ស្ថាប័នអន្ដរជាតិ Right Livelihood នៃប្រទេសស៊ុយអែតផ្ដល់ពានរង្វាន់មួយដល់ក្រុមចលនាមាតាធម្មជាតិតាមរយៈសកម្មភាពតវ៉ា និងការពារធនធានធម្មជាតិរបស់ពួកគេ។ តាមរយៈពានដែលអន្ដរជាតិផ្ដល់ជូនពាននេះ ក្រុមមាតាធម្មជាតិចង់ឱ្យរដ្ឋាភិបាលពិចារណាទម្លាក់បទចោទប្រកាន់មកលើសកម្មជនបរិស្ថានទាំងឡាយ ដែលកំពុងរស់នៅក្រៅឃុំ ខណៈពួកគេមានទោសជាប់ខ្លួនដល់១០ឆ្នាំ។
កញ្ញា ទាវ ឧស្សា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមចលនាមាតាធម្មជាតិបានបង្ហាញពានរង្វាន់ថ្មីមួយដែលទទួលបានពីស្ថាប័នអន្តរជាតិ right livelihood នៃប្រទេសស៊ុយអែត។
សមាជិកម្នាក់នៃក្រុមចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា លើកឡើងថា តាមរយៈពានរង្វាន់នេះ លោកចង់ឱ្យស្ថាប័នរដ្ឋទម្លាក់បទចោទប្រកាន់ដែលនៅសេសសល់លើសកម្មជនបរិស្ថាន ព្រោះអន្ដរជាតិគេបានសម្លឹងឃើញពីសកម្មភាពវិជ្ជមានរបស់ក្រុមខ្លួន ទើបគេសម្រេចប្រគល់ពានរង្វាន់នេះឱ្យ។
ទោះបីជាសកម្មជនបរិស្ថានចំនួន ៤នាក់ មានដូចជា លោក ថុន រដ្ឋា លោក លី ចន្ទដារ៉ាវុធ កញ្ញ ឡុង គន្ធា កញ្ញា ភួន កែវរស្មី ដែលរៀបចំកម្មវិធីសន្និសីទសារព័ត៌មាននៅថ្ងៃនេះនៅក្រៅឃុំពិតមែន តែពួកគាត់ទាំង៤នាក់ នៅមានទោសជាប់ខ្លួននៅឡើយពីបទរួមគំនិតក្បត់ និងអាចជាប់ពន្ធធនាគារម្ដងទៀត បើសិនរកឃើញថា មានទោសលើករណីណាមួយបន្ថែមទៀត។
កន្លងមកក្រុមចលនាមាតាធម្មជាតិបានចូលរួមក្នុងការងារថែរក្សាបរិស្ថានដូចជា បញ្ឈប់ការសាងសង់វារីអគ្គិសនីនៅតំបន់អារ៉ែង ការបូមខ្សាច់នៅខេត្តកោះកុង ការបង្ហូរទឹកកង្វក់នៅខេត្តព្រះសីហនុ ការលុបបឹងនៅរាជធានីភ្នំពេញ និងថ្មីៗនេះ ក៏មានសកម្មភាពការពារតំបន់កោះកុងក្រៅ ព្រមទាំងឧទ្យានជាតិមួយចំនួនដែលរដ្ឋបានកាត់ឱ្យវិស័យឯកជនកាន់កាប់ផងដែរ។ សកម្មភាពទាំងនេះហើយ ធ្វើឱ្យសកម្មជននៃក្រុមនេះមានទោសជាប់ខ្លួនមកដល់សព្វថ្ងៃ។
អតីតអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ធ្លាប់លើកឡើងថា ក្រុមចលនាមាតាធម្មជាតិនេះ បានទទួលជំនួយបរទេស ហើយធ្វើការងារនានាក្នុងហេតុផលបែបនយោបាយ។
ផ្អែកតាមក្រុមចលនាមាតាធម្មជាតិ ថាក្រុមរបស់ខ្លួនមានការប្ដេជ្ញាចិត្តការពារធនធានធម្មជាតិ ហើយចង់ឱ្យយុវជនដទៃទៀតបន្ដសកម្មភាពបែបនេះ ដើម្បីការពារធនធានទាំងនោះបន្ដទៀត។ ក្នុងការឆ្លើយតបជាមួយការចោទប្រកាន់ពីភាគីរដ្ឋាភិបាល កញ្ញាឡុង គន្ធា សង្កត់ធ្ងន់ថា ក្រុមខ្លួនធ្វើសកម្មភាពទាំងនេះ ដើម្បីធនធានធម្មជាតិកម្ពុជា មិនមែនដើម្បីបរទេសនោះទេ ទោះជាមានរាជរដ្ឋាភិបាលថ្មីហើយបំពានលើធនធានធម្មជាតិក៏នៅតែធ្វើការតវ៉ាដដែល រហូតទាល់តែសម្បត្តិទាំងនោះត្រូវបានធានានិងការពារ។
គួរជម្រាបថា ពានរង្វាន់ដែលស្ថាប័នអន្ដរជាតិ Right Livelihood អាចផ្ដល់ជូនដល់ក្រុមណាមួយបានទាល់តែគណៈកម្មាការពិនិត្យមើលលើក្រុមនោះថាមានរងហានិភ័យខ្ពស់ តស៊ូស្វឹតស្វាញ រងការគំរាមកំហែងធ្ងន់ធ្ងរ ព្រមទាំងមានចក្ខុវិស័យទើបអាចផ្ដល់ពានរង្វាន់ឱ្យបាន។ នៅក្នុងឆ្នាំ២០២៣នេះ មានតែ៤ក្រុមប៉ុណ្ណោះក្នុងចំណោម១៧០ក្រុម មកពី៦០ប្រទេស ដែលអាចទទួលពានរង្វាន់ Right Livelihood award៕