បន្ទាប់ពីផ្អាកតួនាទីប្រធានមន្ទីរកសិកម្មខេត្តកោះកុងរយៈពេលជាង ១ ខែកន្លងមកនេះ ក្រសួងកសិកម្មនៅមិនទាន់ស្រាវជ្រាវរកឃើញ និងវាយតម្លែទោសកំហុសរបស់ប្រធានមន្ទីររូបនោះបាននៅឡើយទេ តែយ៉ាងណាក្រសួងថានឹងបង្ហាញជាសាធារណៈ បើមានការសម្រេចណាមួយ។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
គិតមកដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ មានរយៈពេលជាងមួយខែមកហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការស៊ើបអង្កេតលើករណីមន្ដ្រី២រូប ដែលបម្រើការនៅមន្ទីរកសិកម្មខេត្តកោះកុង ផ្ទុះរឿងរ៉ាវនៃភាពមិនប្រក្រតីកើតឡើង។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបានប្រាប់វិទ្យុស្ដ្រីថា សំណុំរឿងនេះកំពុងស្រាវជ្រាវបន្ដទៀត និងធ្វើការវាយតម្លៃដើម្បីរកទោសកំហុស បើមានការសម្រេចក្រសួងនឹងបង្ហាញជាសាធារណៈ។
គួរជម្រាបថា មន្ដ្រី២រូបដែលមានការសង្ស័យនោះ មានលោក អ៊ី ម៉េងលាង ជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងលោក ព្រំ សុវណ្ណា ជានាយផ្នែករដ្ឋបាលជលផលបូទុមសាគរ តែត្រូវទៅបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុងជាបណ្តោះអាសន្ន ក្រោយលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម ផ្អាកតួនាទីលោក អ៊ី ម៉េងលាង កាលពីដើមខែកញ្ញា ឆ្នាំ២០២៣។
មូលហេតុឈានទៅបញ្ឈរជើងតួនាទីប្រធានមន្ទីរកសិកម្ម ហើយធ្វើការស៊ើបអង្កេតនេះដោយសារលោក អ៊ី ម៉េងលាង មានជាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យទូកនេសាទវៀតណាម និងថៃ ចូលមកនេសាទទិន្នផលសមុទ្រពីស្រុកខ្មែរទៅលក់នៅប្រទេសគេវិញដោយគ្មានលិខិតអនុញ្ញាត។ ចំណែកលោក ព្រំ សុវណ្ណា ជាប់ពាក់ព័ន្ធនិងរឿងប្រមូលលុយប្រជាពលរដ្ឋដើម្បីធ្វើស៊ុមចិញ្ចឹមក្រែងឈាម ខណៈច្បាប់ចិញ្ចឹមក្រែងឈាមរបស់ប្រជាពលរដ្ឋមិនតម្រូវឱ្យបង់ប្រាក់ទេ។
មន្ដ្រីនាំពាក្យក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ថា ប្រសិនបើរកឃើញថា មានភាពមិនប្រក្រតីពិតប្រាកដមែន នោះក្រុមប្រឹក្សាវិន័យនឹងដាក់វិន័យតាមលក្ខន្តិកៈមន្ដ្រីរាជការ និងទៅតាមកម្រិតនៃទោសកំហុស។
ស្របពេលផ្អាកតួនាទី លោក អ៊ី ម៉េងលាង នេះលោករដ្ឋមន្ដ្រីកសិកម្ម ឌិត ទីណា បានសម្រេចឱ្យលោកស្រី អែម សុធារ៉ា ដែលជាអនុប្រធានមន្ទីរ ទទួលបន្ទុករួមនៃមន្ទីរកសិកម្មខេត្តកោះកុង រហូតដល់មានការសម្រេចជាថ្មីរបស់ក្រសួងកសិកម្ម៕