ទស្សនៈមួយតែងលើកឡើងថា កូនរៀនពូកែដោយសារពូជ ប៉ុន្តែបើកូនរៀនមិនចេះ គឺដោយសារគ្រូមិនកើត។ ផ្នត់គំនិតខ្មែរមួយចំនួនហាក់នៅតែលម្អៀង ហើយមិនសូវផ្តល់កិត្តិយសដល់គ្រូបង្រៀននោះទេ។ ប៉ុន្តែអាណាព្យាបាលនិងសិស្សានុសិស្សមួយចំនួនធំនៅតែមើលឃើញពីគុណសម្បត្តិរបស់គ្រូបង្រៀនដដែល។ ខណៈថ្ងៃនៃទិវាគ្រូបង្រៀនពិភពលោក ៥ តុលា កាន់តែខិតជិតចូលមកដល់ ក្រុមសិក្ខាកាមនៃWMC បានចុះសម្ភាសសិស្សានុសិស្សមួយចំនួនជុំវិញទស្សនៈរបស់ពួកគេចំពោះគ្រូបង្រៀន។
ផ្អែកតាមការសម្ភាសផ្ទាល់ពីសិស្សានុសិស្ស ពួកគេយល់ឃើញប្រហាក់ប្រហែលគ្នាថា គ្រូបង្រៀនជាអ្នកមានគុណនិងជួយពួកគេឱ្យក្លាយជាមនុស្សមានចំណេះដឹងពេញលេញប្រកបដោយធនធានក្នុងសង្គម។
ក្នុងរឿងនេះគុណម្ចាស់ សាន សុផាត ជានិស្សិតនៅខេត្តកំពតមានសង្ឃដីកាថា គ្រូបង្រៀនបានលះបង់កម្លាំងកាយចិត្ត ដើម្បីបណ្ដុះធនធានមនុស្សនៅក្នុងសង្គម ហើយក្នុងនោះក៏បានជួយឱ្យគុណម្ចាស់ផ្ទាល់ស្គាល់នូវអ្វីល្អ អ្វីអាក្រក់ និងបង្រៀនឱ្យយល់ដឹងខំប្រឹងប្រែងក្នុងដំណើរជីវិត។
គុណម្ចាស់អង្គនេះមានសង្ឃដីកាបន្ថែមថា៖«បើមិនបានទទួលការអប់រំពីគ្រូកន្លងមកទេ ម្ល៉េះស្មើនេះមិនដឹងថា ជីវិតរបស់គុណម្ចាស់នឹងក្លាយទៅជាយ៉ាងណាទេ ពួកគាត់ប្រៀបដូចជាឪពុកម្តាយទី២អ៊ីចឹង។ ក្នុងថ្ងៃទិវាគ្រូបង្រៀនខាងមុខនេះ គុណម្ចាស់ក៏បានជូនពរលោកគ្រូ អ្នកគ្រូគ្រប់រូប ឱ្យជួបប្រទះតែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ទិវា អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ »
គុណម្ចាស់ សាន សុផាត។រូបភាពពី សាត ឌិច។
ចំណែកយុវសិស្ស ស្រ៊ីន ពេជ្រកញ្ញា ដែលជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យឧត្តមវិជ្ជា បានបង្ហាញអារម្មណ៍ត្រេកអរចំពោះការអប់រំទូន្មានរបស់លោកគ្រូ អ្នកគ្រូ ទោះបីជាគ្រូៗពេលខ្លះមានវិន័យតឹងរ៉ឹង ឧស្សាហ៍ដាក់កិច្ចការឱ្យធ្វើច្រើន និងចូលចិត្តស្តីបន្ទោសច្រើនក៏ពិតមែន ប៉ុន្តែបំណងរបស់គ្រូមានតែមួយទេ គឺចង់ឃើញកូនសិស្សមានអនាគតល្អ។ ឆ្លៀតក្នុងឱកាសទិវាគ្រូបង្រៀននេះយុវសិស្សរូបនេះសូមអភ័យទោសរាល់កំហុសឆ្គងផ្សេងៗដោយអចេតនា និងសូមអរគុណសម្រាប់ការជួយឱ្យកញ្ញាក្លាយជាមនុស្សរឹងមាំនិងជាមនុស្សក្លាហានមួយរូប។ កញ្ញាចាត់ទុក គ្រូបង្រៀន ជាគំរូដ៏ល្អរបស់កញ្ញានិងប្រទេសជាតិ។
