en     km
en     km

តើរដ្ឋាភិបាលគួរផ្ដល់ការគាំទ្របែបណា ដើម្បីអាចឱ្យពលរដ្ឋមានកូនច្រើន ជំរុញកំណើនប្រជាជន?

Share

ថ្លែងក្នុងពេលជួបកម្មកររោងចក្រ នៅស្រុកបាទី ខេត្តតាកែវ ​កាលពីពេលថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហើបពីការត្រៀមរៀបចំផែនការប្រជាសាស្រ្ត ដោយលើកទឹកចិត្តប្រជាពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្ការបញ្ហាប្រឈមខ្វះកម្លាំងពលកម្មនាអំឡុង ២៧ឆ្នាំខាងមុខ ដែលកម្ពុជានឹងត្រៀមក្លាយជាប្រទេសអភិវន្ឍន៍នៅឆ្នាំ ​​២០៥០។ ក៏ប៉ុន្តែ​សង្គម​ស៊ីវិល​បាន​លើក​ឡើង​អំពី​ចំណុច​សំខាន់​មួយចំនួន ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​ដើម្បី​អាច​សម្រេច​គោល​បំណង​នេះ ជាពិសេសរដ្ឋាភិបាល​ត្រូវមាន​គោល​នយោបាយផ្ដល់ការគាំទ្រដល់ពលរដ្ឋ ខ្លាចក្រែងមានបញ្ហាប្រឈម ជាពិសេសគឺភាពក្រីក្រ ដោយសារជីវភាព ឬចំណូលគ្រួសារនៅខ្វះខាត។ កញ្ញា ទាវ ឧស្សា សូមជូននូវសេចក្តីរាយការណ៍តទៅ៖

ដោយមើលពីស្ថានភាពរបស់ប្រទេសមួយចំនួន ដូចជាចិន និងប្រទេសអាស៊ានមួយចំនួនដូចសាំងហ្គាពួរ និងជប៉ុន បានដាក់ច្បាប់ឱ្យប្រជាពលរដ្ឋ១គ្រួសារបង្កើតកូនបានតែម្នាក់ ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងនេះកំពុងតែមានបញ្ហាប្រឈមនឹងកង្វះកម្លាំងពលកម្ម ដោយសារតែប្រទេសនោះសំបូរទៅដោយប្រជាពលរដ្ឋមានអាយុចូលសោធននិវត្តន៍។

បទពិសោធន៍ទាំងនេះ បូករួមទាំងរបាយការណ៍ព្យាករណ៍របស់ក្រសួងផែនការថាប្រទេសកម្ពុជានឹងក្លាយជាប្រទេសមនុស្សចាស់នៅឆ្នាំ ២០៥០  សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរយកកូនឱ្យបានច្រើន ដើម្បីធានានូវកម្លាំងពលកម្មពេញល្អសម្រាប់ឆ្នាំ ២០៥០ ដែលកម្ពុជាបានដាក់គោលដៅឱ្យក្លាយជាប្រទេសមានការអភិវឌ្ឍន៍ពេញលេញ។

សំឡេង៖ «ក្រសួងផែនការណ៍បានរាយការណ៍ថា ​តាមការព្យាករណ៍ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសមនុស្សចាស់​នៅឆ្នាំ ២០៥០ ដែលឆ្នាំ ២០៥០ កម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសអ្នកមាន ចឹងកុំឱ្យដល់ពេលណឹងប្រជាពលរដ្ឋយើងចាស់ច្រើនជាងក្មេង។ ប្រសិនទិន្នន័យនឹងប្រាកដប្រជា ​​​វាយតម្លៃ ត្រូវគិតគូរអំពីក្របខណ្ឌគោលនយោបាយប្រជាសាស្រ្តឡើងវិញ ​ព្រោះ២៧ឆ្នាំទៀតអត់យូរទេ ហើយប្រជាពលរដ្ឋយើងត្រូវការធានានូវ កម្លាំងពលកម្មពេញល្អយូរទើបទៅមុខរាប់ឆ្នាំ។​»

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ជុំវិញករណីនេះ លោក វ៉ន ពៅ​ ប្រធាន​សមា​គមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)​​​ បានសម្តែងការគាំទ្រនូវការលើកឡើងឱ្យប្រជាពលរដ្ឋយកកូនច្រើន តែក្នុងលក្ខខណ្ឌដែលពលរដ្ឋមានសេដ្ឋកិច្ចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់​​កូនរបស់ពួកគេ។

