en     km
en     km

ទន្ទឹមនឹងមោទកភាព យុវជនជំរុញឱ្យថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីទាក់ទាញទេសចរ

Share

បន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោកនៃអង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត មានប្រជាពលរដ្ធខ្មែរជាច្រើនអបអរសាទរ ព្រមទាំងបេ្តជ្ញាជួយផ្សព្វផ្សាយរមណីដ្ធានវប្បធម៌មួយនេះផងដែរ។ កញ្ញាទាវ ឧស្សា ដែលជាអ្នកសារព័ត៌មានវ័យក្មេងរបស់វិទ្យុស្ត្រី បានព្យាយាមសម្ភាសន៍ពីចំណាប់អារម្មណ៍របស់យុវជន ដែលកំពុងសិក្សា និងធ្វើការនៅរាជធានីភ្នំពេញ។ ចង់ដឹងថា ពួកគេលើកឡើងនិង មានការអំពាវនាវបែបណា? សូមនាងកញ្ញា លោក លោកស្រី ស្ដាប់នូវបទយកការណ៍ របស់កញ្ញា ទាវ ឧស្សា ដោយមេត្រី

ទន្ទឹមនឹងមោទកភាព យុវជនទាំងនោះ ជំរុញឱ្យរួមគ្នាថែរក្សា ផ្សព្វផ្សាយ ពីកេរ​ដំណែលមិនអាចកាត់ថ្លៃបាននេះ និងធ្វើយ៉ាងណារក្សាអនាម័យបរិស្ថាន ដើម្បីទាក់ទាញទាំងទេសចរជាតិ និងអន្តរជាតិ។

កញ្ញា អេង ស្រីណុច ជាបុគ្គលិកក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញបានរៀ​បរាប់ប្រាប់វិទ្យុស្ត្រីថា ការដាក់តំបន់ប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ជាសក្តានុពលមួយដែលជាកេរមរកតដូនតាខ្មែរបានបន្សល់ទុក ដើម្បីឱ្យពិភពលោកស្គាល់ពីប្រទេសស្គាល់ពីប្រទេសកម្ពុជាបានកាន់តែច្រើន។  បន្ថែមពីនេះ កញ្ញាធ្លាប់ជានិសិ្សត រៀនជំនាញបដិសណ្ឋារកិច្ចម្នាក់ កញ្ញាបានលើកឡើងថាទេសចរណ៍នៅកម្ពុជាគឺមិនទាន់ទូលំទូលាយនៅឡើយ ដែលធ្វើឱ្យភ្ញៀវទេសចរមួយចំនួនមិនទាន់ដឹងថា កម្ពុជាសំបូរតំបន់ទេសចរដែលសុទ្ធសឹងជា សម្បត្តិវប្បធម៌បុរាណ ដូចជាប្រាសាទជាដើម។

ដូច្នេះហើយក្នុងនាមជាប្រជាពលរដ្ធខ្មែរមួយរូប ស្រីណុចប្តេជ្ញាថានឹងខិតខំជួយផ្សព្វផ្សាយ និងចែករំលែកព័ត៌មានទៅមនុស្សជុំវិញខ្លួន។

សំឡេង៖ «ក្នុងនាមបងជាប្រជាពលរដ្ធខ្មែរ អ្វីដែលអាចធ្វើបានគឺ យើងគួរធ្វើ មាតិកាចែករំលែកតាម Social Medie ដូចយើងដឹងហើយភាគច្រើនព័ត៌មានអីយើងដឹងពី Facebook Tik Tok យើងអាចបង្កើតជាវីឌីអូ និយាយអំពីប្រាសាទកោះកេរឱ្យគេដឹងកាន់តែច្រើន ហើយមួយទៀតក៏សំខាន់ដែរ ដែលយើងអាចចែករំលែកព័ត៌មានផ្សេងៗ ឬស្រាវជ្រាវពីប្រវត្តិផ្សេងៗ យើងអាចចែករំលែកទៅមិត្តភក្តិ ឬមិត្តរួមការងារ ដូចជាក់ស្តែងបងតែងតែចែករំលែកនូវកន្លែងបងចឹង»

 

