en     km
en     km

យុវជន កែវ សុវណ្ណឫទ្ធិ ជឿជាក់ថាក្រសួងមុខងារសាធារណៈនឹងរកយុត្តិធម៌ឱ្យខ្លួននិងសមាជិកក្រុម

Share

ខណៈគ្មានការឆ្លើយតបណាបន្ដទៀតពីក្រសួងអប់រំ រយៈពេលជិត៣សប្ដាហ៍ចុងក្រោយនេះលើករណីលោក កែវ សុវណ្ណឫទ្ធិ ជនរងគ្រោះបានងាកមុខព្រួញថ្មីទៅកាន់ក្រសួងមុខងារសារធារណៈម្ដងនាសប្ដាហ៍ទី ៨នេះ ដើម្បីស្នើឱ្យក្រសួងនេះអន្ដរាគមន៍រកយុត្តិធម៌ជូនលោក និងសមាជិកក្រុម។ នៅថ្ងៃទី២៥ ខែកញ្ញានេះលោកបានថ្មើរជើងពីមុខក្រសួងអប់រំ ទៅព្រះអង្គដងកើ និងឆ្ពោះទៅកាន់ក្រសួងមុខងារសាធារណៈ តែលោកមិនអាចឈានជើងសូម្បីមួយជំហានចូលក្នុងក្រសួង ព្រោះតែឯកសណ្ឋានរបស់លោក។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ដូចការគ្រោងទុកដែលធ្លាប់លើកឡើងកាលពីសប្ដាហ៍មុន គឺនៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ យុវជន កែវ សុវណ្ណឫទ្ធិ អតីតគរុនិស្សិតឯកទេសអប់រំកាយ បានយកញត្តិមួយទៅដាក់នៅក្រសួងមុខងារសាធារណៈ។ លោកបានផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុស្ដ្រីថា លោកជឿជាក់យ៉ាងមុតមាំចំពោះក្រសួងមុខងារសាធារណៈ នឹងអាចជួយអន្ដរាគមលើករណីរបស់លោក និងសមាជិកចំនួន១១នាក់ផ្សេងទៀត ខណៈក្រសួងនេះ ជាប់ពាក់ព័ន្ធជាមួយក្រសួងនានាផងដែរ។

ឈរនៅមុខក្រសួងអប់រំបានមួយសន្ទុះនៅពេលព្រឹកនេះ យុវជន កែវ សុវណ្ណឬទ្ធិ ក៏បន្តដំណើរហែញត្តិរបស់ខ្លួនឆ្ពោះទៅបូជនីយដ្ឋានព្រះអង្គដងកើសិន ដើម្បីសុំពរជ័យក្នុងផ្លូវជំនឿ។ ក្នុងដំណើរថ្មើរជើងនេះ គេសង្កេតឃើញមានកងកម្លាំងសមត្ថកិច្ច នគរបាល អ្នកសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន រួមអ្នកដំណើរមួយចំនួនផង បានតាមដាន និងខ្លះបានចូលរួមជាមួយសកម្មភាពរបស់អតីតគរុនិស្សិតរូបនេះផងដែរ។

លើដំណើរផ្លូវឆ្ពោះទៅកាន់ក្រសួងមុខងារសាធារណៈ យុវជន កែវ សុវណ្ណឫទ្ធិ ដែលថ្ងៃនេះលោកបានបន្តោកសេរ៉ូមដៃខាងឆ្វេងផងនោះ មកតវ៉ាទាំងឈឺទាំងជា ដោយមិនរអាជាមួយការបញ្ចេញកម្ដៅរបស់ព្រះអាទិត្យយ៉ាងក្ដៅនាព្រឹកម៉ោងជាង៩នោះឡើយ។ ឆ្លងកាត់ពីវិថីមួយទៅកាន់វិថីមួយក្រោមក្រខ្សែភ្នែកអាជ្ញាធរ និងមហាជនតាមដងផ្លូវរយៈពេលជាងមួយម៉ោង យុវជនរូបនេះបានមកដល់មុខអគ្គនាយកដ្ឋាននៃកងយោពលខេមរភូមិន្ទលើផ្លូវសហព័ន្ធរុស្ស៊ីក៏បោះជើងសម្រាកបន្តិចសិន។ ដោយមើលឃើញពីការតស៊ូរបស់ប្អូនទាំងដៃបន្តោកសេរ៉ូមបែបនេះ ហើយមួយអាទិត្យមានពេលតែមួយថ្ងៃសម្រាប់ការតវ៉ារកយុត្តិធម៌ឱ្យខ្លួនឯង លោក កែវ សុវណ្ណរ៉ា ជាបងប្រុសបានអំពាវនាវ សូមរដ្ឋមន្ដ្រីមេត្តារកដំណោះស្រាយឱ្យខ្លួន តាមរយៈការឆ្លើយតបនឹងសំណួរ រឿងគរុនិស្សិតដែលលើសអាយុ៣នាក់ផ្សេងទៀត បានបន្ដការសិក្សា ទោះខុសលក្ខខណ្ឌដូចគ្នាក៏ដោយនោះ។ លោកបន្ដថា លោកមិនរឹងរុះដោយមិនព្រមស្ដាប់ការណែនាំពីក្រសួងនោះទេ តែការឆ្លើយតបរបស់ក្រសួងទៅវិញទេ ដែលមិនទាន់សមស្របតាមការចង់បាន។

