ក្រោយមានសារព័ត៌មានអនឡាញផ្សព្វផ្សាយពីការតែងតាំងមន្ដ្រីម្នាក់ឱ្យកាន់តំណែងធំ និងឡើងស័ក្ដិ៤ បន្ទាប់ពីគេទើបចូលបម្រើការងារ ហើយមានការរិះគន់ពីមហាជន អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញមុខបំភ្លឺពីករណីនេះ។ អ្នកនាំពាក្យបញ្ជាក់ថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្ដិនោះគឺអនុវត្តតាមបញ្ញតិ្តទាំងឡាយនៃក្របខណ្ឌមន្ដ្រីនគរបាលជាតិ។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានចេញការបំភ្លឺមួយកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២៣ បានឆ្លើយតបទៅកាន់សារព័ត៌មានអនឡាញមួយចំនួនដែលបានផ្សាយតៗគ្នាថា “មន្ដ្រីប៉ូលីសអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុម្នាក់ចូលធ្វើការបានបីឆ្នាំឡើងស័ក្ដិ៤ និងជានាយរងការិយាល័យ”។ ក្នុងសេចក្ដីបំភ្លឺនោះអ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្ដិលោកវរសេនីយ៍ត្រី ឡេង វិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តតាមបញ្ញតិ្តទាំងឡាយ នៃព្រះរាជក្រឹត្យស្ដីពីលក្ខន្ដិកៈដោយឡែកនៃក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។
ការបំភ្លឺរបស់អ្នកនាំពាក្យនេះ ធ្វើឡើងក្រោយមានការរិះគន់ពីមហាជនទៅកាន់មន្ដ្រីរូបនោះថា ទើបតែបំពេញការងារបាន៣ឆ្នាំប៉ុណ្ណោះ តែអាចឡើងស័ក្ដិ៤ និងមានការតែងតាំងតួនាទីជា នាយរងការិយាល័យផង។ ឆ្លើយតបនឹងការរិះគន់នេះ អ្នកនាំពាក្យថា គឺអនុវត្តតាមមាត្រា ១៤ នៃព្រះរាជក្រឹត្យ ខណៈបុគ្គលនោះបានបំពេញនូវលក្ខណសម្បត្តិជាអាទិ៍ ការគោរពវិន័យ ការចាត់តាំង កិរិយាមាយាទ និងសីលធម៌ សមត្ថភាពបំពេញការងារភារកិច្ច ទំនាក់ទំនងការងារ សុខភាព និងចំណេះដឹង។ លើសពីនេះមាត្រា១៦ នៃព្រះរាជក្រឹត្យក៏បានចែងដែរថា ក្នុងករណីមន្ដ្រីនគរបាលជាតិកម្ពុជាណាម្នាក់បំពេញការងារមានស្នាដៃល្អពិសេស ត្រូវបានដំឡើងឋានន្តរស័ក្ដិមួយថ្នាក់ដោយពុំគិតពីលក្ខខ័ណ្ឌ និងអតីតកាលឡើយ។ ស្របពេលជាមួយគ្នាមុខតំណែងជា នាយរងការិយាល័យ គឺធ្វើឡើងតាមគោលការណ៍ “បំពេញប្រអប់” ផ្អែកតាមបទបញ្ញត្តិទាំងឡាយនៃព្រះរាជក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិនានាឥតប្រាសចាក។
លោកវរសេនីយ៍ត្រី ឡេង វិចិត្របានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពាណិជ្ជសាស្ដ្រ និងបានបញ្ចប់វគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដោយបន្ថែមថាលោកក៏ធ្លាប់មានបទពិសោធន៍ជាមន្ដ្រីកិច្ចសន្យានៅនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្នែករដ្ឋបាលទូទៅនៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញាក្រសួងមហាផ្ទៃតាំងពីឆ្នាំ២០១៦មកម្លេះ។
តែយ៉ាងណាអ្នកប្រើប្រាស់បណ្ដាញសង្គមបានចូលបញ្ចេញមតិក្នុងការបំភ្លឺនេះថា នៅពេលមានបញ្ហាផ្អើលដល់ពលរដ្ឋម្ដងណា ក្រសួងពាក់ព័ន្ធចេញមកបកស្រាយ គឺមិនចេះខុសនោះទេ។ អ្នកបញ្ចេញមតិនោះបានលើករឿងកាលពីឆ្នាំ២០២១ថា មានមន្ត្រីស័ក៤ម្នាក់ចេញប្លន់ តែអាជ្ញាធរឆ្លើយតបថាមន្ត្រីម្នាក់នោះកាន់ប័ណ្ណក្លែងក្លាយទេ ទោះឃើញមានស៊ីញ៉េ និងមានត្រាត្រឹមត្រូវក៏ដោយ។ អ្នកបញ្ចេញមតិបន្ថែមថា បើមន្ដ្រីស័ក្ដិ៤នោះមិនចេញប្លន់ទេ ប្រហែលមិនដឹងថាម្នាក់ហ្នឹងក្លែងក្លាយមួយជីវិត។
តែផ្ទុយពីរឿងរ៉ាវខាងលើ កាលពីពេលថ្មីៗនេះដែរ ក្រសួងមហាផ្ទៃទើបដកហូតមុខតំណែងស្នងការរងនគរបាលខេត្តកំពតម្នាក់ដែរ ក្រោយមហាជនរិះគន់ថាយកអ្នកមានប្រវត្តិមិនល្អ ធ្លាប់លួយទ្រព្យសម្បត្តិពលរដ្ឋ ឱ្យកាន់មុខតំណែងធំ។ ការដកហូតតំណែងនោះបានទម្លាក់លោក ហេង ហាប់ ឱ្យជាមន្ដ្រីធម្មតាវិញ ដោយសារល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ទន្ទឹមគ្នាដែរ ក្រសួងមហាផ្ទៃបានអះអាងថា ខ្លួនសូមរក្សាសិទ្ធិក្នុងការការពារខ្លួនស្របតាមច្បាប់ ចំពោះការបើកកកាយ បកស្រាយ និងការផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលផ្ទុយពីការពិត គ្មានប្រភពច្បាស់លាស់ ខ្វះការផ្ទៀងផ្ទាត់ព័ត៌មាន និងមានចរិតបរិហាកេរ្ដី៍ ឬញុះញង់ឱ្យមានការរើសអើងលើស្ថាប័នសាធារណៈ៕