លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃថា ពលករកម្ពុជាមានតួនាទីសំខាន់ក្នុងការជួយសេដ្ឋកិច្ចថៃ ហេតុនេះលោកប្ដេជ្ញាយកចិត្តទុកដាក់លើសុខុមាលភាពពលករខ្មែរដែលស្របច្បាប់។ តែយ៉ាងណា សង្គមស៊ីវិលដែលធ្វើការជាមួយអ្នកចំណាកស្រុកក៏បានសារទរលើបញ្ហានេះ បើសិនការប្ដេជ្ញាចិត្តនេះបានជោគជ័យ ព្រោះកន្លងមកមិនថាពលករដែលមានឯកសារស្របច្បាប ឬមិនស្របច្បាប់ ថៃតែងតែរំលោភបំពានដល់ពលករខ្មែរជានិច្ច។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖2
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ ថារាជរដ្ឋាភិបាលថៃនឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពលករខ្មែរ ដែលរស់នៅស្របច្បាប់ និងធ្វើការនៅប្រទេសថៃ ដោយសារពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្ដរជាតិកម្ពុជា ចេញកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
ការលើកឡើងរបស់លោក សេដ្ឋា ធ្វើឡើង ខណៈជួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ភាគីកម្ពុជាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសថៃដោយស្របច្បាប់បែបនេះ។
យ៉ាងណាតាមរបាយការណ៍ពីមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សសង់ត្រាល់ ចេញកាលពីដើមឆ្នាំ២០២៣ ថានៅក្នុងប្រទេសថៃមានប្រជាពលរដ្ឋខ្មែររស់នៅជាង២លាននាក់ ដែលក្នុងនោះមានជាង១លាននាក់ ជាពលករមិនមានឯកសារស្របច្បាប់ និងខ្លះទៀតឯកសារហួសសុពលភាពមិនបានធ្វើបច្ចុប្បន្នភាព។ តែរបាយការណ៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈវិញ ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២៣ថា ពលករខ្មែរនៅបរទេសមានតែជាង១លាន៣សែននាក់ប៉ុណ្ណោះ ហើយនៅថៃជាង៤ម៉ឺន៥ពាន់នាក់នៅប្រទេសកូរ៉េខាងត្បូង ២ម៉ឺន៣ពាន់នាក់នៅម៉ាឡេស៊ី ១ម៉ឺន១ពាន់នាក់នៅប្រទេសជប៉ុន ជាង៨០០នាក់នៅសិង្ហបុរី ២០០នាក់នៅហុងកុង និង៤៣នាក់នៅប្រទេសអារ៉ាប៊ីសាអូឌីត។
លោក ឌី ថេហូយ៉ា មន្ដ្រីសម្របសម្រួលនៃសង់ត្រាល់ បញ្ជាក់ពីរឿងរ៉ាវនេះថា ដោយសារមានពលករដែលធ្វើលើការងារកសិកម្ម វិស័យសំណង់ ជាវិស័យមិនរៀបរយ មិនត្រូវបានរាប់ចូលក្នុងទិន្នន័យរបស់ក្រសួងការងារ ទើបមានចំនួនតិចបែបនេះ។
ចំណែករឿងយកចិត្តទុកដាក់លើសុខុមាលភាពពលករដែលលោក សេដ្ឋា ថាវីស៊ីនប្ដេជ្ញាចិត្ត មន្ដ្រីសង់ត្រាល់ថា កន្លងមកប្រទេសនេះមានររំលោភបំពានច្បាប់ និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តែក្រោយមកក៏បានប្រសើរឡើងវិញ តែមិនមានន័យថាបញ្ហាលែងមានទៀតនោះទេ ពិសេសកាលពីអំឡុងកូវីដ១៩ ។
លោកបន្ដថា ថ្មីៗនេះមានការអនុវត្តច្បាប់ដាក់ពន្ធធនាការលើស្ដ្រីពលករខ្មែរម្នាក់ដែលលក់ដូរត្រីតិចតួចផងដែរ តែបើមានការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ដ្រីបែបនេះលោកក៏សារទរផងដែរ។
កាលពីឆ្នាំ២០១៤ អង្គការអន្ដរជាតិខាងការងារ ILO បានចេញសៀវភៅណែនាំមួយថាស្ដីពីការចំណាកស្រុកដោយឆ្លាតវៃ។ សៀវភៅនោះបញ្ជាក់ មិនថាពលករឆ្លងដែនដោយខុសច្បាប់ ឬស្របច្បាប់ទេគឺមានសិទ្ធិការពារខ្លួនមិនឱ្យគេរំលោភបំពានដូចគ្នា។
ខណៈដែល ILOលើកឡើងដូច្នេះ ហើយប្រជាពលរដ្ឋខ្មែររស់ដោយមិនមានឯកសារស្របច្បាប់នៅប្រទេសថៃមានចំនួនច្រើនផងនោះ លោក ឌីថេ ហូយ៉ា បញ្ជាក់ថារាជរដ្ឋាភិបាលគួរតែមានការការពារប្រជាពលរដ្ឋជាជនចំណាកស្រុក ដោយរៀបចំទិន្នន័យប្រជាពលរដ្ឋឱ្យជាក់លាក់ថាមានចំនួនប៉ុន្មាននាក់ធ្វើចំណាក់ស្រុក មានឯកសារស្របច្បាប់ប៉ុន្មាន មិនស្របច្បាប់ប៉ុន្មាន។ បន្ថែមពីនេះ ត្រូវមើលវិស័យណាដែលប្រឈមបញ្ហាការងារជាងគេ និងមានគោលនយោបាយការពារសិទ្ធិពលករ ជាពិសេសគិតគូរលើសេវាសង្គមចាំបាច់សំខាន់ផ្សេងៗទៀត៕