  កញ្ញា អេង ស្រីណុច

ជាមួយគ្នានេះដែរ កញ្ញា សាមជឹម ជួនសុហ្រឹទសិរី ជានិសិត្សឆ្នាំទី១ ផ្នែកចិត្តវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ  បានបង្ហាញនូវ មោទកភាពនៅពេលដែល តំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយព្រមទាំងអះអាងថាការចូលជាសម្បត្តិបេតិកភណ្ឌនឹងអាចនាំភ្ញៀវទៅលេងកាន់តែច្រើន។  បន្ថែមពីនេះ កញ្ញានឹងសន្យាជួយផ្សព្វផ្សាយនិងលើកតម្កើងទេសចរក្នុងស្រុកថែមទៀតផង។  និស្សិតផ្នែកចិត្តវិទ្យារូបនេះក៏បានលើកឡើងពីការជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីផងដែរ។ 

 « យើងត្រូវចូលរួមទាំងអស់គ្នា មិនថាតែរដ្ឋាភិបាលឬអង្គការក្រៅរដ្ឋាភិបាលនោះទេ ត្រូវជួយផ្សព្វផ្សាយនិងលើកទឹកចិត្តឱ្យប្រជាជនទៅកន្លែងទាំងនោះឱ្យបានច្រើន ហើយមួយទៀតជួយបង្កើននិងផ្តល់ភាពងាយស្រួលឱ្យប្រជាជនងាយស្រួលធ្វើដំណើរ ដោយរក្សាតម្លៃអីវ៉ាន់នៅនឹងសមរម្យសម្រាប់ឱ្យភ្ញៀវទេសចរដែលទៅលេងមិនមានភាពលំបាកក្នុងការចំណាយចាយវាយ ក៏ដូចជាផ្លូវឱ្យងាយស្រួលធ្វើដំណើរកុំឱ្យពិបាក ហើយបង្កើនការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ឬក៏កុំឱ្យណាគេគាត់យកធុងបាសទៅរំខានកន្លែងនឹង និងដើម្បីឱ្យមើលទៅមានសណ្តាប់ធ្នាប់។ »

 

កញ្ញា សាមជឹម ជួនសុហ្រឹទសិរី

ងាកចេញពីកញ្ញា សិរី បន្តិច ឃើញមាននិស្សិតកំពុងអង្គុយនៅមាត់ស្រះក្នុងសកលវិទ្យាល័យ​ និងមានម្លប់ឈើត្រជាក់។ ក្រុមការងារវិទ្យុស្ត្រីបានជួបសម្ភាស កញ្ញា វីយ៉ា និសិត្សឆ្នាំទី៤ ជំនាញអក្សរសាស្រ្តខ្មែរ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ។ ​​កញ្ញាបានលើកឡើងថា កញ្ញាពិតជាសប្បាយចិត្ត​ដែល តំបន់រមណីយដ្ឋានប្រាសាទកោះកេរ បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។  ហើយ​ក្នុងនាមជាប្រជាពលរដ្ធខ្មែរ និស្សិតអក្សរសាស្ត្ររូបនេះ អំពាវនាវឱ្យកូនខ្មែរត្រូវជួយអភិរក្សអ្វីដែលមានឱ្យបានគង់វង្ស។

មិនខុសពីយុវជនផ្សេងទៀតដែរ​ វីយ៉ាក៏សំណូមពរដល់រាជរដ្ឋាភិបាលជួយរក្សា និងជ្រោមជ្រែងកែច្នៃទីនោះឱ្យកាន់តែល្អប្រសើរ។  

សំឡេង៖ «ខ្ញុំមានអារម្មណ៍ចិត្តនៅពេលដែលបានរមណីយដ្ឋានប្រាសាទកោះកេរបានចូលជាសម្បត្តិបេតិកភណ្ឌ ក្នុងនាមខ្ញុំប្រជាពលរដ្ឋ​ យើងទាំងអស់គ្នាជួយអភិរក្ស​បន្តទៀតនិងមើលថែអ្វីដែលមានហើយ»« ​ជួយមើលថែបន្ត ហើយជួយជ្រោមជ្រែង កែច្នៃទីនោះ​ឱ្យល្អជាងពីមុន។»

ប្រាសាទកោះកេរត្រូវបានកសាងឡើង ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ចន្លោះឆ្នាំ៩២៨-៩៤១ នៃគ.ស ក្រោយពីព្រះអង្គចាកចេញពីរាជធានីអង្គរមកតាំងរាជធានីថ្មីនៅតំបន់កោះកេរក្នុងឆ្នាំ ៩២១ នៃគ.ស។ ជាការពិតប្រាសាទកោះកេរ ជាប្រាសាទមួយដែលមានរចនាបទប្លែកពីគេ មានទីសក្ការៈបូជាព្រះសិវៈដ៏គួរឱ្យចាប់អារម្មណ៍ សំណង់ស៊ីវិល ស្រះទឹក អាងស្តុកទឹក និងផ្លូវបុរាណដែលឆ្លុះបញ្ចាំងពីឥទ្ធិពលនិងភាពអស្ចារ្យនៃអាណាចក្រខ្មែរ។ ប្រាសាទនេះ មានកម្ពស់៣៥ម៉ែត្រ មានជណ្ដើរចំនួន ៥៥កាំ(សព្វថ្ងៃមិនអាចប្រើបាន) និងមាន៧ថ្នាក់។ លើកំពូលប្រាសាទ មានរូបចម្លាក់ទម្រព្រះសិវលិង្គ ចំណែកចំកណ្តាលមានមាត់អណ្តូងប្រវែង៤ម៉ែត្រ៤ជ្រុងចុះទៅក្រោម។

 

លោក រ័ត្នមុនី វាសនា ជានិស្សិត ផ្នែកព័ត៌មានវិទ្យា(IT) ឆ្នាំទី១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបង្ហាញអារម្មណ៍មោទកភាពដែលប្រាសាទបុរាណខ្មែរបានក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រៅពីនេះ លោកក៏សំណូមពរដល់ភ្ញៀវទេសចរដែលគម្រោងទៅទស្សនាកំសាន្តនៅតំបន់រមណីដ្ឋានកោះកេរ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា។

សំឡេង៖ « ចង់ឱ្យប្រជាពលរដ្ធទាំងអស់ដែលបានទស្សនាប្រាសាទកោះកេរនឹង បើសិនគាត់មានភេសជ្ជៈឬនំចំណី សូមគាត់ប្រមូលសំរាមដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ជៀសវាងចោលពាសវាលពាសកាល​ វាបំផ្លាញបរិស្ថានបើឃើញសំរាម ហើយណាមួយ អាចបាត់បង់ភ្ញៀវទេសចរទៅទស្សនាច្រើនដែរ ព្រោះភាគច្រើន​ភ្ញៀវទេសចរអន្តរជាតិចូលចិត្តកន្លែងណាមិនថាកន្លែងបុរាណតែបើសិនបរិស្ថាននៅនឹងមានសំរាមច្រើន ​​ក៏បាត់បង់តាមនឹងខ្លះដែរ។»

ជាមួយគ្នានេះដែរ និសិត្សនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញដដែល ជំនាញផ្នែកអភិវឌ្ឍន៍សេដ្ធកិច្ច កញ្ញា ប៉ែត លីកា ក៏មិនខុសគ្នាប៉ុន្មានពីនិសិត្សផ្សេងៗទៀតដែរ។  កញ្ញាក៏បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយនៅពេលដែលបានដឹងឮនូវដំណឹងនេះ។ បន្ថែមពីនេះ កញ្ញាសុំសំណូមពរដល់ភ្ញៀវជាតិនិងអន្តរជាតិចូលរួម លើកស្ទួយដល់រមណីដ្ឋានកោះកេរនេះ ព្រមទាំងសំណូមពរដល់រាជរដ្ឋាភិបាលជួយអភិរក្សតំបន់កោះកេរ ឱ្យកាន់តែល្បីសុះសាយ។

សំឡេង៖ «ខ្ញុំចង់សំណូមពរ​ឱ្យពួកគាត់ជួយថែរក្សា ហើយក៏ដូចជាលើកស្ទួយដល់រមណីដ្ឋាន​ឱ្យភ្ញៀវទេសចរមកលេងកាន់តែច្រើន​ មួយទៀតជួយផ្សព្វផ្សាយទៅកាន់ភ្ញៀវបរទេសក៏ដូចជាប្រទេសខាងក្រៅឱ្យគាត់បានយល់ដឹងពីវប្បធម៌របស់ពួកយើងកាន់តែច្បាស់ ហើយជួយអភិរក្សកន្លែងនឹងឱ្យកាន់តែមានមុខមាត់កាន់តែខ្លាំងជាងនឹងទៅទៀត អត់ចង់ឱ្យវានៅតែត្រឹមនឹងទេ ចង់ឱ្យវាកាន់តែសុះសាយទៅដល់ក្នុងនឹងក្រៅប្រទេសឱ្យបានច្រើន »

 

