ក្រៅតែពីគ្រូបង្រៀន អាណាព្យាបាលមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជួយធ្វើឱ្យការសិក្សារបស់កូនទទួលបានលទ្ធផលល្អប្រសើរ។ ឪពុកម្តាយគួរយកចិត្តទុកដាក់ចំពោះការសិក្សារបស់កូន ព្រោះការសិក្សារបស់កូនៗបានឆ្លុះបញ្ចាំងពីអនាគតរបស់ពួកគេ។ ករណីនេះអ្នកជំនាញផ្នែកអប់រំថា ករណីបើសិនកូនៗបរាជ័យក្នុងការសិក្សា នោះបង្ហាញថាអាណាព្យាបាលអសមត្ថភាព មិនបានយកចិត្តទុកដាក់លើសកម្មភាពរបស់កូនៗ ហើយបណ្តែត បណ្តោយឱ្យពួកគេក្លាយជាមនុស្សមានពិការភាពនៅក្នុងសង្គម។
សកម្មភាពសិស្សៗចូលអានសៀវភៅក្នុងបណ្ណាល័យក្នុងសាលារៀនមួយ។រូបភាពពីអង្គការទស្សនៈពិភពលោក។
បើតាមប្រសាសន៍អ្នកជំនាញផ្នែកអប់រំលោកវេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់ជាមតិថា ឪពុកម្ដាយត្រូវរៀបចំកន្លែងសមរម្យឱ្យកូនរៀន បើទោះបីជាមានជីវភាពខ្សាត់ខ្សោយក៏ចុះ ពោលគឺត្រូវរៀបចំឱ្យមានបន្ទប់តូចមួយសម្រាប់ឱ្យកូនរៀន ដោយមានតុ អង្គុយ និងមានពន្លឺគ្រប់គ្រាន់ទោះជា ចង្កៀងឬអំពូលបំភ្លឺក៏ដោយចុះ។បើសិនធ្វើដូច្នេះបាន លោកវេជ្ជបណ្ដិតហៅថា ក្របែបថ្លៃថ្នូរ។
លោកលើកបទពិសោធន៍និងទម្លាប់នៅសហរដ្ឋអាមេរិក ដោយប្ដីប្រពន្ធនៅទីនោះគេគេងក្បែរគ្នាអានសៀវភៅឱ្យកូនស្ដាប់ជានិច្ច។ លោកបន្ថែមថា គ្រឹះដំបូងបំផុត គឺការអប់រំទូន្មានវិញ្ញាណពេញខ្លួនពីម្តាយឪពុក។ ជាឱវាទមួយទៀតលោកជំរុញឱ្យ ម៉ែឪត្រូវកាត់បន្ថយកុំឱ្យកូនលេងទូរសព្ទច្រើនពេក ហើយពេលនៅផ្ទះគួរតែចំណាយពេលខ្លះដើម្បីអានសៀវភៅរឿងព្រេង រឿងអប់រំ និងសៀវភៅផ្សេងៗទៀតឱ្យកូនស្ដាប់។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី៖«ពេលអានសៀវភៅចប់ហើយ តើធំឡើងកូនចង់ធ្វើអី? តើកូនមានចំណង់ចំណូលចិត្តចង់ធ្វើខាងណា? កូនចង់រកស៊ីឬចង់ធ្វើការ? តើកូនចង់ក្លាយជាគ្រូពេទ្យដូចតួអង្គក្នុងរឿងនេះទេ? តើកូនចង់ក្លាយជាទាហានដូចតួអង្គនេះទេ? តើកូនស្រឡាញ់តួអង្គមួយណាជាង? ប៉ុន្តែនៅក្នុងសង្គមខ្មែរ ម៉ែឪភាគច្រើនកម្រមានពេលអានសៀវភៅឱ្យកូនស្ដាប់ណាស់។ នេះពុំមែនពួកគាត់រវល់ការងាររហូតគ្មានពេលសម្រាប់កូនទេ តែគឺមកពីពួកគាត់គ្មានទម្លាប់តែម្ដង។»
លោកវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែចែករំលែកបទពិសោធន៍នានាជូនមហាជនពីបញ្ហាការសិក្សានិងសុខភាព។រូបភាពពីសាត ឌិច ។
