ភ្នំពេញ៖ កម្ពុជាមានករណីជំងឺហ្ស៊ីកាដំបូងលើកុមារីអាយុ៧ឆ្នាំម្នាក់ រស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងសុខាភិបាលបានឱ្យដឹងថា កុមារីដែលមានជំងឺហ្ស៊ីកានោះ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្នែកសង្គ្រោះបន្ទាន់កុមារ ដោយមានរោគសញ្ញា ក្តៅខ្លួនខ្លាំង មានក្អួត និងរាក។ គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកបានធ្វើតេស្តរហ័សរកជំងឺគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ បន្ទាប់គ្រូពេទ្យបានបន្តយកវត្ថុវិភាគនិងបានផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រ ជាលទ្ធផលនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺវិជ្ជមានវីរុសហ្ស៊ីកា។
ក្រសួងសុខាភិបាល ក៏បានឱ្យដឹងពីមូលហេតុនៃជំងឺនេះថា វីរុសហ្ស៊ីកាឆ្លងមកមនុស្ស តាមរយៈ មូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ ហើយជំងឺហ្ស៊ីកាអាចឆ្លងតាមការរួមភេទជាមួយអ្នកដែលផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសនេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាលនិងខួរឆ្អឹងខ្នង។ លើសពីនេះវីរុសហ្ស៊ីកាក៏ឆ្លងពីម្តាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងនៅពេលសម្រាលផងដែរ៕