កញ្ញា ប៉ែត លីកា

បច្ចុប្បន្ន នៅជុំវិញប្រាសាទកោះកេរ គេបានរកឃើញមានសំណល់បុរាណវិទ្យាចំនួន ១៦៩ និងប្រាសាទចំនួន ៧៦ ស្ថិតនៅលើផ្ទៃដីប្រមាណ៩គីឡូម៉ែត្រ ៤ជ្រុង ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ សំណល់បុរាណវិទ្យា និងប្រាសាទទាំងនោះ មានចម្ងាយពីគ្នាពី១គីឡូម៉ែត្រ ទៅ៣ឬ៤គីឡូម៉ែត្រ ប្រាសាទខ្លះបាក់បែកបាត់រូបរាង និងនៅកប់ក្នុងដីជាច្រើនទៀត។

ក្រៅពីនិសិត្សនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក សោម គង់វិសាល ដែលជានិសិត្សឆ្នាំទី១ ជំនាញសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ឬ cyber security នៅសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ក៏បានសម្តែងនូវសេចក្តីមោទកភាពក្នុងនាមជាកូនខ្មែរមួយរូបផងដែរ លោកក៏បានអះអាងដែលថា​ កម្ពុជានឹងមានកិត្តិស័ព្ទល្បីល្បាញ់ និងឱ្យបរទេសកាន់តែស្គាល់កម្ពុជាថែមទៀតផង។

លោកក៏បានបន្ថែមថា៖ « ក្នុងនាមខ្ញុំជាប្រជាពលរដ្ធខ្មែរ ខ្ញុំចូលរួមចំណែកក្នុងការជួយផ្សព្វផ្សាយបន្ថែមទៅកាន់ពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ដើម្បីបង្ហាញកេរតំណែលដូនតាខ្មែរវិសេសវិសាលនេះ ទៅកាន់ពិភពលោក​បានស្វែងយល់ និងអាចជាការថែរក្សាមួយបង្ហាញថាខ្មែរយើងមានសម្បត្តិវប្បធម៌មួយដែលមិនមានបច្ចេកវិទ្យាដូចសម័យទំនើបឥលូវតែខ្មែរអាចធ្វើបានចឹង»

 

លោក សោម គង់វិសាល

ក្រៅពីចូលរួមផ្សព្វផ្សាយ លោកក៏បានសំណូមពរដល់រាជរដ្ឋាភិបាលការពារតំបន់នេះមានការរក្សានូវទ្រង់ទ្រាយដើម យូរអង្វែងនិងព្យាយាមផ្សព្វផ្សាយបន្ថែមទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដ៏ដូចជាអាចបង្កើនចំណូលដល់ពលរដ្ឋក្នុងការផ្គត់ផ្គង់គ្រូសារ ដ៏ដូចជាអភិវឌ្ឍសេដ្ធកិច្ចឱ្យកាន់តែរីកចម្រើន។ 

ជាមួយគ្នានេះដែរ កញ្ញា ស្រ៊ុន ម៉ាឡែន ​ ជាបុគ្គលិកនៅក្នុងហាងកាហ្វេមួយនៅក្នុងរាជធានីភ្នំពេញ ក៏បានចូលរួមត្រេកអរ និងរួមទាំងសន្យាចូលរួមលើកតម្កើងវប្បធម៌  អរិយធម៌របស់ដូនតាខ្មែរ។ កញ្ញាក៏អំពាវនាវដល់ប្រជាជនខ្មែរដែលទៅលេងកំសាន្តតំបន់កោះកេរ ចូលរួមថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់នៅទីនោះ​។ 

សំឡេង៖ «ហើយតំបន់នោះអរិយធម៌​មានវប្បធម៌ត្រឹមត្រូវ ចឹងអ្នកទៅលេងកំសាន្តកុំចោលសំរាមផ្តេសផ្តាស កុំជក់បារីព្រោះអាចប៉ះពាល់ដល់ភ្អៀវទេសចរណ៍ផ្សេងទៀត​ មួយទៀតការពិសារស្រា ក៏អាចប៉ះពាល់ដែរ បើអាចកុំល្អជាង។» «ខ្ញុំចង់ឱ្យគាត់ដាំដើមឈើឱ្យបានច្រើននៅតំបន់ជុំវិញនោះ ហើយ​ឱ្យគាត់ជួយអភិរក្សដូចជាសត្វព្រៃផ្សេងៗដែលនៅតំបន់នោះ» 

 

សូមរំឭកថា គិតត្រឹមឆ្នាំ២០២៣ នេះប្រទេសកម្ពុជាបានចុះបញ្ជីសម្បត្តិវប្បធម៌រូបីជាសម្បត្តិបេតិកភណ្ឌពិភពលោកចំនួនបួនរួមមាន៖  តំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ២០០៨ តំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧ និងរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា៕

 

 

Share

Image
Image
Image