លោក វ៉ន ពៅ៖ «ការលើកឡើងឱ្យប្រជាពលរដ្ឋយកកូនច្រើនជារឿងមួយដែលត្រឹមត្រូវ បើសិនជាប្រពលរដ្ឋទាំងអស់គាត់មានលទ្ធភាពចិញ្ចឹមកូនគាត់បានគ្រប់គ្រាន់ ក្នុងការឱ្យទៅរៀនសូត្រ ការផ្គត់ផ្គងអាហាររូបត្ថម្ភ​បរិបូរណ៍ដូចប្រទេសជិតខាងដូចជា សាំងហ្គាពួរ ម៉ាឡេស៊ី ថៃ ខ្ញុំគិតថាជារឿងល្អ ដែលគាត់លើកឡើងបែបនេះ​ ប៉ុន្តែក្នុងស្ថានភាពបែបនេះ យើងឃើញថាពលរដ្ធយើង អ្នកដែលមានកូនច្រើនគឺពិបាកច្រើនមែនទែនទាក់ទងនឹងសេដ្ធកិច្ចប្រចាំគ្រួសាររបស់គាត់ ចឹង​បើសិនមានកូនច្រើននៅរងទុកលំបាកវេទនា ចិញ្ចឹមកូនមិនគ្រប់ផងតើថាឱ្យមានកូនច្រើន ធ្វើមិចនឹងកើត»។  ​

លោក វ៉ន ពៅ​ ប្រធាន​សមា​គមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA)​​​

ទាក់ទិននឹងប្រធានបទនេះ លោក ប៉ា ចន្ទ​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម ​បានយល់ថា ការត្រៀមគោលនយោបាយប្រជាសាស្រ្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមានកូនច្រើននេះគឺជាការត្រៀមរៀបចំដោះស្រាយបញ្ហាវិបត្តិប្រជាសាស្រ្តរបស់កម្ពុជានាពេលអនាគត។ ដ្បិតថាប្រសិនបើគ្មានការត្រៀមគោលនយោបាយប្រជាសាស្រ្តបែបនេះទេ អនាគតកម្ពុជាប្រឈមនឹងខ្វះកម្លាំងពលកម្ម និងសំបូរមនុស្សចាស់ដែលជាបន្ទុកសម្រាប់សង្គមនិងរដ្ឋាភិបាលផងដែរ។ ​

ទោះយ៉ាងណាអ្នកសិក្សា​ស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ បន្ថែមផងដែរថា រាជរដ្ឋាភិបាលគួរបង្កើតនូវលក្ខខណ្ឌគាំទ្រដល់ប្រជាពលរដ្ឋមានលទ្ធភាពនិងប្រសិទ្ធភាព ទើបការដាក់គោលនយោបាយនេះមានប្រសិទ្ធភាព។

លោកបានបន្តឱ្យដឹងថា​៖ «វាទាល់តែរដ្ឋាភិបាលនឹងមានគោលនយោបាយមួយទៀតគឺគាំពារឪពុកម្តាយតាំងពីពេលដែលស្រ្តីគាត់មានគក៌រហូតដល់ ការចិញ្ចឹមបីបាច់កូនអាយុ១៨ឆ្នាំដែរ អាណ្ណឹងទើបការដាក់ចេញនូវគោលនយោបាយ ជម្រុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ​យកកូនច្រើន អាចអនុវត្តទៅបានមានប្រសិទ្ធភាព»។

 

លោក ប៉ា ចន្ទ​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម ​

ទោះជាបែបនេះក្ដីលោក ប៉ា ចន្ទរឿន បានបញ្ជាក់ផងដែរថា គោលនយោបាយជំរុញឱ្យពលរដ្ឋមានកូនច្រើននេះ គឺជាផែនទីចង្អុល ប៉ុន្តែវាមិនមែនជាអំណាចឬជាច្បាប់ចាប់បង្ខំឱ្យប្រជាពលរដ្ឋ ចាំបាច់ត្រូវតែធ្វើនោះទេ។ ចំណែកលោក វ៉ន ពៅ ក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋដែលមានកូនច្រើន អាចជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជាប្រឈមធ្លាក់ខ្លួនក្នុងស្ថានភាពក្រីក្រ និងកើនឡើងការចំណាក់ស្រុកជាដើម បើយោងទៅលើសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន។

