en     km
en     km

ការលំបាករកសៀវភៅអានជំរុញឱ្យយុវតីជនជាតិដើមភាគតិចម្នាក់ក្លាយជាស្ថាបនិកបណ្ណាល័យភូមិដ៏មានប្រជាប្រិយភាព

Share

បច្ចុប្បន្ននេះទោះបីជាមានបច្ចេកវិទ្យាមានភាពទំនើបៗច្រើនដែលអាចឱ្យមហាជនងាយស្រួលស្វែងរកឯកសារឬសៀវភៅអានតាមរយៈបណ្តាញបច្ចេក វិទ្យា និងតាមអេបទូរស័ព្ទក្តី តែសម្រាប់ក្មេងៗរស់នៅតាមតំបន់ដាច់ស្រដាលដូចជាតំបន់ភូមិភាគឦសានដែលសម្បូរជនជាតិដើមភាគតិចរស់នៅនោះ នៅតែមានការលំបាកក្នុងការស្វែងរកសៀវភៅអាននៅឡើយ។

សកម្មភាពកញ្ញា ខន រក្សា និងក្រុមការងារចុះចែកសម្ភារៈសិក្សាដល់សិស្សតំបន់ដាច់ស្រយោលដែលពុំសូវមានលទ្ធភាពទិញសៀវភៅសិក្សា។រូបភាពពី គង់ ប៊ុនថន។

បុព្វហេតុទាំងនេះហើយ បានជំរុញឱ្យយុវតីជនជាតិដើមភាគតិចម្នាក់ប្រឹងប្រែងកៀរគររកជំនួយបង្កើតនូវបណ្ណាល័យតាមភូមិដើម្បីឱ្យកុមារជនជាតិដើមភាគតិចបានទទួលការអប់រំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ យុវតីជនជាតិដើមភាគតិចម្នាក់នោះមាននាមថា ខន រក្សា ។

កញ្ញា ខន រក្សា រៀបរាប់ប្រាប់សិក្ខាកាមWMCថា កញ្ញាបានមើលឃើញពីភាពលំបាករបស់កុមារតូចៗជាជនជាតិភាគតិចដែលពួកគេពុំសូវមានលទ្ធភាពស្វែងរកសៀវភៅអានដូចក្មេងៗតាមទីប្រជុំជននិងទីក្រុង ។ សង្រេងក្នុងចិត្តយុវតីកញ្ញា ខន រក្សា ក៏បានបង្កើតបណ្ណាល័យភូមិនៅចុងឆ្នាំ២០១៨។ 

កញ្ញា ខន រក្សា បានចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីចែករំលែកចំណេះដឹងដល់កុមារៗតាមទីជនបទដែលខ្វះលទ្ធភាពទិញសៀវភៅអាន។រូបភាពពី គង់ ប៊ុនថន។

មានរាងតូចស្តើង ពាក់វ៉ែនតាផង កញ្ញា ខន រក្សា ដែលជាជនជាតិដើមភាគតិចផងនោះបានមើលឃើញពីភាពលំបាករបស់ក្មេងៗជនជាតិដើមភាគតិចរស់នៅតំបន់ដា​ច់ស្រយោលចំពោះការស្វែងរកសៀវភៅអាន ព្រោះកត្តាសាលានិងបណ្ណាល័យនៅឆ្ងាយពីផ្ទះ។ សម្រាប់ រក្សា ក្មេងៗជនជាតិដើមភាគតិច ការណ៍បើចង់អានសៀវភៅ ពួកគេត្រូវចំណាយពេលធ្វើដំណើរលើចំណាយផ្លូវឆ្ងាយពីផ្ទះទើបអាចបានអានសៀវភៅនៅបណ្ណាល័យក្នុងសាលារបស់ពួកគេ។

សកម្មភាពក្រុមការងារកញ្ញា ខន រក្សា ចុះដឹកនាំសិស្សធ្វ់ើអនាម័យតាមភូមិ។រូបភាពពី គង់ ប៊ុនថន។

ដោយមើលឃើញពីទុក្ខលំបាករបស់កុមារៗបែបនេះ យុវតី ខន រក្សា បានផ្តួចផ្តើម​គំនិតបង្កើតបណ្ណាល័យភូមិសម្រាប់កុមារតូចៗ ដើម្បីឱ្យពួកគេមានឱកាសអានសៀវភៅក្នុងភូមិដែលពួកគេរស់នៅដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយទៅបណ្ណាល័យក្នុងសាលាទៀតនោះទេ។ «បណ្ណាល័យភូមិ» បានចាប់ផ្ដើមបង្កើតតាមខេត្តមួយចំនួន ដូចជា បាត់ដំបង សៀមរាម ឧត្តរមានជ័យ និងបច្ចុប្បន្នកំពុងបន្តគម្រោងនៅខេត្តរតនៈគិរីទឹកដីភូមិភាគឦសានប្រទេស កម្ពុជាហើយ។

កុមារតាមទីជនបទពិសេសកុមារជនជាតិដើមភាគតិចពុំសូវទទួលបានការសិក្សាពេញលេញនិងការអានសៀវភៅបានល្អប្រសើរដូចក្មេងៗតាមទីក្រុងនោះទេ។រូបភាពពី គង់ ប៊ុនថន។