ចំណែកលោក ហ៊ុន ឡាវ ជាមន្រ្តីនៅបណ្ណាល័យសម្តេចតេជោនិយាយថា បណ្ណាល័យមានសារៈប្រយោជន៍ណាស់ ព្រោះអាចជំរុញការអានដល់កុមារ បណ្តុះទម្លាប់អាន និងលើកកម្ពស់វប្បធម៌អានតាមរយៈការផ្តល់នូវធនធានឯកសារសម្បូរបែបនិងផ្សារភ្ជាប់ការសិក្សាពេញមួយជីវិត។ លោកបន្ថែមទៀតថា ចំពោះការបង្កើតបណ្ណាល័យគ្រួសារ ពិតជាចាំបាច់ណាស់ក្នុងការបណ្តុះទម្លាប់អានដល់កូនៗនិងសមាជិកគ្រួសារទាំងមូល។ លោកថា អាណាព្យាបាលគួរតែរៀបចំកន្លែងសិក្សាឱ្យកូនៗឱ្យបានសមរម្យ ចំណាយពេលវេលានៅជាមួយកូនឱ្យបានគ្រប់គ្រាន់ និងធ្វើជាគំរូដល់កូនតាមរយៈការអានសៀវភៅនៅពេលទំនេរ ឬពេលនៅជិតកូនៗ។
លោក ហ៊ុន ឡាវ ជាមន្រ្តីផ្នែកបណ្ណាល័យនៅក្រសួងអប់រំ យុវជន និងកីឡា។រូបភាពពីសាត ឌិច ។
ក្នុងរឿងនេះអ្នកស្រី យឹម សារិយ៉ា ជាម្តាយមួយរូបបានបង្ហាញចំណាប់អារម្មណ៍ថា ការចិញ្ចឹមកូនពុំមែនគ្រាន់តែផ្តល់ចំណីហូបចុកតែមួយមុខនោះទេ ពោល គឺត្រូវផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ និងធ្វើជាគំរូល្អដល់កូនផងដែរ។ សម្រាប់អ្នកម្តាយរូបនេះ អ្នកស្រីបានរៀបចំកន្លែងសិក្សាឱ្យកូនទៅតាមលទ្ធភាពនិងធនធានដែលអាចធ្វើបាន ដូចជាកន្លែងសម្រាប់កូនអានសៀវភៅជាដើម។ នៅក្នុងគ្រួសារមួយ គួរតែមានកន្លែងកូនអានសៀវភៅ ទោះតូចក្តីធំក្តី ព្រោះធ្វើឱ្យកូនមានចំណង់ក្នុងការអានសៀវភៅ។ សម្រាប់ចំពោះការចិញ្ចឹមកូនអ្នកស្រីថា មិនចាំបាច់តឹងរ៉ឹងពេកទេដោយគ្រាន់តែបង្កើតទម្លាប់ល្អខ្លះៗដល់កូនដូចជា ផ្តល់ការណែនាំ រកសកម្មភាពសិក្សាផ្សេងៗមកបង្ហាញដូចជា បង្កើតសម្ភារៈសិក្សានៅផ្ទះជាដើម។ គ្រឿងសម្រាប់កូនលេងដែលជាចំណែកជំរុញចំណងកូនឱ្យកាន់តែចូលចិត្តរៀននោះ អាចជារបស់របរដូចជារូប អក្សរ លេខ បណ្ណរូបភាព ឬរូបផ្គុំជាដើម។ ក្នុងនោះផងដែរអាចមានជា ផ្ទាំងចំណេះដឹងនានា ដែលមានការតុបតែងពណ៌ទាក់ទាញចិត្តក្មេងៗបិទជាប់នឹងជញ្ជាំង ដែលអាចឱ្យកូនងាយចងចាំមិនខាន។
ជាអ្វីដែលអ្នកស្រីសង្កេត មាតាបិតាមួយចំនួនពិតជាប្រឹងប្រែងខំរកលុយ ហើយធ្វើការគ្មានពេលនៅក្បែរកូននិងទូន្មានប្រៀនប្រដៅកូន ដោយបណ្តោយឱ្យកូនៗអាចក្លាយជាក្មេងមានបញ្ហាសតិអារម្មណ៍ កំសាក ខ្វះចំណេះ ឬរហូតក្លាយជាបញ្ហាអូទ្រីហ្សឹមក៏មាន។ អ្នកស្រីក្នុងនាមជាម្តាយមួយរូប ស្នើឱ្យឪពុកម្តាយនិងអាណាព្យាបាលទាំងអស់ គួរបែងចែកពេលវេលាឱ្យបានសមស្របសម្រាប់ខ្លួនឯង ការងារ និងកូនៗ ព្រោះថាគ្មានអ្វីប្រសើរជាងគ្រួសារមានសុភមង្គល កូនមានសុខភាពល្អនិងអនាគតល្អឡើយ។
