en     km
en     km

ទស្សនៈអ្នកពាក់ព័ន្ធជុំវិញសន្ទុះនៃការអានសៀវភៅរបស់សិស្សនៅតាមវិទ្យាល័យ

Share

ភ្នំពេញ៖ បណ្ណាល័យ ជាកន្លែងផ្ទុកនូវចំណេះដឹងជាច្រើនសម្រាប់អ្នកសិក្សាស្រាវជ្រាវ។ បើសិស្សានុសិស្សផ្សារភ្ជាប់ខ្លួនឯងជាមួយនឹងបណ្ណាល័យ នឹងធ្វើឱ្យសិស្សរៀនកាន់តែពូកែ​។ ជាទូទៅ សៀវភៅមួយក្បាលៗបានបង្កប់នូវគំនិតល្អៗជាច្រើន ដែលធ្វើឱ្យអ្នកអានកាន់តែមានគំនិតចាស់ទុំនិងជួយបង្កើនទម្លាប់ក្នុងការអានសៀវភៅ។  ជុំវិញអត្ថប្រយោជន៍នៃការអានសៀវភៅនេះដែរ សិក្ខាកាមនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)បានសម្ភាសន៍អ្នកពាក់ព័ន្ធមួយចំនួន ដើម្បីចង់ដឹងពីសន្ទុះនៃការអានសៀវភៅនៅតាមបណ្ណល័យរបស់សិស្សានុសិស្សថ្នាក់វិទ្យាល័យ។ ខាងក្រោមនេះគឺជាលើកឡើងរបស់អ្នកពាក់ព័ន្ធ។

សកម្មភាពសិស្សៗចូលអានសៀវភៅនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។រូបភាពពីសាត ឌិច។

ទាក់ទិននឹងការអានសៀវភៅនេះ លោក ហ៊ុន ឡាវ ជាអនុប្រធានបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នៃក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា បណ្ណាល័យ ជាផ្នែកមួយនៃការជួយជំរុញការអានដល់សិស្សានុសិស្ស បណ្តុះទម្លាប់អាន និងលើកកម្ពស់វប្បធម៌អាន តាមរយៈការផ្តល់នូវធនធានឯកសារសម្បូរបែបនិងផ្សារភ្ជាប់ការសិក្សាពេញ​​មួយជីវិត។ លោកសង្កត់ធ្ងន់ថា បណ្ណាល័យនៅតាមសាលារៀន បានជួយកាត់បន្ថយអត្រាសិស្សត្រួតថ្នាក់និងសិស្សឈប់រៀន។

លោក ហ៊ុន ឡាវ អនុប្រធានបណ្ណាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នៃក្រសួងអប់រំ យុវជន និងកីឡា។រូបភាពពី សាត ឌិច។

ដោយឡែកជាការកត់សម្គាល់របស់លោក ហ៊ុន ឡាវ សិស្សដែលចូលបណ្ណាល័យញឹកញាប់ គឺតែងតែមានភាពម្ចាស់ការនិងក្លាហានជាងសិស្សដែល​មិនចូលបណ្ណាល័យ។ បើតាមការសង្កេតរបស់លោកកន្លងមក លោកថាសៀវភៅដែលសិស្សចូលចិត្តអានជាងគេ គឺសៀវភៅរឿងនិទានខ្លីៗ សៀវភៅអក្សរសិល្ប៍ទាក់ទងនឹងកម្មវិធីសិក្សា និងសៀវភៅទាក់ទងនឹងចំណេះដឹងផ្សេងៗ។ ស្របគ្នានោះដែរ លោកក៏បានបង្ហាញការព្រួយបារម្ភដែរថា សិស្សមួយចំនួនចូលចិត្តអានសៀវភៅប្រលោមលោកស្នេហានិងរឿងបកប្រែពីគេដែលជាបញ្ហាប្រឈមទៅ​វិញ។

