en     km
en     km

អង្គការ​សុវត្ថិភាព​ចរាចរណ៍​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​រឿង​លុប​ចោល​បណ្ណបើកបរ​

Share

រូបតំណាង
រូបតំណាង

នាយក​អង្គការ​មូ​និ​ធិ​បង្ការ​របួស​អាស៊ី​នៅ​កម្ពុជា​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ ពិចារណា​ឡើង​វិញ​រឿង​លុប​ចោល​បណ្ណ​បើកបរ​ សម្រាប់​អ្នកបើកបរ​ម៉ូតូ​ ដែល​មាន​ទំហំ​ស៊ីឡាំង​ ចាប់ពី​ ១២៥​ CC​ចុះ​ក្រោម​។​

លោក​ គឹ​ម​ បញ្ញា​ បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ស្នើ​សុំ​នេះ​ ដោយសារ​តែ​លោក​យល់​ថា​ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ហើយ​ភាគច្រើន​ ពាក់ព័ន្ធ​នឹង​អ្នក​ជិះ​ម៉ូតូ​ ដែល​ មាន​ទំហំ​ស៊ីឡាំង​ ១២៥​ CC​ ចុះ​ក្រោម​នេះ​។​

យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ គឹ​ម​ បញ្ញា​ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP)​ នៅ​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឱកាស​នៃ​ការ​ចូលរួម​ក្នុង​កម្មវិធី​ សន្ទនា​ថ្ងៃ​សៅរ៍​ របស់​ស្ថានីយ៍ទូរទស្សន៍​ PNN​ កាលពី​ព្រឹក​ ថ្ងៃ​ទី​៩​ ខែមករា​ កន្លង​ទៅ​ លោក​ បាន​ធ្វើការ​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពិចារណា​ឡើង​វិញ​ ថា​តើ​ចាំបាច់​ត្រូវ​តែ​ លុប​ចោល​បណ្ណ​បើកបរ​ សម្រាប់​អ្នកបើកបរ​ម៉ូតូ​ ដែល​មាន​ទំហំ​ស៊ីឡាំង​ចាប់ពី​ ១២៥​ CC​ ចុះ​ ក្រោម​តែ​ម្ដង​ ឬ​រដ្ឋាភិបាល​ អាច​ប្រើ​មធ្យោបាយ​ផ្សេង​ទៀត​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ មួយ​នេះ​ ដោយ​ការ​ពន្យារពេល​ នៃ​ការ​អនុវត្ដ​ច្បាប់​លើ​ផ្នែក​មួយ​នេះ​  ឬ​ត្រូវ​បន្ថែម​ពេលវេលា​ ក្នុង​ការ​ធ្វើ​បណ្ណ​បើកបរ​ម៉ូតូ​។​

នៅ​ក្នុង​ខ្លឹមសារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ លោក​ គឹ​ម​ បញ្ញា​ ដដែល​នោះ​បន្ដ​ថា​ មូលហេតុ​នៃ​ការ​ ស្នើ​សុំ​ឲ្យ​មានការ​គិតគូរ​ឡើង​វិញ​នេះ​ ដោយសារ​តែ​៖

ទី​១.​ ភាគច្រើន​បំផុត​នៃ​ជន​រង​គ្រោះ​ ដោយសារ​គ្រោះ​ថា្ន​ក់​ចរាចរណ៍​ នៅ​កម្ពុជា​គឺជា​ អ្នក​ជិះ​ម៉ូតូ​ និង​មួយ​ចំនួន​ធំ​ គឺជា​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​ ១២៥​ CC​ ចុះ​ក្រោម​។​  ដោយសារ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ហើយ​ពាក់ព័ន្ធ​នឹង​អ្នក​ ជិះ​ម៉ូតូ​ដែល​មាន​ទំហំ​ស៊ីឡាំង​ ១២៥​ CC​ ចុះ​ក្រោម​នេះ​ ទើប​តម្រូវ​ចាំបាច់​ត្រូវ​ខិតខំ​ធ្វើការ​ កែសម្រួល​ឥរិយា​បទ​ និង​ជំរុញ​ឲ្យ​ពួក​គេ​បើកបរ​ដោយ​គោរព​ច្បាប់​ស្តី​ពី​ចរាចរណ៍​។​

លោក​ថា​ ការ​អប់រំ​ផ្សព្វផ្សាយ​គឺជា​រឿង​ចាំបាច់​មួយ​ ប៉ុន្តែ​ការ​ខិតខំ​ ដើម្បី​ឱ្យ​មាន​អ្នកបើកបរ​ម៉ូតូ​ ប្រកបដោយ​សមត្ថភាព​ និង​គុណភាព​ គិត​ទាំង​សុជីវធម៌​ និង​ការ​អធ្យាស្រ័យ​។​ ជាង​នេះ​ទៅ​ ទៀត​លោក​ថា​ ការ​ប្រឡង​យក​បណ្ណ​បើកបរ​ ឬ​ឯកសារ​ បញ្ជាក់​ពី​សមត្ថភាព​ក្នុង​ការ​យល់​ដឹង​ អំពី​ច្បាប់​ (​វិធាន​សុវត្ថិភាព​ និង​បច្ចេកទេស​ ក្នុង​ការ​បើកបរ​)​ គឺជា​ការ​ចាំបាច់​ដើម្បី​ធានា​បាន​នូវ​ សមត្ថភាព​ របស់​អ្នកបើកបរ​ម៉ូតូ​ និង​គុណភាព​នៅ​លើ​ដងផ្លូវ​។