យុវសិស្ស ស្រ៊ីន ពេជ្រកញ្។រូបភាពពី សាត ឌិច។
ជាមួយគ្នានេះដែរ យុវសិស្ស ហ៊ាង ពៅ ជាសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បានបង្ហាញអារម្មណ៍ស្រដៀងគ្នានេះថា លោកគ្រូ អ្នកគ្រូ ពិតជាបានចំណាយកម្លាំងកាយចិត្តក្នុងការផ្ដល់ចំណេះដឹងនិងដំបូន្មានល្អៗ ដើម្បីឱ្យសិស្សក្លាយខ្លួនជាកុមារល្អនិងពលរដ្ឋល្អនៅក្នុងសង្គម។ យុវសិស្សរូបនេះបន្ថែមទៀតថា គ្រូបង្រៀនប្រៀបដូចជាឪពុកម្ដាយទី២ បើគ្មានគ្រូបង្រៀនទេ ធនធានមនុស្សក៏មិនអាចកើតមានបានដែរ។
យុវសិស្ស ហ៊ាង ពៅ។រូបភាពពី សាត ឌិច។
ចំណែកយុវសិស្ស ម៉ូ មួយហ៊ាង ជាសិស្សថ្នាក់ទី៩ នៅសាលារៀនសុវណ្ណភូមិ បានលើកឡើងថា លោកគ្រូ អ្នកគ្រូតែងតែផ្តល់ចំណេះដឹងនិងលើកទឹកចិត្តសិស្សរហូត ដោយកញ្ញាគ្មានថ្ងៃបំភ្លេចគុណដ៏ធំធេងនេះបានឡើយ ហើយនឹងខិតខំរៀនសូត្រឱ្យបានពូកែ ដោយមិនឱ្យលោកគ្រូ អ្នកគ្រូខកបំណងឡើយ។ ចុងក្រោយ កញ្ញាក៏បានជូនពរដល់លោកគ្រូអ្នកគ្រូទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខនិងសម្រេចជោគជ័យគ្រប់ភារកិច្ច។
យុវសិស្ស ម៉ូ មួយហ៊ាង។រូបភាពពី សាត ឌិច។
រីឯយុវសិស្ស សេង សុភា ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បាននិយាយថា ទោះបីមេឃភ្លៀង ឬជាប់រវល់យ៉ាងណាក៏លោកគ្រូ អ្នកគ្រូ នៅតែឆ្លៀតមកបង្រៀនសិស្សដែរ។ ក្នុងឱកាសទិវាគ្រូបង្រៀននេះ កញ្ញាជូនពរលោកគ្រូ អ្នកគ្រូ ឱ្យមានសុខភាពល្អ រកស៊ីទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារ។
សេង សុភា ឈរជាប់គ្រូដៃកាន់ម៉ាស់។រូបភាពពី សាត ឌិច។
គួររំឭកផងដែរថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃទិវាគ្រូបង្រៀនពិភពលោក ហើយក្រសួងអប់រំយុវជន និងកីឡា ក៏បានរៀបចំកម្មវិធីយ៉ាងអធិកអធមក្រោមប្រធាន “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”។ ដូច្នេះដើម្បីជាការដឹងគុណ សិស្សានុសិស្សអាចចែករំលែកក្តីស្រឡាញ់ដល់ពួកគាត់តាមរយៈអំណោយ ឬជាសារជូនពរក៏បាន ដើម្បីឱ្យគាត់បានឃើញពីទឹកចិត្តនិងក្តីស្រឡាញ់ដែលយើងមានចំពោះគ្រូបង្រៀន៕
អត្ថបទខ្លីសរសេរដោយ សាត ឌិច សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