en     km
en     km

អគ្គនាយកដ្ឋានពន្ធដារបំភ្លឺរឿងចោទប្រកាន់លើកការប្រមូលពន្ធ ខណៈការបង់ពន្ធបានពន្យាដល់ខែតុលា

Share

អគ្គនាយកដ្ឋានពន្ធដារបានចេញមុខបំភ្លឺរឿងចោទប្រកាន់ថា រដ្ឋគិតតែប្រមូលពន្ធ ខណៈប្រទេសផ្សេងបានកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្តហើយ។ អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ទោះរាជរដ្ឋាភិបាលចេញគោលការណ៍លើកទឹកចិត្តមែន តែប្រជាពរដ្ឋនៅតែជាប់ពន្ធលើវិស័យមួយចំនួនដដែល ដោយសារអគ្គនាយកដ្ឋានពន្ធដារ ដាក់គោលនយោបាយប្រមូលពន្ធលើសចំនួន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ខណៈអគ្គនាយកដ្ឋានពន្ធដារសម្រុកប្រកាសថ្ងៃអវសាននៃការបង់ពន្ធលើអចនលទ្រព្យ និងដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ និងប្រញាប់ឱ្យម្ចាស់លើរបស់ទ្រព្យទាំងនេះទៅបង់ពន្ធឱ្យទាន់ពេលវេលាបង្ការទណ្ឌកម្មរដ្ឋបាល ស្រាប់មានមតិមហាជនជាច្រើន បានចេញមតិរិះគន់លើស្ថានប័នមួយនេះយ៉ាងចាស់ដៃ។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារបានចេញការបំភ្លឺលើមតិរិះគន់នេះថា គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។ ស្ថាប័នប្រមូលពន្ធនេះបញ្ជាក់ថា ចំពោះការលើកឡើងដែលថារាជរដ្ឋាភិបាលបានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺមានចេតនាបំភាន់ មូលបង្កាច់ និងចោទប្រកាន់លើការអនុវត្តការងាររបស់អង្គភាពកន្លងមក។

មហាជនបានរិះគន់លើការប្រមូលពន្ធក្នុងប្រទេសកម្ពុជាថា រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងទៀតកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត។ ត្រង់ចំណុចនេះ អគ្គនាយកដ្ឋានពន្ធដារបានចេញមុខអះអាងថា ការប្រមូលពន្ធចំណូល ដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព។ តែយ៉ាងណា ស្ថាប័នដដែលនេះ បញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរពីការសម្រួលបរិយាកាសវិនិយោគ ដោយដាក់ចេញនូវវិធានការលើកទឹកចិត្តស្ទើគ្រប់វិស័យ។ “រាជរដ្ឋាភិបាលបាននិងកំពុងពិចារណាបន្ថែមលើក្របខណ្ឌក្នុងការរសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជារយៈពេលកំណត់សមស្របក្នុងការចាប់ផ្ដើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្ដបុគ្គល”។ នេះបើយោងតាមការបំភ្លឺពីអគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់វិស័យដែលរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារមានដូចជា គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ដោយអនុគ្រោះការអនុវត្តអាករលើតម្លៃបន្ថែមមានជាឧស្សាហកម្មកាត់ដេរ វាយនភ័ណ្ឌ ផលិតស្បែកជើង ការបូបយួរ ការបូបដៃជាដើម។ លើសពីនេះមានវិស័យមូលបត្រ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យអប់រំ វិស័យទេសចរណ៍ វិស័យសំណង់ វិស័យអចលនទ្រព្យក្រោម៧ម៉ឺនដុល្លា និងវិស័យផ្សេងៗទៀតក៏រាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារដែរ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា រឿងដែលបណ្ដាលឱ្យបញ្ហាពន្ធកើតមានឡើងដោយសារ ការមិនបានជូនដំណឹងរបស់ស្ថាប័នប្រមូលពន្ធឱ្យបានច្បាស់លាស់ទៅកាន់ម្ចាស់របស់ទ្រព្យ និងការមិនយល់ពីច្បាប់ពន្ធរបស់ម្ចាស់ទ្រព្យផងដែរ។

ទោះជារាជរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធលើវិស័យមួយចំនួន តែលោក គី សេរីវឌ្ឍន៍បញ្ជាក់ថាអគ្គនាយកដ្ឋានពន្ធដាននៅតែយកពន្ធដដែល ព្រោះតែគោលនយោបាយបង្កើនប្រាក់ចំណូលឱ្យលើសផែនការរបស់អគ្គនាយកដ្ឋានពន្ធដារ ហេតុនេះស្ថាប័នមួយនេះប្រឹងប្រមូលឱ្យគ្រប់តាមគោលនយោបាយ។

យ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះថា រដ្ឋគួរតែរៀបចំឱ្យមានប្រព័ន្ធផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ នោះនឹងជួយឱ្យគ្មានវិត្តិកើតឡើង និងមានស្ថិរភាពផងដែរ។

គួរជម្រាបថា ខណៈការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យមិនទាន់គ្រប់ចំនួន អគ្គនាយករដ្ឋានពន្ធដារបានពន្យាពេលបង់ពន្ធបន្ថែមទៀតរហូតដល់ចុងខែតុលាឆ្នាំ២០២៣៕

 

Share

Image
Image
Image