អាជ្ញាធរមីន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញ បានជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ក្រោយប្រទះឃើញមីន និងសំណល់ជាតិផ្ទុះតាមរយៈការហូរច្រោះដី ឬហូរតាមខ្សែទឹកផ្សេងៗ ក្នុងពេល និងក្រោយទឹកជំនន់។
អាជ្ញាធរបញ្ជាក់ថា រឿងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងរស់នៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ លោក លី ធុច អនុប្រធានទី១នៃអាជ្ញាធរមីន បានឱ្យគណៈកម្មាធិការសកម្មភាពមីនខេត្តរាជធានី គណៈកម្មាការគ្រប់គ្រងគ្រោះមហន្ដរាយ ក្រសួងអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិចូលរួមសហការគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។
គួរជម្រាបថា ដោយស្ថានភាពអាកាសធាតុនៅកម្ពុជាទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប អូសបន្លាយអាងមេគង្គ ថៃ និងឡាវ រួមនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនខ្សោយ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាបន្ដបន្ទាប់ ធ្វើឱ្យតំបន់ខ្លះនៃរាជធានី និងខេត្តមួយចំនួនរងឥទ្ធិពលទឹកភ្លៀង និងបង្កជាទឹកជំនន់។
កត្តានេះ ប្រសិនបើប្រជាពលរដ្ឋប្រទះឃើញមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតំបន់ដែលរស់នៅត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន និងសំណល់ជាតិផ្ទុះជាបន្ទាន់ ហើយអ្នកជំនាញលើគ្រឿងផ្ទុះទាំងនេះ ត្រូវប្រមូលយកទៅកម្ទេចចោល ពេលប្រជាពលរដ្ឋរាយការណ៍។ ក្រៅពីនេះ ត្រូវដាក់ស្លាកសញ្ញាសម្គាល់នៅតំបន់សង្ស័យផងដែរ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬឆ្លងកាត់។ នេះបើយោងតាមការណែនាំពីអាជ្ញាធរមីន៕