en     km
en     km

លោកស្រី ជា សិរី៖ពិភពលោក និងតំបន់អាស៊ីកំពុងប្រឈមហានិភ័យនៃនយោបាយរូបិយវត្ថុរឹតត្បិត

Share

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ភាពមិនប្រាកដប្រជានៃសង្គ្រាមពិភពលោក ភាពតានតឹងភូមិសាស្ដ្រនយោបាយ បានធ្វើឱ្យមាននយោបាយហិរញ្ញវត្ថុរឹតត្បិតទាំងនៅលើពិភពលោក និងតំបន់អាស៊ី។ ការនេះនាំឱ្យប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងបន្ថយល្បឿនកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទេសាភិបាលមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៣ផងបានលើកឡើងថា ពិភពលោកនិងតំបន់អាស៊ី កំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃភាពតានតឹងនៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត។

ការលើកឡើងរបស់លោកស្រី ធ្វើឡើងនៅពេលចូលរួមក្នុងសិក្ខាសាលាជាន់ខ្ពស់ ដែលសហការរៀបចំរវាងធនាគារជាតិនៃកម្ពុជា  មជ្ឈមណ្ឌលស៊ាសិន និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

លោកស្រីអគ្គទេសាភិបាលបន្ថែមថា បញ្ហាទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់ការងើបឡើងនៃសេដ្ឋកិច្ច ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងធ្វើឱ្យមានការកើនឡើងគម្លាតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចពិភពលោក ដែលនឹងអាចបន្ថយល្បឿនកំណើនពាណិជ្ជកម្ម និងការវិនិយោគ។

នាពេលថ្មីៗនេះ ធនាគារកណ្តាលនៃប្រទេសធំៗបានបង្កើនអត្រាការប្រាក់ ដើម្បីប្រឆាំងនឹងអតិផរណា។ ការនេះបានធ្វើឱ្យប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ប្រឈមនឹងបញ្ហាជាច្រើន ដូចជា ការថយចុះលំហូរមូលធន ការថយថ្លៃរូបិយវត្ថុ និងបានជំរុញឱ្យប្រទេសទាំងនេះ ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដែរ។

លោកស្រី ជា សិរី អះអាងថា ក្នុងស្ថានភាពនេះ ប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍មិនត្រឹមតែត្រូវគ្រប់គ្រងសម្ពាធអតិផរណា និងអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើនការយកចិត្តទុកដាក់រក្សាហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុផងដែរ។ ក្នុងនាមជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីថា ជាដំណោះស្រាយត្រូវពង្រឹង និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចចម្រុះ  ដែលសមស្របសម្រាប់ឆ្លើយតបនឹងហានិភ័យសក្តានុពលដែលអាចនឹងកើតឡើង។ ទន្ទឹមគ្នាប្រទេសនីមួយៗគួរបន្ស៊ីការអនុវត្តគោលនយោបាយចម្រុះ ស្របតាមស្ថានភាពសេដ្ឋកិច្ចរៀងៗខ្លួន។

គួរជម្រាបថា នយោបាយរូបិយវត្ថុ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុមានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ ហេតុនេះលោកស្រី ជា សិរី បានបញ្ជាក់ថា អាជ្ញាធរគួរគិតគូល្អិតល្អន់ពីការផលប៉ះពាល់នៃការអនុវត្តនយោបាយដើម្បីសម្រេចបានគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ។

កាលពីពេលថ្មីៗនេះដែរ ធនាគារជាតិនៃកម្ពុជាបានដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន៥០លានដុល្លារ ដើម្បីរក្សាអត្រាប្ដូរប្រាក់ដុល្លានៅកម្ពុជា ដែលមានការកើនឡើងគួរឱ្យកត់សម្កាល់។ ក្រោយដំណើរការរយៈពេល២សប្ដាហ៍ ធនាគារជាតិបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញថា អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារហើយ។ តែយ៉ាងណា ធនាគារជាតិបញ្ជាក់ថានៅតែបន្ដគ្រប់គ្រងអត្រាប្ដូរប្រាក់បន្ថែមទៀត រហូតដល់អត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្របដែលជួយពង្រឹងអំណាចរបស់ប្រាក់រៀល និងបន្ដការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ក្រោយកូវីដ-១៩៕

Share

Image
Image
Image