ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ សមាជិកចំនួន ៣៣នាក់ដែលជាអ្នកប្រកបរបបសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគម IDAE បានចូលរួមវគ្គបណ្តុះបណ្តាលពីរបៀបនៃការប្រើប្រាស់អេបមួយមានឈ្មោះថា app connect ។ វគ្គបណ្តុះបណ្តាលដែលរៀបចំឡើងនៅការិយាល័យសមាគម អាយឌៀ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមឱ្យចេះប្រើប្រាស់អេបមួយនេះ ក្នុងការផ្សព្វផ្សាយព័ត៌មាននានាជុំវិញវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដល់អ្នកប្រើប្រាស់អេបមួយនេះ។
សកម្មភាពនៃវគ្គបណ្តុះបណ្តាលការប្រើប្រាស់អេបថ្មីapp connect។
លោក កៅ ពឿន ជាគ្រូប្រចាំសមាគមនិយាយថា អេបនេះនឹងផ្តល់ព័ត៌មានកាន់តែសម្បូរបែរ ទាក់ទងរឿងវ៉ាវនានាជុំវិញវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពោលគឺអ្នកប្រើប្រាស់អាចផ្តល់ព័ត៌មានដែលមានសារៈសំខាន់ ជាក់លាក់ ហើយខ្លឹមសារផ្តល់ជាព័ត៌មានការអប់រំសម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។លោកបញ្ជាក់ថា អេបនេះមិនអាចប្រើប្រាស់ដោយសេរីទេ គឺអ្នកចង់ប្រើប្រាស់ត្រូវមកភ្ជាប់និងតម្លើងអេបនេះនៅសមាគមអាយឌាទើបអាចប្រើបាន។ ចំណែកអេបនេះត្រូវបានដំណើរការនៅក្នុងតំបន់អាស៊ានចំនួនបួនប្រទេសរួចមកហើយ។ គ្រូបណ្តុះបណ្តាលប្រាប់បន្ថែមថា ការប្រើប្រាស់អេបនេះមានលក្ខខ័ណ្ឌតម្រូវមួយចំនួនដោយអ្នកប្រើមិនត្រូវនិយាយវាយប្រហារបុគ្គល ឬនិយាយប៉ះពាល់អង្គព្រះមហាក្សត្រ និងបញ្ហានយោបាយនោះទេ។
សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល។
លោក ប៊ុន សឿន សិក្ខាកាមម្នាក់ដែលបានរៀនក្នុងវគ្គបណ្តុះបណ្តាលនេះនិយាយថា តាមអ្វីដែលលោកបានរៀនអំពីអេប connect នេះ គឺអេប connect ជាប្រព័ន្ធចែកចាយនិងទំនាក់ទំនងសង្គមជាតិ ផ្ដោតទៅលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងទ្វីបអាស៊ីមានគ្រុប connect ១។ សម្រាប់អត្ថប្រយោជន៍របស់អេបនេះ គឺអ្នកប្រើប្រាស់ទទួលបានព័ត៌មាននិងការចែករំលែកចំណេះដឹងនិងបញ្ហាផ្សេងៗសម្រាប់អ្នកសេដកិច្ចក្រៅប្រព័ន្ធ។
លោកបញ្ជាក់បន្ថែមទៀតថា អេបមួយនេះ ក៏ធ្វើឱ្យបងប្អូនអ្នករកស៊ីប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធចេះជួយយកអាសារគ្នា ចេះស្រឡាញ់ ចេះរាប់អានគ្នាទៅវិញទៅមក និងអាចផ្តល់ការគាំទ្រគ្នាផងដែរ ពេលមានករណីថៅកែគាបសង្កត់រំលោភបំពានសិទ្ធិបុគ្គលិកផងដែរ៕
អត្ថបទខ្លីសរសេរដោយ អេន ម៉ាឌី សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