នារីខ្មែរចំនួន៧នាក់ ត្រូវបានជនខិលខូលល្បួងយកទៅកាន់ប្រទេសឡាវ ក្នុងគោលបំណងជួញដូរទៅកាន់ប្រទេសទី៣បន្ដ តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា និងឡាវ សហការគ្នាអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ។
ផ្អែកតាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ នារីខ្មែរទាំង៧នាក់នេះ ត្រូវបានមេខ្យល់បោកប្រាស់ថាមកធ្វើការនៅខេត្តបូរកែវ ក្នុងតំបន់ត្រីកោណមាស នៃប្រទេសឡាវ តែអ្នកទាំងនោះបានរត់គេចចេញពីកន្លែងធ្វើការវិញបន្ទាប់ពីទៅដល់។ ក្រោយពីបានទទួលដំណឹងនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានទំនាក់ទំនងជាមួយមន្រ្តីប៉ូលីសឡាវនៅតំបន់នោះដោយ កម្លាំងប៉ូលីសឡាវបានរកឃើញទីតាំង និងជួយសង្រ្គោះពលរដ្ឋខ្មែរទាំង ០៦នាក់ និងបានបញ្ជូនទៅទីកន្លែងសុវត្ថិភាព។
ដោយឡែក នៅមានពលរដ្ឋខ្មែរ ០១នាក់ទៀត ដែលមិនបានរត់គេចខ្លួនចេញ ដោយមានអាការៈមិនស្រួលខ្លួននិងងើបមិនរួច ហើយបន្តស្នាក់នៅកន្លែងធ្វើការនោះ។ ករណីនេះមន្រ្តីប៉ូលីសឡាវកំពុងបន្តជួយសង្រ្គោះ ដោយបន្តធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរឡាវ។ នេះបើតាមការឱ្យដឹងពីស្ថានឯកអគ្គរាជទូតដដែល។
គួរជម្រាបថា ករណីនេះត្រូវបានអន្ដរាគមន៍កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ សារព័ត៌មាន Fresh newsបានលើកឡើងថា ការអន្ដរាគមន៍នេះដែរ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលវិញ បានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួន។
មជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ បានសរសេរសារលើហ្វេសប៊ុក នៅថ្ងៃទី២ ខែតុលា ម្សិលមិញថា នារីម្នាក់ទៀតនៅតែមិនទាន់អាចរត់ចេញពីកន្លែងធ្វើការបាននៅឡើយទេ៕