ក្រសួងកសិកម្មរកឃើញថា អត្ថបទមួយដែលចេញផ្សាយដោយសារព័ត៌មាន CamboJA បានបំពានវិជ្ជាជីវៈអ្នកសារព័ត៌មានធ្ងន់ធ្ងរ ធ្វើឱ្យស្ថាប័នរដ្ឋមួយនេះលើកយកអតីតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យVOD មកព្រមាន បើសិនមិនកែតម្រូវជាបន្ទាន់។ លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយព្រមានទៅកាន់ស្ថាប័នសារព័ត៌មាន CamboJA កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយរកឃើញថា អត្ថបទមួយដែលចេញដោយស្ថានប័នផ្សព្វផ្សាយនេះបានបំពានក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានធ្ងន់ធ្ងរ។
ក្រសួងថា CamboJA News គួរចាត់វិធានការដើម្បីធានាថា ការបញ្ចេញអត្ថបទព័ត៌មានរបស់ខ្លួនគ្មានចេតនាអាក្រក់ និងការប្រមាថមើលងាយបែបនេះកើតឡើងវិញនាពេលអនាគតទៀតទេ បើមិនដូច្នោះទេ ក្រសួងព្រមានថាអាចនឹងនាំឱ្យមានចំណាត់ការផ្លូវច្បាប់ ដែលអាចឈានទៅដល់លទ្ធផល ឬវាសនាដូចគ្នានៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD ដែលរាជរដ្ឋាភិបាលបានបិទមិនឱ្យបន្ដការផ្សាយ។
គួរជម្រាបថា រឿងរ៉ាវមុនឈានដល់ការចេញលិខិតព្រមានបែបនេះ ដោយសារអត្ថបទមួយ ទាក់ទងដល់លោក នី ណាក់ ដែលជាសកម្មជនតស៊ូមតិហ៊ានរិះគន់រឿងរ៉ាវសង្គម រងការវាយដំ ហើយស្ថាប័នCamboJA ចេញផ្សាយកាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។ អត្ថបទនោះ មានដាក់ឈ្មោះអ្នកនិពន្ធឈ្មោះ ឃួន ណារីម តែអ្នកទាក់ទងទៅកាន់អ្នកនាំពាក្យក្រសួងកសិកម្មឈ្មោះថា Jack Brook តែមិនបានដាក់ឈ្មោះក្នុងអត្ថបទនោះទេ។ ក្រសួងកសិកម្មចោទសួរថា ហេតុអ្វី?
ក្រៅពីនេះ ក្រសួងរកឃើញថា អត្ថបទដែលចេញផ្សាយនោះ មានការបង្កប់ដោយចេតនានយោបាយ ដោយផ្អែកលើការបង្ហោះដែលគ្មានមូលដ្ឋាន និងភស្ដុតាងដើម្បីគាំទ្រការអះអាងនេះដែរ ធ្វើឱ្យក្រសួងបន្ដចោទសួរថា ហេតុអ្វីបានជា CamboJA News លោក Jack Brookនិងលោក ឃួន ណារីម មិនអើពើជាមួយលទ្ធភាពផ្សេងទៀត?
ក្រសួងបន្ដថា អត្ថបទនេះបានបញ្ចូលឈ្មោះរដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថាមិនអាចទាក់ទងសុំការបំភ្លឺបាន ទោះបីមានការពន្យល់ពីក្រសួង និងអ្នកនាំពាក្យក្រសួងក៏ដោយ ដែលនេះក្រសួងសង្កត់ធ្ងន់ថាជាការប៉ុនប៉ងដើម្បីភ្ជាប់ឈ្មោះរដ្ឋមន្ដ្រីទៅនឹងហេតុការណ៍។
ជាមួយគ្នាក្រសួងកសិកម្មថា កំពុងពិចារណាវិធានការតាមផ្លូវច្បាប់ប្រឆាំងអ្នកនិពន្ធ ពីបទបរិហារកេរ្តិ៍ ប្រសិនបើរកឃើញថាមានកំហុស។ ការព្រមាននេះ ព្រោះក្រសួងរកឃើញទៀតថា អត្ថបទនេះបានបញ្ចូលឈ្មោះបុគ្គលិករបស់អង្គការអាដហុក និងការអត្ថាធិប្បាយដោយប្រយោល និងបង្ខូចកេរឈ្មោះដែលមានខុសអក្ខរាវិរុទ្ធឈ្មោះលោក “Soeng Senkarun” និង “Senkaruan” ជាដើម ខណៈឈ្មោះមន្ដ្រីនៃសមាគមអាហុក គឺលោក សឹង សែនករុណា Soeng Senkaruna។
ផ្អែកតាមចំណុចដែលលើកឡើងខាងលើ ក្រសួងកសិកម្មជឿជាក់ថា អត្ថបទដែលស្ថាប័នសារព័ត៌មាន CamboJA ផ្សព្វផ្សាយ មានការអះអាង និងការចោទប្រកាន់ដែលមិនច្បាស់លាស់ ដែលជាចេតនារបស់ស្ថាប័នព័ត៌មាន និងអ្នកនិពន្ធផ្ទាល់។
ក្រសួងកសិកម្មជំរុញឱ្យ CamboJA កែតម្រូវជាបន្ទាន់ឬ ដកចេញនូវការអះអាង និងការប៉ាន់ស្មានមិនច្បាស់លាស់ ដែលធ្វើឱ្យខូចឈ្មោះថ្នាក់ដឹកនាំ ពិសេសដកឈ្មោះរដ្ឋមន្ដ្រីចេញពីអត្ថបទ។
ទាក់ទងក្នុងរឿងនេះ លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) ប្រាប់ថា ស្ថាប័នលោកបានសម្រេចកែតម្រូវតាមការស្នើរបស់ក្រសួងតម្រូវរួចហើយ។ ក្នុងន័យនេះលោកមិនទាន់មានប្រតិកម្មតបអ្វីចំពោះសារព្រមានរបស់ក្រសួងកសិកម្មឡើយ។
គួរម្លឹកដែរថា អតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធិ ថាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គឺជាអាវក្រោះមួយដែលការពារអ្នកសារព័ត៌មាន និងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មានឲ្យកាន់តែប្រសើរ ជាពិសេសក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តងដែលជាខែលការពារអ្នកព័ត៌មានពីការរិះគន់ និងប្តឹងផ្តល់នានា៕