លោក វ៉ន ពៅ៖«ទី១គឺ អាចប្រឈមនឹងភាពក្រីក្រ ​ដោយសារគាត់មានកូនច្រើន អត់មានលទ្ធភាព​​​ចិញ្ចឹមកូន ដូចខ្ញុំលើកខាងដើមចឹងថា​ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើងមិនធូធារដូចប្រទេសជិតខាងទេ ចឹងកាលណាមានកូនច្រើនអាចនឹង ប្រឈមនឹងធ្លាក់​ខ្លួនទៅក្នុងស្ថានភាពក្រីក្រ ធ្វើឱ្យអ្នកខ្លះរហូតដល់បង្ខំចិត្តយកកូនឱ្យអ្នកដែលស្នំកូនថែមទៀតផង ហើយមិនត្រឹមតែប៉ុណ្ណឹងវាអាចមានការកើនឡើងការចំណាកស្រុកកាន់តែច្រើនៗ ​​ដោយសារខ្វះលទ្ធភាពចិញ្ចឹមកូនចៅហ្នឹងហើយ ទើបគាត់សុខចិត្តទៅប្រទេសជិតខាងស្វែងរកការងារធ្វើ គ្រប់គ្រងជីវភាពប្រចាំថ្ងៃរបស់គាត់ ហ្នឹងហើយដែលយើងឃើញថាអាចប្រឈមច្រើនណាស់ចំពោះអ្នកដែលមានកូនច្រើន ដូចតែខ្ញុំលើកឡើងខាងលើតែរដ្ឋរៀបចំសេដ្ឋកិច្ចឱ្យល្អបានរៀបចំឱ្យយកកូនកើត បើដូចសព្វថ្ងៃទៅមិនរួចទេ។»

លោកបានបន្ថែមផងដែរថា  ​ដើម្បីឆ្លើយនឹងអ្វីដែលសម្តេចហ៊ុន ម៉ាណែត បានលើកឡើង រាជរដ្ឋាភិបាលគួរតែផ្តល់ការលើកទឹកចិត្តដោយឧបត្ថម្ភទាំងអាហារូបត្ថម្ភនិងការរៀនសូត្រ ជូនទៅដល់គ្រួសារមានកូនចាប់ពី​២ ឡើងទៅ ព្រមទាំងរៀបចំប្រព័ន្ធសេដ្ឋកិច្ចឱ្យដំណើរការ ល្អនិងរៀបចំប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ ទើបការឡើងរបស់សម្តេចនឹងអាចមានប្រសិទ្ធភាព។ 

​​​​មិនខុសពីមន្រ្តីសង្គមស៊ីវិលផ្សេងទៀត លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA) បានបង្ហាញទស្សនៈគាំទ្រ​ដែល​​គ្រួសារខ្មែរមានសមាជិកច្រើន ដែលជារឿងល្អសម្រាប់ប្រទេសជាតិមួយ ត្រូវការកម្លាំងពលកម្មសម្រាប់ពង្រីកសក្តានុពលផ្នែកសេដ្ឋកិច្ច។​ ក្រៅពីនេះ លោកបានលើកឡើងផងដែរថា ការមានកូនច្រើន គឺបន្ទុកមួយសម្រាប់គ្រួសារ ប៉ុន្តែអ្វីដែលពលរដ្ឋចង់ដឹងនោះ គឺរដ្ឋគួរទទួលបន្ទុកបែបណាក្នុងការជួយជ្រោមជ្រែងអ្នកដែលមានកូនច្រើនបែបនេះ​។

ទន្ទឹមនេះ លោក សន ជ័យ ស្នើនូវគោលនយោបាយមួយគាំទ្រគ្រួសារដែលមានកូនច្រើនមានជីវភាពខ្វះខាត។ ពោលគឺគោលនយោបាយបែបបរិយាប័ន្ន ​ដែលពិគ្រោះយោបល់លើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​​ដែលចង់មានកូនច្រើន និងស្វែងរកដំណោះស្រាយប្រសិនបើប្រជាពលរដ្ឋមានជីវភាពខ្វះខាត។

លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា (ANSA)