កញ្ញា ខន រក្សា និយាយថា៖«ខ្ញុំចាប់ផ្ដើមបង្កើតបណ្ណាល័យភូមិនៅចុងឆ្នាំ២០១៨ គោលបំណងគឺ ខ្ញុំមើលឃើញថា ការអានសៀវភៅជាពិភពមួយនៃក្ដីសុខរបស់ខ្ញុំ ទើបខ្ញុំចង់ចែករំលែកក្ដីសុខរបស់ខ្ញុំទៅកាន់មនុស្សជុំវិញខ្លួនតាមរយៈការអានសៀវភៅដូចគ្នា និងចង់ជួយផ្សព្វផ្សាយពីគុណតម្លៃនៃអំណាននៅប្រទេសកម្ពុជា ពិសេសផ្ដល់ឱកាសដល់យុវជន ក៏ដូចជាប្អូនៗកុមារនៅទីជនបទមានឱកាសទទួលបានចំណេះដឹង និងមានសៀវភៅអានដូចកុមារនៅទីក្រុងដែរ។»

សកម្មភាពកុមារអានសៀវភៅតាមរយៈ«បណ្ណាល័យភូមិ»របស់កញ្ញា ខន រក្សា។រូបភាពពី គង់ ប៊ុនថន។

កញ្ញា ខន រក្សា ៖«គោលបំណងមួយទៀតនោះ ខ្ញុំយល់ថា ជាផ្នែកតូចមួយដែលខ្ញុំអាចចាប់ផ្ដើមជួយសង្គមរបស់ខ្ញុំបានតាមសកម្មភាពតូចៗ សាមញ្ញតាមលទ្ធភាព និងជំនាញរបស់ខ្ញុំ ដើម្បីជួយផ្លាស់ប្ដូរសហគមន៍ពីភាពអវិជ្ជាមានទៅវិជ្ជមានតាមរយៈជាគំរូ បណ្ដុះស្មារតីឱ្យកុមារចាប់ផ្ដើមកាន់សៀវភៅអាន និងកាន់តែស្រឡាញ់ការសិក្សាអប់រំពីតូចទៅ រហូតពួកគាត់អាចឈានដល់ការបញ្ចប់ការសិក្សាក្នុងថ្នាក់វិទ្យាល័យ បន្តចូលថ្នាក់សកលវិទ្យាល័យបានដោយងាយខ្លួនឯង។»

កញ្ញា ខន រក្សា។ រូបភាពពី គង់ ប៊ុនថន។

កញ្ញា ខន រក្សា បន្តថា សម្រាប់សកម្មភាពរបស់ខ្លួនពុំទាន់មានជំនួយ ឬការគាំទ្រធំដុំនៅឡើយនោះទេ គឺកញ្ញាស្វែងរកជំនួយតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គម និងមិត្តភក្តិដែលស្គា​ល់គ្នាឱ្យជួយផ្សព្វផ្សាយដើម្បីរៃអង្គាសថវិកា សម្ភារៈសិក្សា និងសៀវភៅយកមកដាក់បណ្ណាល័យសម្រាប់កុមារនៅភូមិដាច់ស្រយាល។

សកម្មភាពបណ្ណាល័យភូមិរបស់ក្រុមការងារកញ្ញា ខន រក្សា។រូបភាពពី គង់ ប៊ុនថន។

បច្ចុប្បន្នគម្រោងសាងសងបណ្ណាល័យជូនដល់កុមារៗជនជាតិដើមតិចចារ៉ាយស្ថិតនៅខេត្តរតនគិរីរបស់«បណ្ណាល័យភូមិ»គឺត្រូវចំណាយរហូតដល់ជាង ៣០០០$ តែជាក់ស្ដែង គម្រោងនេះទើបតែរៃអង្គាសបានប្រហែល២០%ទៅ៣០%នៃថវិការដែលត្រូវសាងសងអាគារមួយតែប៉ុណ្ណោះ។

សកម្មភាពបណ្ណាល័យភូមិរបស់ក្រុមការងារកញ្ញា ខន រក្សា។រូបភាពពី គង់ ប៊ុនថន។

កញ្ញា ខន រក្សា ​បន្ថែមទៀតថា គម្រោងបបណ្ណាល័យភូមិបច្ចុប្បន្នប្រទះការលំបាកក្នុងការស្វែងរកថវិកា ដ្បិតមិនសូវមានអ្នកស្គាល់ ។ តែយ៉ាងណា យុវតីដើមកំណើតជនជាតិដើមភាគតិចរូបនេះ ប្តេជ្ញាមិនបោះបង់គម្រោងមួយនេះឡើយ ទោះបីមានការយឺតជាងការគ្រោងទុក ក៏ក្រុមការងារនៅតែអត់ធ្មត់ព្យាយាមស្វែងរកជំនួយដើម្បីអាចសាងសង់អាគារបណ្ណាល័យទាំងមូលដល់ក្មេងៗក្នុងភូមិបានស្វ័យសិក្សាបន្ថែមបន្ទាប់ពីរៀននៅសាលារដ្ឋ។

សកម្មភាពបណ្ណាល័យភូមិរបស់ក្រុមការងារកញ្ញា ខន រក្សា។រូបភាពពី គង់ ប៊ុនថន។

សម្រាប់កញ្ញា បណ្ណាល័យនៅក្នុងភូមិសម្រាប់កុមារអានសៀវភៅនេះ ប្រ់ៀបដូចជាវេទិកាសម្រាប់ពួកគេបានជួបប្រាស្រ័យទាក់ទង និងធ្វើលំហាត់បន្ថែម និងជាផ្នែកមួយបង្កើតភាពស្និតស្នាលជាមួយក្មេងៗដទៃទៀតក្នុងភូមិរបស់ពួកគេ៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

Image
Image
Image