en     km
en     km

ឱកាសទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៣៖ គ្រូបង្រៀនមួយចំនួនបង្ហាញតម្រូវការរៀងៗខ្លួន

Share

ភ្នំពេញ៖ គ្រូបង្រៀនប្រៀបដូចជាឪពុកម្តាយទី២ ហើយក៏ជាអ្នកកសាងធនធានមនុស្សនៅក្នុងសង្គមផងដែរ​​។ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃទិវាគ្រូបង្រៀន។ ទាក់ទិនរឿងនេះ សិក្ខាកាមនៃWMC បានចុះសម្ភាសន៍ទស្សនៈលោកគ្រូអ្នកគ្រូមួយចំនួនជុំវិញចំណាប់អារម្មណ៍ក្នុងរយៈពេលនៃបទពិសោធន៍បង្រៀនរបស់ពួកគេ។

កូនសិស្សនៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម រៀបចំពិធីខួបកំណើតជូនគ្រូរបស់ពួកគេ។រូបភាព សាត ឌិច។

លោក គង់ ភារិន គ្រូបង្រៀនមួយរូបនៃវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នងរាជធានីភ្នំពេញដែលបានចំណាយពេល ៣៦ ឆ្នាំក្នុងអាជីពជាគ្រូបង្រៀនបង្ហាញអារម្មណ៍​ថា ការងារជាគ្រូបង្រៀន បានជួយឱ្យជីវភាពរបស់គ្រូបានល្អប្រសើរជាងមុនច្រើន ទោះបីមិនសម្បូរលុយកាក់ក៏ពិតមែន តែអ្វីដែលលោកគ្រូទទួលបានគឺកិត្តិយសនៅក្នុងសង្គម។ សព្វថ្ងៃក្រៅពីបង្រៀន​នៅសាលារដ្ឋ លោកគ្រូក៏ឆ្លៀតបង្រៀននៅសាលាឯកជននិងបំប៉នសិស្សនៅតាមផ្ទះផងដែរ ដើម្បីជួយ​សម្រាល​បន្ទុក​គ្រួសារ។

ទាក់ទិននឹងបញ្ហាជីវភាពនេះ លោកមានបំណងស្នើឱ្យក្រសួងអប់រំមេត្តាគិតគូរបន្ថែមចំពោះប្រាក់បៀវត្សគ្រូបង្រៀន ដើម្បីឱ្យសមស្របនឹងសង្គមសម័យទំនើប ពិសេសអតិផរណានៃថ្លៃទំនិញដែលចេះតែបន្តឡើងថ្លៃ។ លោកគ្រូក៏ស្នើឱ្យក្រសួងអប់រំជ្រើសរើសគ្រូដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបង្រៀនសិស្សឱ្យមានគុណភាព។ ដោយសារលោកគ្រូ​បង្រៀនមុខវិជ្ជាភាសាខ្មែរ លោកគ្រូស្នើឱ្យបញ្ចូលរឿងថ្មីៗក្នុងកម្មវិធីសិក្សាឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍសង្គមសព្វថ្ងៃ។

លោក គង់ ភារិន ទទួលពានរង្វាន់ផ្នែកតែងនិពន្ធកំណាព្យ ក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនឆ្នាំ២០១៧ពីនាយករដ្ឋមន្រ្តី។រូបភាព សាត ឌិច។

ចំណែកគ្រូបង្រៀនមួយរូបទៀតនៅវិទ្យាល័យសម្តេចឪ លោក ខឹក ហ៊ន និងជាគ្រូបង្រៀនចាស់វស្សាម្នាក់នៅខេត្តតាកែវ បានលើកឡើងស្រដៀងគ្នាថា ការងារសព្វថ្ងៃបានប្រសើរជាងមុនច្រើនបើធៀបនឹង១០ឆ្នាំមុន ព្រោះក្រសួងអប់រំបានគិតគូរពីគុណភាពអប់រំនិងលើកទឹកចិត្តគ្រូបង្រៀន ដោយមានគ្រូល្អ គ្រូឆ្នើម និងផ្ដល់ងារគ្រូខ្លះជាសាស្រ្តចារ្យនិងសាស្រ្តចារ្យ​រង។ ជាមួយគ្នានេះដែរ លោកគ្រូចង់ឱ្យក្រសួងអប់រំគិតគូរបន្ថែមចំពោះគ្រូបង្រៀនចាស់​ៗដែលមានស្នាដៃល្អ។ ចំពោះស្នាដៃរបស់លោកគ្រូ ខឹក ហ៊ន វិញលោកមានបទពិសោធន៍បង្រៀនរយៈពេល ៣២ឆ្នាំហើយ ដោយបង្ហាត់សិស្សពូកែ១៧ឆ្នាំ ហើយសិស្សពូកែជាប់ទូទាំងប្រទេសចំនួន ១៤នាក់ និងបានបង្ហាត់សិស្សផ្នែកតែងនិពន្ធជាច្រើននាក់ទៀត។ ឥឡូវនេះ លោកគ្រូបានធ្លាក់ខ្លួនឈឺ តែមិនដែលទទួលបានការលើកទឹកចិត្ត​អ្វីទាំងអស់។

