en     km
en     km

កម្មវិធីប្រកួតប្រជែងជជែកដេញដោលនៅថ្នាក់វិទ្យាល័យជំរុញសិស្សានុសិស្សប្រឹងប្រែងសិក្សាស្រាវជ្រាវបន្ថែម

Share

ខេត្តកែប៖ កាលពីពេលថ្មីៗនេះរដ្ឋបាលខេត្តកែបបានរៀបចំកម្មវិធីប្រកួតប្រជែងជជែកដេញដោលលើប្រធានបទមួយចំនួននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ​ដល់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បី ដណ្តើមពានរង្វាន់អភិបាលនៃគណៈអភិបាលខេត្តកែប។ កម្មវិធីប្រកួតប្រជែងនេះ រៀបចំឡើងជាផ្នែកមួយជួយជំរុញឱ្យសិស្សៗកាន់តែខិតខំសិក្សារៀនសូត្រនិងស្រាវជ្រាវអ្វីដែលថ្មីបន្ថែមពីការសិក្សាតាមកម្មវិធីរបស់ក្រសួងអប់រំ។

សិស្សានុសិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ​ចូលរួមកម្មវិធីសំណេះសំណាល។

លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប មានប្រសាសន៍ថា កម្មវិធីនេះ មានជជែកលើការអប់រំនិងបរិស្ថាន។ លោកថាការផ្តួចផ្តើមកម្មវិធីនេះឡើងដើម្បី ចង់ឱ្យយុវជនទាំងអស់មានភាពក្លាហាននិងចេះស្រាវជ្រាវលើបញ្ហាដែលកំពុងកើតមានជាក់ស្តែង។ ពិសេស ចង់បណ្តុះឱ្យសិស្សមានទម្លាប់ជជែកវែកញែក ដើម្បីចេះដោះស្រាយបញ្ហារួមមួយប្រកបដោយប្រសិទ្ធភាព”។  

លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបថ្លែងទៅកាន់សិស្សានុសិស្ស។

ចំណែកលោក ឡឹក ហាប់ នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បានបង្ហាញចំណាប់អារម្មណ៍ថា លោកមានក្តីរំភើបនិងរីករាយក្រៃលែង ដែលថ្នាក់ដឹកនាំបានជ្រើសរើសទីតាំងនិងសិស្សានុសិស្សនៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្សនេះ ដើម្បីធ្វើកម្មវិធីប្រកួតប្រជែងដេញដោល។

លោក ឡឹក ហាប់ នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។

តាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីបញ្ជាក់ថា ការប្រកួតជម្រុះលើកទី១ អ្នករៀបចំកម្មវិធីបានជ្រើសរើសប្រធានបទចំនួន៤ ដើម្បីឱ្យសិស្សប្រកួតប្រជែងតាមក្រុមនីមួយៗ។ ប្រធានបទទី១ គុណភាពសិក្សារបស់សិស្សអាស្រ័យលើគុណភាពបង្រៀនរបស់គ្រូបង្រៀន។ ប្រធានបទទី២ កុមារនិងយុវជនក្នុងសាលា ជាចលកររួមចំណែកអភិវឌ្ឍសាលារៀនឱ្យក្លាយជាសាលាគំរូ។ ប្រធានបទទី៣ ការបោះបង់ការសិក្សារបស់សិស្ស បណ្តាលមកពីកត្តាគ្រួសារ។ ប្រធានបទទី៤ គ្រូបង្រៀនជាមូលធនគ្រឹះក្នុងការអភិវឌ្ឍវិស័យអប់រំ។

សិស្សានុសិស្សទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ​ចូលរួមកម្មវិធីសំណេះសំណាល។

យុវសិស្ស មុយ ស្រីណុត ដែលជាប្រធានក្រុមទី៣និងជាក្រុមបដិសេធ ចាប់បានប្រធានបទទី៣ ការបោះបង់ការសិក្សារបស់ បណ្តាលមកពីកត្តាគ្រួសារ បានបង្ហាញអារម្មណ៍ថា កញ្ញាមានចិត្តសប្បាយ​និងត្រេកអរណាស់ដែលបានចូលរួមកម្មវិធីនេះ ព្រោះវាបានផ្តល់បទពិសោធនិងចំណេះដឹងផ្សេងៗដល់រូបនាង ព្រមទាំងធ្វើឱ្យសមាជិកក្រុមចេះសហការគ្នាបានល្អ។ កញ្ញាថា ប្រធានបទរបស់ក្រុមកញ្ញាចាប់បានគឺល្អមែនទែន ព្រោះធ្វើឱ្យពួកគេយល់កាន់តែច្បាស់ពីមូលហេតុនៃការបោះបង់ការសិក្សា​ ថាមិនមែនមកពីកត្តាគ្រួសារតែម្យ៉ាង​នោះទេ គឺមានកត្តាផ្សេងៗជាច្រើនទៀត។ ក្នុងនាមជាតំណាងកញ្ញារំពឹងថា កម្មវិធីនេះនឹងអាចធ្វើឱ្យឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសាលារៀន​មានមោទនភាពចំពោះកូនៗនិងសិស្សានុសិស្ស”។

យុវសិស្ស មុយ ស្រីណុត ប្រធានក្រុមទី៣និងជាក្រុមបដិសេធ។

ដោយឡែក យុវសិស្ស រឹម ហង្សតារា និយាយស្រដៀងគ្នាដែរថា ខ្លួនចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះណាស់ ព្រោះ​វាអាចជួយពង្រឹងសមត្ថភាពបន្ថែម ហើយអាចជួយឱ្យ​ប្អូន​​កាន់តែមានភាពក្លាហានជាងមុន។ ប្អូនប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបំណងឱ្យទាល់តែបាន”។

យុវសិស្ស រឹម ហង្សតារា។

សូមរំលឹកថា កម្មវិធីប្រកួតប្រជែងដេញដោលនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។ សមាសភាពចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីនេះ មានចំនួនសរុប៥៣នាក់ ដោយយកសិស្សថ្នាក់ទី១០និងថ្នាក់ទី១១ សរុប៨ក្រុម ហើយក្នុងមួយក្រុមៗមានចំនួន៥នាក់។ ក្នុងនោះ មានគ្រូដឹកនាំចំនួន៨នាក់និងគណៈកម្មការវាយតម្លៃការប្រកួតប្រជែង ចំនួន៥នាក់៕

អត្ថបទខ្លីសរសេរដោយ សាត ឌិច  សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

 

Share

Image
Image
Image