en     km
en     km

«ភូមិពងទាខ្មែរ»ច្នៃពងទាជាផលិតផលសម្រេចច្រើនមុខឈានទៅបំពេញតម្រូវទីផ្សារ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋទូទៅដឹងថា ពងទាអាច ធ្វើម្ហូបបាន ដូចជា ស្ងោរ ចៀន ឆាជាមួយបន្លែ ឬជំហុយ តែប៉ុណ្តោះ។  ប៉ុន្តែបច្ចុប្បន្ន «ភូមិពងទាខ្មែរ» បាន កែច្នៃពងទាទៅជាផលិតផលសម្រេចជាច្រើនមុខ ដើម្បីបំពេញតម្រូវទីផ្សារ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកបរិភោគ ដោយសារ​តែមានគុណភាពល្អ និងតម្លៃសមរម្យ ដែលមានកសិដ្ឋាននៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។

សកម្មភាពផលិតកែច្នៃពងទាក្នុង«ភូមិពងទាខ្មែរ»។រូបភាពពីធារ៉ូ។

 លោកស្រី ម៉ោង ស្រីពៅ ម្ចាស់អាជីវកម្ម«ភូមិពងទាខ្មែរ» បានឱ្យដឹងថា «ភូមិពងទាខ្មែរ»  បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយជាអាជីវកម្មមួយបានចុះបញ្ជីប្រភេទកែច្នៃស៊ុតត្រឹមត្រូវទៅតាមស្តង់ដាររបស់រាជរដ្ឋាភិបាលកំណត់ដំបូងគេបង្អស់នៅកម្ពុជា។ លោកស្រីបន្តថា ភូមិពងទាខ្មែរ គឺជាប្រភេទអាជីវកម្មបែបកសិកម្ម និងកសិឧស្សាហកម្ម ដែលកែច្នៃពងទា ទៅជាផលិតផលសម្រេចបានជាច្រើនមុខដូចជា ពងទាប្រៃ បណ្ដូលពងទាប្រៃ ដែលគេយកទៅធ្វើជានំប៉ាវ នំង៉ូវយីង ឆាជាមួយគ្រឿងសមុទ្រ ពិសេសមីពងទាខ្មែរ ឬអាចញុំាជាមួយស៊ុបក៏បានដោយមិនប៉ះណាល់ដល់សុខភាពអ្នកទទួលទាន។

លោកស្រី ម៉ោង ស្រីពៅ ម្ចាស់អាជីវកម្ម«ភូមិពងទាខ្មែរ» ។រូបភាពពីធារ៉ូ។

ម្ចាស់អាជីវកម្មរូបនេះប្រាប់ក្រុមសិក្ខាកាមរបស់WMCបន្តថា «ភូមិពងទាខ្មែរ» បានចូលរួមចំណែកយ៉ាងច្រើនក្នុងការបង្កើតនៅឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដោយប្រជាពលរដ្ឋអាចមានប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារ ធ្វើឱ្យជីវភាពគ្រួសារមានលក្ខណៈល្អប្រសើរជាងមុន ខណៈកន្លងមកនេះ ពួកគេបានចំណាកស្រុកទៅធ្វើការនៅថៃ ឬនៅរាជធានីភ្នំពេញ។

ផលិតផលពងទាប្រៃក្នុង«ភូមិពងទាខ្មែរ»។រូបភាពពីធារ៉ូ។

លោកស្រី ម៉ោង ស្រីពៅ បញ្ជាក់ទៀតថា ការបង្កើតអាជីវកម្មមួយបាន មិនចាំបាច់ទាល់តែមានជំនាញទើបអាចបង្កើតបានទេ ឱ្យតែមានឆន្ទៈក្នុងការបង្កើតឡើង ភាពស្មោះត្រង់ ការតស៊ូ ផលិតផលមានគុណភាព ជាពិសេសត្រូវចេះបង្កើតផលិតផលឱ្យត្រូវតម្រូវការទីផ្សារ។

សូមជម្រាបថា ដើម្បីឆ្លើយតាមតម្រូវការទីផ្សារ ភូមិពងទាខ្មែរ បច្ចុប្បន្នមានតំណាងចែកចាយរហូតដល់១៥ខេត្ត និង១៤ខណ្ឌ នៅទូទាំងរាជនីភ្នំពេញ។ ដោយតម្លៃលក់រាយនៅលើទីផ្សារមួយគ្រាប់៧០០រៀល និងតម្លៃបោះដុំ ប្រមាណ ៥០០រៀលក្នុងមួយគ្រាប់៕

មីពងទាក្នុង«ភូមិពងទាខ្មែរ»។រូបភាពពីធារ៉ូ។

អត្ថបទខ្លីសរសេរដោយ ធារ៉ូ សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

Image
Image
Image