លោក សន ជ័យ៖ «​​​យើងដឹងហើយថាពេលខ្លះទៅកុមារ បាន​បោះបង់ការរៀនសូត្រ​ដោយសារកត្តាគ្រួសារក៍ច្រើនដែរ  កត្តាគ្រួសារមានន័យថាឪពុកម្តាយត្រូវធ្វើចំណាក់ស្រុករកការងារ ធ្វើដោយមិនទៀងទាត់ចឹងកូនត្រូវ​ប៉លាស់តាមឪពុកម្តាយជាដើម»«យើងចង់ឃើញគោលនយោបាយ​មួយកើតឡើង ហើយគោលនយោបាយនោះគឺជាគោលនយោបាយបែបបរិយាប័ន្ន ដែលគោលនយោបាយមួយបង្កើតឡើង​ដោយការពិគ្រោះយោបល់លើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដែលចង់មានកូនច្រើន ហើយបើសិនពួកគេមានជីវភាពខ្វះខាតតើធ្វើអីគេខ្លះចឹងហ្អាស់»។

សម្តេចហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់អំពីតុល្យភាពរវាងកំណើនសេដ្ឋកិច្ចនិងប្រជាជនផងដែរ។ ដើម្បីច្បាស់លាស់លើការងារនេះនាយករដ្ឋមន្ត្រីក៏បានប្រាប់ដល់​ ក្រសួងផែនការ និងក្រសួងពាក់ព័ន្ធទាំងអស់គិតគូរអំពីគោលនយោបាយ ព្យាករណ៍តុល្យភាពទុកឱ្យហើយដើម្បីឱ្យមានការធានាកុំឲ្យហួសសមត្ថភាពចិញ្ចឹម បង្ការកុំឲ្យដល់ពេល ៣០ឆ្នាំក្រោយចាប់ផ្តើមថយកម្លាំង។​

ទន្ទឹមនឹងការលើកឡើងខាងលើ លោក វ៉ន ពៅ ប្រធាន​សមា​គមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏បានសូមអំពាវនាវដល់ដល់រដ្ធាភិបាលអាណាត្តិ​​​ទី៧នេះ រៀបចំសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។  

លោក វ៉ន ពៅ ៖ «ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ​​ទៅដល់រដ្ធាភិបាល មុននឹងឱ្យពលរដ្ឋយកកូនច្រើន គាត់ត្រូវរៀបចំសេដ្ឋកិច្ចឱ្យដំណើរការ ប្រាក់ចំណូលប្រជាពលរដ្ឋឱ្យធូធារ ហើយ​ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនឹងធ្វើយ៉ាងណា​ឱ្យមានលទ្ធភាពដោះបំណុលធនាគារឱ្យបានគ្រប់គ្រាន់ ទើបទៅរួច» «​​សម្រាប់រដ្ធាភិបាលអាណត្តិ​​​ទី៧ ត្រូវគិតឱ្យបានមែនទែនទាក់ទងនឹង ប្រាក់ចំណូលពលរដ្ឋធ្លាក់ចុះ ត្រូវតែជួយគិតបំណុលធនាគាររបស់ពលរដ្ឋ គិតអំពីតម្លៃប្រេងឥទ្ទនៈ គិតអំពីទំនិញសព្វសារពើ ដែលជាការឆ្លើយតបទៅនឹងប្រាក់ចំណូលនិងចំណាយរបស់ប្រជាពលរដ្ឋវិញផង ទើបជាការល្អ» 

ពាក់ព័ន្ធនឹងការលើកទឹកចិត្តឱ្យពលរដ្ឋមានកូនច្រើនដើម្បីជំរុញកំណើនប្រជាជននេះ កាលពីឆ្នាំ២០១៩ កន្លងទៅសម្តេច ស ខេង អតីតរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ ដែលបានលើក​ទឹក​ចិត្តឲ្យ​ប្រជា​ពល​រដ្ឋ​​​យក​កូន​ឲ្យ​បាន​ជា​មធ្យម​ ៥នាក់​ ក្នុង​ ១គ្រួសារ ក្រោមហេតុផលថា លទ្ធផលជំរឿនកាលពីឆ្នាំ​២០១៩ កម្ពុ​ជា​មាន​ប្រជាជន​សរុប​ចំនួន ១៥,​២ លាន​នាក់ ប៉ុណ្ណោះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង