en     km
en     km

សមាគមគ្រូបង្រៀនឯករាជ្យ គ្រោងរៀបចំទិវាគ្រូបង្រៀន៥តុលា ក្រោមប្រធានបទ “សេរីភាពសមាគម”

Share

ដោយមើលឃើញពីស្ថានភាពសេរីភាពសមាគមត្រូវបានគំរាមកំហែងមិនដូចមានចែងក្នុងច្បាប់ សមាគមគ្រូបង្រៀនឯករាជ្យគ្រោងរៀបចំដាក់ញត្តិមួយទៅកាន់ស្ថាប័នរដ្ឋមួយចំនួន នាឱកាសទិវាគ្រូបង្រៀនពិភពលោក៥តុលា ខាងមុខ។

លោកឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សមាគមគ្រូបង្រៀនឯករាជ្យ គ្រោងនឹងរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀនឯករាជ្យពិភពលោក នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខ ដោយលើកយកប្រធានបទ សេរីភាពសមាគម។ ផ្អែកតាមការជូនដំណឹងទៅកាន់ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញញា ឆ្នាំ២០២៣ សមាគមគ្រូបង្រៀនឯករាជ្យបានបញ្ជាក់ថា នឹងរៀបចំពិធីនៅទីលានប្រជាធិបតេយ្យភ្នំពេញ។

រូបតំណាង: កាលពីសមាគមគ្រូបង្រៀនធ្វើធម្មយាត្រាដើម្បីសីលធម៌សង្គម

ក្រោយជួបជុំនៅទីលានប្រជាធិបតេយ្យ សមាគមនឹងដឹកនាំដង្ហែក្បួនចេញពីទីលានឆ្ពោះទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី និងមន្ទីររដ្ឋសភា និងប្រកាសបិទកម្មវិធី។ នេះបើតាមការឱ្យដឹងពីសមាគមគ្រូបង្រៀន និងបានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយសមាគមក្នុងការរៀបចំកម្មវិធីនេះ ដោយក្ដីអនុគ្រោះផងដែរ។

លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា រដ្ឋបាលរាជធានីភ្នំពេញមិនទាន់មានការឆ្លើយតបណាមួយក្នុងការស្នើសុំនេះទេ។ លោកស្រីបញ្ជាក់ថា ជាទូទៅទាល់តែជិតដល់ថ្ងៃរៀបចំពិធី ទើបមានការឆ្លើយតបពីរដ្ឋបាល។

លោកស្រីបានទម្លាយឱ្យដឹងពីមូលហេតុដែលសមាគមគ្រូបង្រៀនលើកយកប្រធានបទ សេរីភាពសមាគម មកធ្វើនៅឆ្នាំនេះ ដោយសារការសង្កេតឃើញកន្លងមក សេរីភាពសមាគម តែងតែមានការគំរាមកំហែង និងបំបិទសិទ្ធិ ជាពិសេគ្រូបង្រៀននៅតាមបណ្ដាខេត្តក្រុង មិនដូចមានចែងក្នុងច្បាប់ដែលមានស្រាប់នោះទេ។

ទោះបីជាលោកស្រីទម្លាយពីមូលហេតុនៃប្រធានបទយ៉ាងណា​ តែចំពោះញត្តិដែលគ្រោងដាក់ទៅកាន់ស្ថានប័នរដ្ឋទាំងនោះ លោកស្រី អ៊ុក ឆាយាវីមិនទាន់អាចបង្ហើបបានទេ ថាតើផ្ដោតសំខាន់លើអ្វីនោះ ត្រូវរងចាំរហូតដល់ថ្ងៃកម្មវិធីតែម្ដង ទើបលោកស្រី ក៏ដូចជាសមាគមគ្រូបង្រៀនបញ្ចេញខ្លឹមសារនៃញត្តិនោះជាសាធារណៈ៕

Share

Image
Image
Image