នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ សមាជិកសភាជាន់ខ្ពស់របស់ថៃឱ្យដឹងថា សភាគ្រោងនឹងចាត់វិធានការយ៉ាងម៉ត់ចត់ជុំវិញការប្រើប្រាស់កញ្ជាតាមទីសាធារណៈនៅក្នុងប្រទេស។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះ។
ចាប់តាំងពីឆ្នាំ២០២២ ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់ដោយគ្មានបទប្បញ្ញត្តិត្រឹមត្រូវ។ ករណីនេះបានបង្កជាភាពវឹកវរនៅក្នុងប្រទេសថៃ ជាពិសេសប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សដែលកំពុងរៀនសូត្រ។
ក៏ប៉ុន្តែនាថ្ងៃអង្គារ ទី២០ ខែកញ្ញាដដែលនេះ សមាជិកសភាជាន់ខ្ពស់មួយរូបនេះបញ្ជា្កក់ថា សភាគ្រោងរឹតបន្តឹងចំពោះតែការប្រើប្រាស់កញ្ឆាក្នុងន័យយកទៅកម្សាន្តសប្បាយប៉ុណ្ណោះ តែសភាគ្រោងនឹងជំរុញឱ្យប្រើប្រាស់ក្នុងដែនវេជ្ជសាស្រ្ត និងស្រាវជ្រាវឱ្យបានទូលំទូលាយ។
សេចក្តីព្រាងច្បាប់នេះ ត្រូវការពេលមួយឆ្នាំដើម្បីបញ្ចប់ និងអនុម័តជាធរមានសម្រាប់ដាក់ឱ្យប្រជាជនថៃបានប្រើប្រាស់ និងរួមគ្នាអនុវត្តតាមនីតិវិធី។ នៅក្នុងនោះដែរ ច្បាប់នេះក៏នឹងគ្របដណ្តប់លើការអនុញ្ញាតឱ្យដាំរុក្ខជាតិ ការលក់ ការចែកចាយ និងវិធានការតឹងរ៉ឹងប្រឆាំងនឹងការលក់នៅក្នុងបរិវេណប្រាសាទបុរាណ សាលារៀន និងសួនកម្សាន្តផ្សេងៗ៕
ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