សកម្មភាពសិស្សៗចូលអានសៀវភៅនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។រូបភាពពីសាត ឌិច។

ចំណែកអ្នកគ្រូ ឡឹក ហន ដែលជាបណ្ណារក្សនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បានលើកឡើងថា សព្វថ្ងៃនេះ សិស្សមកអានសៀវភៅនៅក្នុងបណ្ណាល័យកាន់តែច្រើនឡើងៗ ពិសេស​នៅម៉ោងសម្រាក ពេលកៀកប្រឡង និងពេលដែលលោកគ្រូ អ្នកគ្រូដាក់កិច្ចការឱ្យសិស្សស្រាវជ្រាវ​។ ចំពោះសៀវភៅនៅបណ្ណាល័យវិញ អ្នកគ្រូ​មានប្រសាសន៍ថា សៀវភៅគឺមានចម្រុះគ្រប់មុខ ទាំងភាសាខ្មែរ និងបរទេស ហើយ​សិស្សអាចខ្ចីយកទៅអាននិងអាននៅបណ្ណាល័យបានរៀងរាល់ម៉ោងធ្វើការ។ ចំណែកសៀវភៅដែលសិស្សចូលចិត្តអានជាងគេ ភាគច្រើនអានទាក់ទងនឹងអក្សរសាស្ត្រ ប្រលោម​លោក និងគណិត​វិទ្យាជាដើម។ អ្នកគ្រូក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សថា ការអានសៀវភៅ នឹងធ្វើឱ្យ​សិស្ស​អភិវឌ្ឍន៍ការសិក្សា ចេះស្វ័យសិក្សាដោយខ្លួនឯង ចេះអានអក្សរ និងសរសេរអក្សរបានល្អ។

អ្នកគ្រូ ឡឹក ហន ​បញ្ជាក់​ផងដែរថា សព្វថ្ងៃនេះ បណ្ណាល័យសាលាកំពុងទទួលគម្រោងកែ​លម្អគុណភាពអប់រំ នឹងជួសជុលបន្ទប់បណ្ណាល័យឱ្យកាន់តែមានសោភ័ណភាព ដោយបំពាក់សម្ភារៈទំនើបនិងដាក់ម៉ាស៊ីនត្រជាក់ជាដើម។ ជាមួយគ្នានេះដែរ សាលាក៏កំពុងប្រើប្រាស់លុយគម្រោងរបស់ក្រសួងអប់រំនិងដៃគូអភិវឌ្ឍន៍ ដើម្បីជួយទិញសៀវភៅល្អៗមកបន្ថែមទៀត។

អ្នកគ្រូ ឡឹក ហន(រូបខាងឆ្វេង)កំពុងពន្យល់ពីរបៀបរៀបចំនិងគ្រប់គ្រងក្នុងបណ្ណាល័យ។រូបភាពពី សាត ឌិច។

ជុំវិញការអានសៀវភៅនៅបណ្ណាល័យនេះដែរយុវសិស្ស ណន ធារី ដែលជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ប្រាប់ថា កញ្ញាបានចំណាយពេលអានសៀវភៅក្នុងបណ្ណាល័យពី៣០នាទីទៅ១ម៉ោងនៅពេលទំនេរ​។ កញ្ញា​ថា បរិយាកាសក្នុងបណ្ណាល័យស្ងប់ស្ងាត់ល្អ គ្មានសំឡេងរំខាន ហើយសៀវភៅក៏មានច្រើនដែល​អាចជួយផ្តល់ចំណេះដឹងផ្សេងៗ។ យុវតីរូបនេះយល់ថា ការអានសៀវភៅធ្វើឱ្យកញ្ញាយល់ដឹងច្រើន កើននូវចំណេះដឹង និងមានគំនិតទូលំទូលាយ។ ចំពោះបណ្ណាល័យក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស សព្វថ្ងៃ កញ្ញាយល់ថា មានសៀវភៅល្មមគ្រប់គ្រាន់ហើយ ប៉ុន្តែបើសាលាអាចនាំយកសៀវភៅថ្មីៗ សៀវភៅល្អៗបន្ថែមទៀតនោះគឺកាន់តែល្អ។ ជាចុងក្រោយ កញ្ញាសំណូមពរដល់សិស្សានុសិស្សទាំងអស់ ឱ្យឧស្សាហ៍ចូលអានសៀវភៅនៅបណ្ណាល័យឱ្យបានច្រើន ដើម្បីទទួលបាន​ចំណេះដឹងទូលំទូលាយ។