អ្នកស្រី យឹម សារិយ៉ា និងសមាជិកក្រុមគ្រួសារ។រូបភាពពីសាត ឌិច ។
ចំណែកអ្នកម្តាយមួយរូបទៀតគឺអ្នកស្រី ញ៉ែម សុធារី បង្ហាញមតិស្រដៀងគ្នាថា អ្នកស្រីបានរៀបចំកន្លែងសិក្សាមួយសម្រាប់កូនៗ ទោះមិនទាន់ល្អប្រសើរ មិនទាន់ពេញលក្ខណៈជាបណ្ណាល័យនៅឡើយក្តី តែក៏ជាកន្លែងសិក្សាធម្មតាមួយដែលអាចឱ្យកូនៗសិក្សាបាន។ ជាយោបល់របស់អ្នកស្រី បើសិនជាគ្រួសារដែលមានលទ្ធភាព គួរតែរៀបចំបណ្ណាល័យសិក្សាមួយ ទោះសៀវភៅត្រឹម៤ទៅ១០ក្បាលក៏ដោយក៏ប្រសើរដែរ ព្រោះបណ្ណាល័យផ្តល់ចំណេះដឹងថ្មីៗនិងទម្លាប់ការអានដល់សមាជិកគ្រួសារទាំងមូល។ អ្នកស្រីស្នើដល់ឪពុកម្តាយគួរមានទម្លាប់អានសៀវភៅនៅមុខកូនៗ ឬអានឱ្យកូនៗស្តាប់តាំងពីកូននៅតូចៗ ហើយពន្យល់ពួកគេពីសារៈសំខាន់នៃការអានសៀវភៅនិងទម្លាប់កូនៗឱ្យរៀបចំសម្លារៈសិក្សាពួកគេឱ្យមានសណ្តាប់ធ្នាប់។
អ្នកស្រី ញ៉ែម សុធារី និងសមាជិកក្រុមគ្រួសារ។រូបភាពពីសាត ឌិច ។
ដោយឡែកអ្នកស្រី កុល សៀប ជាមាតាមួយរូបដែលនោះបង្ហាញថា អាណាព្យាបាលគួរតែមានទូរសៀវភៅប្រៀបដូចជាកូនបណ្ណាល័យមួយនៅផ្ទះ ដើម្បីទុកឱ្យកូនអាន។ ម្យ៉ាងវិញទៀត អ្នកស្រីថាត្រូវកាត់បន្ថយការឱ្យទូរសព្ទទៅកូនលេង មកជាការឱ្យកូនកាន់សៀវភៅវិញ។ សម្រាប់អ្នកស្រីការបង្កើតទម្លាប់ ឱ្យកុមារអានសៀវភៅពីតូច នឹងធ្វើឱ្យកុមារមានការយកចិត្តទុកដាក់ខ្ពស់និងចងចាំបានល្អ។ ជាការយល់ឃើញរបស់អ្នកស្រី កុមារដែលចូលចិត្តអាន តែងតែមានដំណោះស្រាយដោយសន្តិភាពនិងក្នុងផ្លូវវិជ្ជមានជានិច្ច ព្រមទាំងមានសុខភាពផ្លូវចិត្តល្អទៀតផង។ ការអានជួយឱ្យកុមារអភិវឌ្ឍផ្នែកភាសា ចេះពាក្យច្រើន និយាយច្បាស់ៗនិងត្រឹមត្រូវ ហើយក៏អាចជួយឱ្យកុមារចូលចិត្តការសិក្សា មានទម្លាប់ល្អ សីលធម៌ល្អ ទំនាក់ទំនងល្អ និងក្លាយជាបុគ្គលជោគជ័យនៅថ្ងៃអនាគត។
អ្នកស្រី កុល សៀប ជាម្ចាស់គ្រឹះស្ថាន KS Book។
ការបង្កើតបណ្ណាល័យគ្រួសារនេះ មិនចាំបាច់ចំណាយថវិកាច្រើនឡើយ គឺគ្រាន់តែមានកន្លែងសមរម្យមួយ ហើយអាចដាក់សៀវភៅ ៤ ទៅ ១០ ក្បាលក៏បានដែរ។ បើមានលទ្ធភាព ក្រុមគ្រួសារអាចទិញសៀវភៅមកដាក់ឱ្យច្រើន ហើយប្រភេទផ្សេងៗពីគ្នា ដើម្បីសមាជិកគ្រួសារងាយស្រួលអាន៕
អត្ថបទខ្លីសរសេរដោយ សាត ឌិច សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