​ទី​២.​ រឿង​នេះ​នឹង​បង្ក​ឱ្យ​មានការ​លំបាក​ក្នុង​ការ​អនុវត្ត​ច្បាប់​៖​ ព្រោះ​ក្នុង​ការ​អនុវត្ត​ច្បាប់​ ក្រៅពី​ ធ្វើការ​ ពិន័យ​អន្តរ​ការ​ គេ​មាន​យន្តការ​ក្នុង​ការ​អនុវត្ត​ផ្សេង​ទៀត​ ដូច​ជា​ ការ​កាត់​ពិន្ទុ​នៃ​ពិន្ទុ​ ប័ណ្ណបើកបរ​ (​សរុប​មាន​ ១២​ពិន្ទុ​)​។​ នៅ​ពេល​កាត់​ពិន្ទុ​អស់​ដល់​កម្រិត​មួយ​ណា​នោះ​ គេ​នឹង​ព្យួរ​ ឬ​ដក​យក​ប័ណ្ណបើកបរ​ ហើយ​បើ​ជន​នោះ​នៅ​ តែ​បន្ត​បើកបរ​ និង​បំពាន​ច្បាប់​ នឹង​ទទួលទោស​ ទណ្ឌ​ផ្សេងៗ​ទៀត​តាម​ផ្លូវច្បាប់​។

​ទី​៣.​ ការ​ចូលរួម​របស់​ប្រទេស​កម្ពុជា​ក្នុង​សមាហរណកម្ម​អាស៊ាន​៖​ បើ​នៅ​ពេល​ខាង​ មុខ​មាន​ ការ​បើក​ឲ្យ​មាន​សេរីភាព​សម្រាប់​លំហូ​ចរាចរណ៍​យានយន្ត​ឆ្លងកាត់​ពី​ប្រទេស​នីមួយៗ​ ក្នុង​ ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ នោះ​នឹង​បង្ក​ឲ្យ​មានការ​លំបាក​ ដល់​ស្ថាប័ន​រដ្ឋាភិបាល​ ក្នុង​ការ​សម្របសម្រួល​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​  ហើយ​ក៏​ដូច​ជា​ អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​បាត់​ឱកាស​ក្នុង​ការ​ធ្វើ​លំហូ​ចរាចរណ៍​យានយន្ត​ ទៅ​កាន់​បណ្តា​ប្រទេស​ទាំងនោះ​។​

លោក​ គឹ​ម​ បញ្ញា​ បន្ថែម​ថា​ ចំណុច​ទាំងឡាយ​ខាងលើ​ មិន​ទាន់​បាន​គិត​អំពី​គោលការណ៍​ មិន​ ស្មើភាព​គ្នា​ ចំពោះ​មុខ​ច្បាប់​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​ (​អ្នកបើកបរ​រថយន្ត​ ឬ​ម៉ូតូ​មាន​ទំហំ​ស៊ីឡាំង​ ចាប់ពី​ ១២៦​ CC​ ដែល​គ្មាន​បណ្ណ​បើកបរ​ហើយ​បង្ក​គ្រោះថ្នាក់​នាំ​ឱ្យ​ជន​រង​គ្រោះ​ ពិការ​ ឬ​ស្លាប់​ នឹង​ត្រូវ​ទទួលទោស​ធ្ងន់ធ្ងរ​ជាង​ (​មាត្រា​៨៣​ និង​៨៥)​។​ ចុះ​ពេល​ អ្នកបើកបរ​ម៉ូតូ​ ទំហំ​ស៊ីឡាំង​ ១២៥​ CC​ ចុះ​ក្រោម​បង្ក​គ្រោះថ្នាក់​ដល់​គេ​វិញ​?)​ និង​ភាព​ស្មុគស្មាញ​ដែល​អាច​កើត​មាន​ក្នុង​ការ​ គ្រប់គ្រង​ចំពោះ​ កំណើន​ជនបរទេស​នៅ​កម្ពុជា​ដែល​បើកបរ​ម៉ូតូ​មាន​ទំហំ​ស៊ីឡាំង​ ចាប់ពី​ ១២៥​ CC​ ចុះ​ ក្រោម​ផង​។​

គួរ​បញ្ជាក់​ដែរ​ថា​ ការ​ស្នើរ​សុំ​របស់​នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​នេះ​ ធ្វើ​ឡើង​ក្រោយ​ ប្រមុខរដ្ឋាភិបាល​ចេញ​សេចក្ដី​ ពី​ការ​បាន​លុប​ចោល​បណ្ណ​បើកបរ​ប្រភេទ​ ក​១​ ដែល​អ្នកបើកបរ​ទោចក្រយានយន្ត​ មាន​កម្លាំង​ចាប់ពី​ ១២៥​ CC ចុះ​ក្រោម​ មិន​ចាំបាច់​មាន​ បណ្ណ​បើកបរ​ ហើយ​ ពលរដ្ឋ​ ដែល​បាន​បង់លុយ​រួច​ហើយ​ សម្រាប់​ថ្លៃ​ប្រឡង​យក​បណ្ណ​បើកបរ​ម៉ូតូ​ ១២៥ CC​ ចុះ​ក្រោម​ ឱ្យទៅ​ទទួល​ប្រាក់​វិញ​ឱ្យ​បាន​គ្រប់ៗ​គ្នា​៕

Share

Image
Image
Image