en     km
en     km

ទេសចរនៅសហគមន៍កោះផ្ដៅខេត្តក្រចេះនៅតែស្ងប់ស្ងាត់ទោះកូវីដ១៩មិនមានករណីឆ្លងថ្មីយូរហើយក្ដី

Share

ទោះវិបត្តិកូវីដបានធូរស្បើយ និងមិនមានករណីឆ្លងថ្មី នារយៈពេលចុងក្រោយនេះក្ដី តែឥទ្ធិពលរបស់នៃវិបត្តិសកលមួយនេះនៅតែផ្ដល់ផលប៉ះពាល់ខ្លះៗដល់វិស័យទេសចរណ៍។ ជាក់ស្ដែងសហគមន៍អេកូទេសចរណ៍កោះផ្ដៅនាខេត្តក្រចេះ មិនមានភ្ញៀវទេសចរទៅលេងកម្សាន្ដដូចកាលមុនមានជំងឺកូវីដរាតត្បាតឡើយ ធ្វើឱ្យសេវាកម្មទេសចរណ៍មួយចំនួនត្រូវបានទុកចោល។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សហគមន៍អេកូទេសចរណ៍កោះផ្ដៅក្នុងខេត្តក្រចេះ ជាតំបន់ទាក់ទាញទេសចរបរទេសបែបធម្មជាតិមួយកន្លែង ដែលអាចឱ្យភ្ញៀវទៅសម្រាកកម្សាន្តតាមរបៀបរស់នៅបែបសហគមន៍មូលដ្ឋាន។ តែតំបន់ទេសចរណ៍មួយនេះ បានប្រែជាស្ងប់ស្ងាត់ខ្លាំងក្រោយវិបត្តិកូវីដ១៩ រាតត្បាត និងបិទផ្អាកទទួលស្វាគមន៍ទេសចរមួយរយៈពេលធំ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបានឱ្យដឹងថា ការធ្លាក់ចុះនៃភ្ញៀវទេសចរនៃសហគមន៍អេកូទេសចរណ៍កោះផ្ដៅ ក៏មានមូលហេតុផ្សេងទៀតផងដែរ ដូចជាកត្តាភូមិសាស្ដ្រតំបន់មិនសូវអំណោយផលនៃការលេងកំសាន្ត។ បើទោះជាភ្ញៀវក្នុងស្រុកមិនសូវមកលេងកំសាន្តក៏ពិតមែន តែលោកប្រធានមន្ទីរទេសចរណ៍ថា សហគមន៍អេកូទេសចរណ៍កោះផ្ដៅនេះក៏នៅអាចទាក់ទាញភ្ញៀវទេសចរបរទេសមកលេងកំសាន្តខ្លះៗផងដែរ។

ដោយឡែកលោក ព្រំ សារិន ប្រធានសហគមន៍អេកូទេសចរណ៍កោះផ្ដៅ បានលើកឡើងប្រាប់សារព័ត៌មានក្នុងស្រុកថា តាំងពីកូវីដ១៩ធូរស្រាលមក ភ្ញៀវទេសចរក៏ធ្លាក់ចុះយ៉ាងគំហុក ខណៈមុនវិបត្តិកូវី១៩ សហគមន៍របស់លោក អាចទទួលបានភ្ញៀវជាង៥០០នាក់ក្នុងមួយឆ្នាំ តែសម្រាប់៨ខែ នៃឆ្នាំ២០២៣នេះ បានត្រឹមតែជាង៥០នាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ថា បញ្ហានេះអាចមកពីកោះផ្ដៅបានបិទមិនទទួលទេសចរយូរពេក ទោះរាជរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការវិញក៏ដោយ។ លោកថា ការរាតត្បាតកូវីដ១៩នេះហើយ បណ្ដាលឱ្យបាត់បង់ចំណូលប្រជាពលរដ្ឋក្នុងសហគមន៍ និងសេវាកម្មទេសចរណ៍មួយចំនួនត្រូវបានទុកចោល។

គួរជម្រាបថា សហគមន៍អេកូទេសចរណ៍នៅទឹកដីឦសានមួយនេះ ភ្ញៀវទេសចរអាចជិះទូកទស្សនាសត្វផ្សោត សត្វស្លាប ទស្សនាថ្ងៃលិច ជិះកង់ ឬម៉ូតូសហគមន៍។ ក្រៅពីនេះ នៅរដូវកសិកម្មទេសចរអាចដាំដុះ ច្រូតកាត់ដំណាំ ជាមួយប្រជាពលរដ្ឋក្នុងសហគមន៍បានផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះបញ្ជាក់ថា ក្រោយពេលស្ថានភាពទឹកទន្លេមេគង្គស្រកចុះទៅវិញ មន្ទីរទេសចរណ៍នឹងបន្ដផ្សព្វផ្សាយសក្ដានុពលនានាក្នុងខេត្តបន្ថែមទៀត ជាពិសេសសហគមន៍អេកូទេសចរណ៍កោះផ្ដៅ ដើម្បីទាក់ទាញទេសចរឡើងវិញ។ យ៉ាងណាអំឡុងពេលនេះ ការផ្សព្វផ្សាយគឺផ្ដោតខ្លាំងតែតំបន់ដែលទេសចរអាចទៅទស្សនាបានតែប៉ុណ្ណោះ។

ក្នុងរយៈពេល ឆមាសទី១ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរ២.៨លាននាក់ ក្នុងចំណោមទេសចរសរុប១១លាននាក់។ ចំនួននេះកើនឡើង៤០០ភាគរយបើធៀបឆ្នាំ២០២២។ នេះបើយោងតាមក្រសួងទេសចរណ៍។ ចំណែកជំងឺកូវីដ១៩នៅកម្ពុជា ផ្អែកតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល មួយរយៈពេលចុងក្រោយនេះមិនមានការឆ្លងថ្មីទៀតទេ៕

Share

Image
Image
Image