en     km
en     km

គណបក្សភ្លើងទៀននៅតែគ្មានពន្លឺទទួលបានឯកសារច្បាប់ដើម ទោះជួបក្រសួងមហាផ្ទៃ៤លើកហើយក្ដី

Share

គណបក្សនយោបាយដែលបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្ស គឺបក្សភ្លើងទៀន នៅតែព្យាយាមស្នើសុំក្រសួងមហាផ្ទៃម្ដងហើយម្ដងទៀតចំនួន៤លើកមកគិតទាំងជំនួបនាព្រឹកមិញនេះ នៅតែគ្មានពន្លឺអាចទទួលបានឯកសារចាំបាច់មួយនេះដដែល។ ក្រសួងអះអាងថាមិនអាចចេញបានសារជាថ្មីបាន ដោយសំអាងលើបទប្បញ្ញត្តិ និងច្បាប់អនុញ្ញាត។ ក៏ប៉ុន្តែមន្ត្រីបក្សភ្លើងទៀន យល់ថា បច្ចេកទេសរឿងនេះអាចដោះស្រាយបាន ខ្លាចក្រែងតែជាលក្ខណៈនយោបាយ។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រូបតំណាង

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ជាជំនួបលើកទី៤ហើយ របស់គណបក្សភ្លើងទៀនជាមួយក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យស្ថាប័នកាន់បញ្ជីគណបក្សនយោបាយមួយនេះ ចេញឯកសារច្បាប់ដើមបម្រើដល់ដំណើរការនៃការបោះឆ្នោតនាពេលខាងមុខ។

បើតាមក្រសួងមហាផ្ទៃនេះជាជំនួប៤លើកមកហើយ តែចម្លើយដែលក្រសួងផ្ដល់ឱ្យបានត្រឹមធ្វើឱ្យគណបក្សនេះខកបំណងដដែល ដោយមិនអាចចេញឯកសារច្បាប់ដើមនេះម្ដងទៀតទេ។ ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានផ្ដល់សមត្ថកិច្ចឱ្យក្រសួងមហាផ្ទៃចេញជូនឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី ឬឯកសារច្បាប់ទុតិយតានៃប្រកាសចុះបញ្ជីឡើយ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

តែយ៉ាងណា គណបក្សភ្លើងទៀនបានស្នើ៣ចំណុចទៅកាន់ក្រសួងមហាផ្ទៃ ក្នុងពេលជួបជាមួយក្រសួង។ ចំណុចទាំង៣នេះ គឺ ១.ស្នើសុំចេញនូវលិខិតបញ្ជាក់ម្ដងទៀត ដោយយោងប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការចុះបញ្ជីគបក្សនយោបាយ។ ទី២. ស្នើសុំធ្វើទុតិយតាលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របសើក្រសួងមហាផ្ទៃ ឬចេញនូវប្រកាសចុះបញ្ជីជូនគណបក្សភ្លើងទៀនម្ដងទៀត។

ចំណែកទី៣. ស្នើសុំក្រសួងមហាផ្ទៃជួយអន្តរាគមន៍ណែនាំទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ខេត្ត ដើម្បីធ្វើនីត្យានុកូលកម្មលើប្រកាសលេខ១៩៣ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ច្បាប់ចម្លងជូនគណបក្សភ្លើងទៀន។

រូបតំណាង

ឆ្លើយតបនឹងសំណើរទាំងនេះ តំណាងក្រសួងមហាផ្ទៃបាន បញ្ជាក់ទៅកាន់គណបក្សភ្លើងទៀនថា ទោះបក្សស្នើឱ្យក្រសួងចេញលិខិតបញ្ជាក់ជាថ្មីទៀត ក៏ក្រសួងមហាផ្ទៃមិនអាចចេញលិខិតបញ្ជាក់ណាខុសពីលិខិតលេខ ០៤៣ប ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ដែរ។ ចំណែកការស្នើសុំធ្វើឯកសារទុតិយតា ក៏ក្រសួងមិនអាចធ្វើបានដែរដោយសារគ្មានបទប្បញ្ញត្តិនៃច្បាប់ណាអនុញ្ញាត។ ពាក់ព័ន្ធរឿងស្នើទៅកាន់រដ្ឋបាលរាជធានីខេត្ត ជួយអន្ដរាគមន៍ធ្វើនីត្យានុកូលដ្ឋានក៏មិនអាចធ្វើបានដែរ ដោយសំអាងថាគ្មានបទប្បញ្ញត្តិ និងច្បាប់អនុញ្ញាតដូចគ្នា។

លោក គីមសួរ ភីរិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានប្រាប់វិទ្យុស្ដ្រីនៅរសៀលថ្ងៃទី២១ ខែកញ្ញា នេះថា គណបក្សនឹងពិចារណាតាមផ្លូវច្បាប់តទៅទៀត និងរងចាំការសម្រេចរបស់ថ្នាក់ដឹកនាំគណបក្ស។

គួរជម្រាបថា ក្រសួងមហាផ្ទៃធ្លាប់បានចេញលិខិតលេខ ០៤៣ប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ តាមការស្នើសុំរបស់គណបក្សភ្លើងទៀន ដើម្បីយកទៅប្រើការក្នុងដំណើរការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ តែលិខិតនេះត្រូវបាន គណៈកម្មធិការជាតិរៀបចំការបោះឆ្នោតបដិសេធមិនទទួលនោះទេ ដោយតម្រូវឱ្យយកតែឯកសារច្បាប់ដើមប៉ុណ្ណោះ តែគណបក្សនេះមិនមាននោះទេ ទើបព្យាយាមស្នើសុំក្រសួងមហាផ្ទៃចេញលិខិតនេះសារជាថ្មី។

ក្រោយពីបរាជ័យក្នុងការស្នើសុំឯកសារពីក្រសួងមហាផ្ទៃ លោកគីមសួរ ភីរិទ្ធិបញ្ជាក់ថា បើសិនជាលក្ខណៈបច្ចេកទេសរឿងនេះអាចដោះស្រាយបាន តែបើជាលក្ខណៈនយោបាយគឺគណបក្សភ្លើងទៀនមិនសង្ឃឹមនោះទេ។

គួររម្លឹកដែរ គណបក្សភ្លើងទៀនត្រូវបានខកខានចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ ដោយសារខ្វះឯកសារដើមនៃការចុះបញ្ជីគណបក្ស។ មន្ដ្រីនៃគណបក្សនេះធ្លាប់បានបញ្ជាក់ថាឯកសារនោះបានបាត់អំឡុងពេលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរបង្ក្រាបនាឆ្នាំ២០១៧៕

Share

Image
Image
Image