en     km
en     km

ស្វែងយល់អំពីជំងឺរលាកលំពែងស្រួចស្រាវ

Share

លំពែងគឺជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន ជួយដល់ការរំលាយអាហារ (enzymes digestifs) និងការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។ នេះបើយោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត។

តួយ៉ាង ជំងឺរលាកលំពែង តែងតែកើតមានជាញឹកញាប់ស្មើគ្នាលើស្រ្តីនិងបុរស ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបណ្ដាលបាត់បង់ជីវិតផងដែរ។ ដូច្នេះជំងឺរលាកលំពែងនេះ គឺទាមទារឲ្យមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត (urgence médicale) ។

តើជំងឺរលាកលំពែងស្រួចស្រាវជាអ្វី?

យោងតាមគេហទំព័រសុខភាព helloគ្រូពេទ្យ បានបង្ហាញថា​ ជំងឺ​រលាក​លំពែង​ស្រួច​ស្រាវ គឺ​ជា​ការ​រលាក​ភ្លាម​ៗ ដែល​កើត​ឡើង​មាន​រយៈពេល​ខ្លី ដែល​វា​មាន​កម្រិត​ចាប់​ពី​ស្រាល​ទៅ​ដល់​ធ្ងន់​ធ្ងរ។ អ្នក​ជំងឺ​ភាគ​ច្រើន​ដែល​មាន​ជំងឺ​នេះ នឹង​ជា​សះស្បើយ​ពេញ​លេញ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។ ចំពោះ​ករណី​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​មាន​​ហូរ​ឈាម​នៅ​ក្នុង​ក្រពេញ​នោះ​តែ​ម្ដង ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ជាលិកា​ក្រពេញ​ធ្ងន់​ធ្ងរ មាន​​បង្ក​រោគ និង​ធ្វើ​ឲ្យ​កើត​ជា​គីស។ ជំងឺ​រលាក​លំពែង​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សរីរាង្គ​សំខាន់​ផ្សេង​ទៀត​ដូច​ជា បេះដូង សួត និង​តម្រង​នោម។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

យ៉ាងណាមិញ ចំពោះមូលហេតុដែលបង្កឲ្យមានរលាកដល់សរីរាង្គលំពែងមានច្រើនយ៉ាង ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន៖ ពិសាគ្រឿងស្រវឹងច្រើនដែលមានរយៈពេលយូរ (alcoolisme chronique) និងអ្នកជំងឺមានបញ្ហាគ្រួសក្នុងផ្លូវទឹកប្រមាត់ដែលធ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង (calcul biliaire migrant)។​ មួយវិញទៀត ដោយសារប្រើប្រាស់ថ្នាំមួយចំនួនដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងមានជំងឺប្រចាំកាយផ្សេងៗទៀត (ដូចជា hémochromatose, maladie de Wilson, mucoviscidose )។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

តាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត រោគសញ្ញារបស់ជំងឺនេះរួមមាន៖ អ្នកជំងឺនឹងឈឺចុកចាប់ក្នុងពោះខ្លាំងភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម ក្អួតចង្អោរ មានទល់ខ្យល់និងទល់លាមក ឡើងកម្តៅខ្លួន និងមានហត់ដង្ហក់ពិបាកដកដង្ហើមជាដើម។ ចំពោះការធ្វើរោគវិនិឆ្ឆ័យជំងឺនេះផងដែរ គឺមានពិនិត្យឈាម (bilan sanguin) មើលអេកូពោះ និងថតស្គែនន័រផងដែរ(scanner abdomino-pelvien avec injection)…។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

ហើយចំពោះការព្យាបាលនៃជំងឺនេះ មន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា គឺតម្រូវឱ្យអ្នកជំងឺសម្រាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តរបស់ជំងឺ៕

Share

Image
Image
Image