ណន ធារី តែងចូលអានសៀវភៅពេលទំនេរ។រូបភាពពី សាត ឌិច។

ចំណែកយុវតី ស៊ុន សូហ្វី ដែលរៀននៅវិទ្យាល័យខាងលើបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នាថា កញ្ញាបានចំណាយពេលអានសៀវភៅក្នុងបណ្ណាល័យពី៣០ទៅ៤០នាទី។ កញ្ញាថា នៅក្នុង​បណ្ណាល័យត្រជាក់និងស្ងប់ស្ងាត់ល្អ ហើយមានសៀវភៅច្រើនសម្បូរបែបសម្រាប់អានកម្សាន្តនិងស្រាវ​ជ្រាវ។ ការអានសៀវភៅក្នុងបណ្ណាល័យ ជួយឱ្យកញ្ញាយល់ដឹងនូវអ្វីថ្មីៗនិងទទួលបានគំនិតល្អៗ។ ជាមួយគ្នានេះដែរ កញ្ញាចង់ឱ្យសាលារៀបចំបណ្ណាល័យឱ្យកាន់តែមានភាពទាក់ទាញជាងនេះទៀតនិងយកសៀវភៅល្អៗដែលជាស្នាដៃនិពន្ធថ្មី ដើម្បីជំរុញសិស្សឱ្យចូលអានសៀវភៅ។ ចុងក្រោយ កញ្ញាថាដើម្បីឱ្យសិស្សអានសៀវ​ភៅទាល់​តែ​មានការណែនាំនិងជំរុញពីគ្រូផងដែរ ទើបសិស្សមានអារម្មណ៍ក្នុងការអាន។

យុវតី ស៊ុន សូហ្វី។រូបភាពពី សាត ឌិច។

រីឯយុវសិស្ស ធូ ស្រីនិច ក៏បានរៀបរាប់ថា កញ្ញាតែងតែចំណាយពេលអានសៀវភៅក្នុងបណ្ណាល័យពី២០ទៅ៣០នាទីនៅពេលទំនេរ។ បរិយាកាសក្នុងបណ្ណាល័យស្ងប់ស្ងាត់ល្អ ហើយសៀវ​ភៅ​ក៏មានច្រើនថែម​ទៀត ដែលជាជំនួយសម្រាប់សិស្សក្នុងការស្រាវជ្រាវមេរៀន។ កញ្ញាក៏បានលើកមូលហេតុថា កត្តាដែលនាំឱ្យកញ្ញាចូលអានសៀវភៅក្នុងបណ្ណាល័យ ព្រោះបណ្ណាល័យសម្បូរទៅដោយសៀវភៅល្អៗនិងជាកន្លែង​ស្ងប់ស្ងាត់ស្រួលអាននិងស្រាវជ្រាវ។ ជាចុងក្រោយ កញ្ញាចង់ឱ្យសាលារៀនយកសៀវភៅល្អៗចូលមកឱ្យច្រើន ដើម្បីទាក់ទាញសិស្សមកអានបន្ថែមទៀត៕

យុវសិស្ស ធូ ស្រីនិច។រូបភាពពី សាត ឌិច។

អត្ថបទខ្លីសរសេរដោយ សាត ឌិច សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

Image
Image
Image