លោក ខឹក ហ៊ន គ្រូបង្រៀនចាស់វស្សាម្នាក់នៅខេត្តតាកែវ ។រូបភាព សាត ឌិច។

រីឯអ្នកគ្រូ ង៉ែត ម៉ាឡៃ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប វិញបានចំណាយពេល ១៣ ឆ្នាំក្នុងការបង្រៀនសិស្ស។ អ្នកគ្រូនិយាយថា ការងារជាគ្រូសព្វថ្ងៃមានភាពប្រសើរជាងមុនហើយ ព្រោះបច្ចុប្បន្នស្ថិតក្នុងសម័យបច្ចេកវិទ្យា ងាយស្រួលក្នុងការបង្ហាត់បង្រៀនសិស្សនិងទំនាក់ទំនាក់ផ្សេងៗ។ អ្នកគ្រូលើកឡើងថា បើប្រៀបធៀបនឹង១០ឆ្នាំមុន គឺក្រសួងអប់រំមានផែនការលើការបង្រៀនតាមបែបទំនើប ដូចជាការប្រឡងនិងការបញ្ចូល​ពិន្ទុសិស្សជាដើម។ ក្នុងទិវាគ្រូបង្រៀននេះ អ្នកគ្រូស្នើឱ្យក្រសួងបើកទូលាយក្នុងការផ្លាស់ប្តូរ​កន្លែង​ការងារនៅតាមមូលដ្ឋានគ្រូបង្រៀនដែលនៅជិតៗបំផុត ចៀសវាងការអសកម្មការងារ។ ចុងក្រោយអ្នកគ្រូ ស្នើឱ្យរឹតបន្តឹងក្នុងការប្រឡងចូលក្របខណ្ឌគ្រូបង្រៀន ដោយផ្តោតលើអ្នកមានចំណេះដឹង​និងអ្នកមានសមត្ថភាពពិតប្រាកដ។

អ្នកគ្រូ ង៉ែត ម៉ាឡៃ នៃអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប ។រូបភាព សាត ឌិច។

ចំណែកអ្នកគ្រូ ស៊្រុន សុមាលី បង្រៀននៅវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម បានចេញបង្រៀនអស់រយៈពេល១០ ក៏បង្ហាញការត្រេកអរថា ការងារសព្វថ្ងៃមានភាពល្អប្រសើរជាងមុន​ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំគ្រូៗទទួលបានចំណេះដឹងថ្មីៗក្នុងការផ្ទេទៅឱ្យសិស្ស​ ហើយសិស្សទទួលបានលទ្ធផលល្អច្រើន។ លោកគ្រូថា បើធៀប​ជាមួយ១០ឆ្នាំមុ​ន គឺក្រសួងបានគិតគូរចំពោះគុណភាពអប់រំ​ ដោយផ្ដោតទៅលើ​ អ្នកចេះគឺជាប់​។ ចុងក្រោយ អ្នកគ្រូស្នើឱ្យក្រសួងបន្ថែមសៀវភៅសិក្សាគោល​និងសៀវភៅរឿងទាក់ទងនឹងស្នាដៃអក្សរសិល្ប៍​សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរ​ឱ្យបានច្រើននៅតាមសាលានីមួយៗ។

អ្នកគ្រូ ស៊្រុន សុមាលី។រូបភាព សាត ឌិច។

ចំណែកលោកគ្រូវ័យក្មេង ស៊ឹម ឆៃ បង្រៀននៅសាលាបឋមសិក្សាអង្គចៅពញាដែលទើបតែប្រឡូកក្នុងអាជីពគ្រូបង្រៀន៦ឆ្នាំ និយាយថា ការងារសព្វថ្ងៃល្អប្រសើរជាងមុន ព្រោះលោកគ្រូយល់ដឹងពីការបង្រៀនបានល្អជាងមុនតាមរយៈបទពិសោធ​ខ្លះៗ ហើយលោកគ្រូនៅតែខំប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីជួយដល់សិស្ស។ លោកគ្រូកម្លោះរូបនេះនិយាយថា បើប្រៀបធៀប១០ឆ្នាំមុនគឺមានភាពល្អប្រសើរច្រើន ព្រោះប្រាក់ខែតំឡើងរៀងរាល់ឆ្នាំ ទោះមិនច្រើនក៏ដោយ។ មួយទៀត ក្រសួងអប់រំបានបញ្ជ្រាបគុណវុឌ្ឍិគ្រូបង្រៀនឱ្យមានចំណេះជំនាញច្បាស់​លាស់​និងផ្តល់ឱកាសឱ្យគ្រូនិងសាលាឱ្យមានការប្រកួតប្រជែងនានា ដូចជាការប្រឡងគ្រូបង្រៀនល្អ នាយកល្អ និងសាលារៀនល្អជាដើម។ ជាមួយគ្នានេះដែរ លោកគ្រូក៏ស្នើក្រសួងអប់រំគួរតែផ្តល់បៀវត្សបន្ថែមឱ្យកាន់តែខ្ពស់ ដើម្បី​ឱ្យដូចប្រទេសជិតខាង ហើយក៏ធ្វើឱ្យគ្រូកាន់តែខិតខំបន្ថែមផងដែរ។ ចុងក្រោយ ក្រសួងអប់រំគួរតែយកចិត្តទុកដាក់លើការផ្គត់ផ្គង់សម្ភារៈសិក្សាឱ្យគ្រប់គ្រាន់ ពិសេសតំបន់ដាច់ស្រយាល ដើម្បីឱ្យទទួលបាន​ការអប់រំស្មើគ្នា។

លោកគ្រូវ័យក្មេង ស៊ឹម ឆៃ ។រូបភាព សាត ឌិច។

 

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះក្រសួងអប់រំ យុវន និងកីឡា នឹងរៀបចំទិវាគ្រូបង្រៀន ក្រោមប្រធាន “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព”។

អត្ថបទខ្លីសរសេរដោយ សាត ឌិច  សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

ព័ត៌មានទាក់ទង

Image