ្ណចិត្រា ដែលមានឯកសណ្ធានជាសិស្សសាលាខោខ្មៅ អាវស បន្ទាប់ពីចេញពីប្រឡងបានប្រាប់វិទ្យុស្រ្តីថា ខ្លួនមានសង្ឃឹមយ៉ាងមុតមាំក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅពេលនេះ។

សំឡេង៖ «ខ្ញុំមានសង្ឃឹមខ្ពស់ ព្រោះខ្ញុំជឿជាក់លើខ្លួនឯង «មុខពេលប្រឡងបានត្រៀមខ្លួនច្រើន ដំបូងត្រៀមខ្លួនខ្ញុំដោយការមើលមេរៀន​​ឱ្យចាំ​ហើយត្រូវមកសាលាឱ្យទាន់ពេល»

យុវជន នុន សុវណ្ណចិត្រា ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ 

ក្រៅប្រឡងបញ្ចប់ថ្នាក់ទី៩ រួច​ចិត្រាក៏បានសម្រេចគោលដៅជ្រើសរើសមុខវិជ្ជារៀនបន្តថ្នាក់វិទ្យាល័យផងដែរ។

សំឡេង៖ «ក្រោយថ្នាក់ទី​៩​ចប់ ខ្ញុំសម្រចចិត្តជ្រើសយកវិទ្យាសាស្រ្តពិត ពីព្រោះវិទ្យាសាស្រ្តពិតសំបូរទៅដោយជំនាញច្រើនដែលខ្ញុំចូលចិត្ត ហើយណាមួយល្អដែលសម្រាប់ខ្ញុំនាថ្ងៃអនាគត។»

ថ្នាក់វិទ្យាសាស្រ្តពិត ជាមុខវិជ្ជាដែលផ្តោតសំខាន់ទៅលើគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវិវិទ្យា ឬមុខវិជ្ជាដែលពាក់ព័ន្ធខាងវិទ្យាសាស្រ្តពិត។ ចំណែកឯថ្នាក់វិទ្យាសាស្រ្តសង្គម ជាមុខវិជ្ជាដែលផ្តោតសំខាន់ទៅខាងមេរៀនដែលពាក់ព័ន្ធនិងមុខវិជ្ជាសង្គម ដូចជាអក្សរសាស្រ្តខ្មែរ ប្រវត្តវិទ្យា និងភូមិវិទ្យាជាដើម។ ស្រដៀងគ្នានឹងចិត្រា យុវជនម្នាក់ទៀត ឈ្មោះ ហ វ៉ាន់ឌីបានឱ្យដឹងថាដែរក្រោយពេលប្រឡងខ្លួននឹងជ្រើសរើសមុខវិជ្ជា វិទ្យាសាស្រ្តពិត ដែលជាមុខវិជ្ជាដែលត្រូវចំណង់ចំណូលចិត្តរបស់ខ្លួន។

សំឡេង៖ « វិទ្យាសាស្រ្ត ដោយសារខ្ញុំមានចំណូលចិត្តការគណនាច្រើនជាង និងនឹងត្រូវជំនាញដែលខ្លួនជ្រើសបន្ទាប់ពីរៀនចប់ថ្នាក់ទី១២ ដែលខ្លួននឹងត្រៀមរៀនជំនាញ វិស្វករ។

ចំពោះការជ្រើសរើសមុខវិជ្ជាដែលត្រៀមសម្រាប់ថ្នាក់វិទ្យាល័យខាងមុខ អ្នកស្រីមករា ដែលជូនកូនស្រីឈ្មោះម៉ាលីដែត មកប្រឡង អះអាងថានឹងផ្តល់ឱកាសដល់កូនជាអ្នកជ្រើសរើសមិនថា​ មុខវិជ្ជាវិទ្យាសាស្រ្តសង្គម ឬវិទ្យាសាស្រ្តពិតឡើយ។ សំឡេង«គាត់ជ្រើសខ្លួនឯង តែគាត់សួរយោបល់ពីខ្ញុំដែរ ថាគាត់គួរយកវិទ្យាសាស្ត្រឬសង្គមចឹង» 

មិនខុសពីសិស្សដទៃទៀតឡើយលោក ស៊ីម ហុងសួគ៌ ដែលកំពុងបរិភោគអាហារជាមួយមិត្ត ក្រោយដើមឈើរបស់សាលា បានបង្ហាញអារម្មណ៍ថា​ អំឡុងពេលប្រឡងមានអារម្មណ៍ថាក៏ភ័យគួរសមផងដែរ។ ព្រមទាំងបានណែនាំប្អូនៗជំនាន់ក្រោយ កុំឱ្យបណ្តោយខ្លួនអំឡុងពេលរៀន។ សំឡេង៖ «ខ្ញុំសុំឱ្យប្អូនៗទី៨ ដែលឡើងមកឆ្នាំក្រោយទី ៩ ឱ្យគាត់ឡើងមកឱ្យខំប្រឹងរៀន កុំបណ្តោយខ្លួនពេក ព្រោះអីពេលយើងខ្សោយទៅ តាសឡើងទី១២​ចប់ហើយ ។»

យុវជន ស៊ីម ហុងសួគ៌ (ខាងធ្វេងដៃ )ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ 

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំ ២០២២-២០២៣នេះ ក្រសួងចាត់តាំងឱ្យគ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុ និងប្រកាសលទ្ធផលនៅតាមគ្រឹះស្ថានមធ្យមសិក្សានីមួយៗ។ ការប្រឡងនេះ មានបេក្ខជនប្រឡងតាមគ្រឹះស្ថានសាធារណៈ និងឯកជន សរុបចំនួន ១៧៨ ១៣៤(ជាង១៨ ម៉ឺននាក់) ក្នុននោះសិស្សស្រីចំនួនក្នុងស្រី ៩៤៨០៥នាក់ (ប្រមាណ៩ ម៉ឺននាក់) ដែលមានមណ្ឌលប្រឡងសរុបចំនួន ១៧៤៣ មណ្ឌល និងមានបន្ទប់ចំនួនសរុប ៨០៩០ បន្ទប់។ ក្នុងចំណោមបេក្ខជនចូលរួមប្រឡងទាំងនោះ មានបេក្ខជនស្វៃរិនមានចំនួន ១០នាក់ ស្រី៦នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន ៧២៨នាក់ ស្រី១៧៥នាក់ បេក្ខជនគថ្លង់ចំនួន ២៧នាក់ស្រី៨នាក់ និងបេក្ខជនពិការភ្នែកចំនួន ២២នាក់ ស្រី១០នាក់។ នេះយោងតាមការឱ្យដឹងពី លោកស្រី ឃួន​ វិច្ឆិកា​ ជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា៕

 

 

 

 

 

 

 

 

Share

Image
Image
Image