ខណៈដើរថ្មើរជើងជាង១១គីឡូម៉ែត្រ យុវជន កែវ សុវណ្ណឫទ្ធិ បានមកដល់មុខក្រសួងមុខងារសាធារណៈ។ តែអ្វីធ្វើឱ្យយុវជនរូបនេះ ហាក់ស្រងាកចិត្តយ៉ាងខ្លាំង គឺលោកមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងក្រសួងនោះទេ ដោយសារឯកសណ្ឋានកីឡារបស់លោក។ មន្ដ្រីនៃក្រសួងនេះបានអនុញ្ញាតឱ្យតែលោក កែវ សុវណ្ណារ៉ា ជាបងប្រុសចូលម្នាក់ប៉ុណ្ណោះ។

ក្រោយពេលលោកបានដាក់ញត្តិរួចរាល់ លោកបានបញ្ជាក់ប្រាប់អុ្នកសារព័ត៌មានថា រដ្ឋបាលនឹងបញ្ជូនឯកសារទៅកាន់ថ្នាក់លើនៅថ្ងៃនេះ តែមិនទាន់អាចបញ្ជាក់ថានឹងទៅដល់រដ្ឋមន្ដ្រី លោក ហ៊ុន ម៉ានី ពេលណានោះទេ រងចាំថ្នាក់លើពិនិត្យចារជាមុនសិន។

ក្នុងរឿងនេះដែរកញ្ញា សុខ រតនា ដែលជាប្រជាពលរដ្ឋម្នាក់បានចូលរួមក្នុងការហែញត្តិពីមុខក្រសួងអប់រំ ទៅកាន់កន្លែងសក្ការៈព្រះអង្គដងកើ បានលើកឡើងថា កញ្ញាមកនេះដើម្បីលើកទឹកចិត្តលោក កែវ សុវណ្ណឫទ្ធិ ទោះមិនបានទៅដល់ក្រសួងមុខងាសាធារណៈក៏ដោយ។ ការមកលើកទឹកចិត្តលោក កែវ សុវណ្ណឫទ្ធិ ដូចនេះ ព្រោះកញ្ញាមើលឃើញថា ក្រសួងអប់រំមិនទាន់ផ្ដល់ភាពយុត្តិធម៌សម្រាប់យុវជនរូបនេះ ហើយកញ្ញាមិនចង់ឃើញអ្នកជំនាន់ក្រោយរងភាពអយុត្តិធម៌បែបនេះទៀតទេ។

គួរជម្រាបថា ញត្តិដែលយុវជន កែវ សុវណ្ណឫទ្ធិ ចំណាយកម្លាំងដើរថ្មើរជើងយកទៅដាក់ជូនក្រសួងមុខងារសាធារណៈ គឺមានកម្មវត្ថុ ស្នើសុំគោលការណ៍អន្តរាគមន៍រកយុត្តិធម៌ ចំពោះករណីលុបឈ្មោះរបស់លោក និងយុវជន១១នាក់ ចេញពីបញ្ជីរាយនាមគរុនិស្សិតទាំងកម្រិត១២+២ និងកម្រិត១២+៤ពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយខុសប្រក្រតី។

គួរម្លឹកដែរថា កាលពីខែកក្កដា កន្លងទៅក្រសួងអប់រំបានចេញការបំភ្លឺថា ករណីរឿងយុវជន កែវ សុវណ្ណឫទ្ធិនេះ ក្រសួងលុបឈ្មោះដោយលោកខុសនិងលក្ខខណ្ឌកម្ពស់ក្នុងការជ្រើសរើស។ ក្រសួងកំណត់គរុនិស្សិតឯកទេសអប់រំកាយបុរស ត្រូវមានកម្ពស់១.៦៥ម៉ែត្រឡើងទៅ តែលោក កែវ សុវណ្ណឫទ្ធិមានកម្ពស់១.៦២ម៉ែត្រ។

លោក កែវ សុវណ្ណឫទ្ធិ បញ្ជាក់ជំហរថា នៅសប្ដាហ៍ក្រោយលោកនឹងមកសាកសួរព័ត៌មានម្ដងទៀត ដើម្បីជំរុញដំណើរការនេះឱ្យបានឆាប់ ករណីរដ្ឋមន្រ្តីមិនកោះហៅឱ្យចូលជួបដោះស្រាយបញ្ហានេះ៕

Share

Image
Image
Image