en     km
en     km

មហាជននៅតែចោលភ្នែកមើលជនរងគ្រោះក្នុងការសិក្សា តែរដ្ឋមន្ដ្រីអប់រំបែរជិះឡានគេចមុខ

Share

នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកន្លែងរដ្ឋមន្ដ្រីក្រសួងអប់រំបំពេញការងារទាក់ទងវិស័យរបស់ខ្លួន តែបែរជារដ្ឋមន្ដ្រីមិនអើពើនិងសកម្មភាពឈរតវ៉ារបស់យុវជនម្នាក់ ដែលទាមទាររកយុត្តិធម៌ឱ្យខ្លួននិងបក្ខពួកជាច្រើនសប្ដាហ៍មកហើយ។ លោកបានបើករថយន្ដចេញទាំងមហាជនក្រឡែកមើលលើការតវ៉ាព្រោងព្រាត។

លោក ឡាក់ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សកម្មភាពឈរតវ៉ា ដោយសន្ដិវិធីរបស់អតីតគរុនិស្សិតឯកទេសអប់រំកាយ កែវ សុវណ្ណឫទ្ធិ នៅតែបន្ដនៅព្រឹកថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ នាមុខក្រសួងអប់រំ យុវជន និងកីឡា។ មហាជនធ្វើដំណើរតាមដងវិថីព្រះនរោត្តម តែងតែងាកភ្នែកទៅកាន់យុវជន កែវ សុវណ្ណឬទ្ធិ ទោះជាការតវ៉ារបស់អតីតគរុនិស្សិតរូបនេះបានធ្វើរយៈពេល៧សប្ដាហ៍កន្លងមកហើយក្ដី។

តែរឿងដែលគួរឱ្យកត់សម្កាល់ កាលពីសប្ដាហ៍មុន រដ្ឋមន្ដ្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានជិះឡានគេចចេញពីមុខការតវ៉ារបស់គរុនិស្សិតដែលកំពុងឈរពីមុខក្រសួងទាំងច្រងក់បែបនេះ។ នេះបើតាមការឱ្យដឹងពីលោក កែវ សុវណ្ណឫទ្ធិប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ។

ក្នុងពេលដែលអះអាងខ្លួនថាជាអ្នករងគ្រោះក្នុងការសិក្សា និងឃើញពីទង្វើរបស់រដ្ឋមន្ដ្រីក្រសួងអប់រំយ៉ាងនេះ លោក កែវ សុវណ្ណឫទ្ធិបានលើកឡើងថា រដ្ឋមន្ដ្រីហាក់អសមត្ថភាពក្នុងការឆ្លើយជាមួយយុវជនក្នុងករណីគរុនិស្សិត៣នាក់ទៀតដែលបានបន្ដការសិក្សា ទោះជាខុសលក្ខខណ្ឌដូចរូបលោកក៏ដោយ។

គួររម្លឹកឡើងដែរថា ការឈរតវ៉ារបស់លោក កែវ សុវណ្ណឫទ្ធិ គឺផ្ដោតលើភាពអយុត្តិធម៌ដែលក្រសួងអប់រំ អនុញ្ញាតឱ្យគរុនិស្សិត៣រូប បានបន្ដការសិក្សា ខណៈខុសលក្ខខណ្ឌអាយុដែលក្រសួងកំណត់។ ការសម្របសម្រួលក្រៅពីនេះ លោក និងសមាជិតចំនួន១១នាក់ផ្សេងទៀតមិនទទួលយកទេ ទោះមានសំណងខ្លះៗដូចជា ឱ្យបន្ដការសិក្សានៅសាកលវិទ្យាល័យដោយមិនគិតថ្លៃ ឬជាមន្ដ្រីកិច្ចសន្យានៅតាមស្ថាប័នណាមួយក៏ដោយ។

យ៉ាងណា ក្នុងនាមជាបងប្រុសជនរងគ្រោះ លោក កែវ សុវណ្ណារ៉ា បានសំណូមពរឱ្យលោករដ្ឋមន្ដ្រីក្រសួងអប់រំបកស្រាយនូវចម្ងល់ពីបញ្ហានេះ ព្រោះពួកគាត់បានចំណាយពេល១ថ្ងៃហើយក្នុង១សប្ដាហ៍ ដើម្បីមកឈរតវ៉ាឱ្យលោករដ្ឋមន្ដ្រីទទួលខុសត្រូវនូវទង្វើរបស់ស្ថាប័នខ្លួន។

បើតាមលោក កែវ សុវណ្ណារ៉ា ដដែល នៅសប្ដាហ៍ក្រោយបើក្រសួងមិនអើពើករណីនេះទៀត ក្រុមយុវជនរងគ្រោះនឹងហែញត្តិដាក់ទៅក្រសួងមុខងារសាធារណៈ ដើម្បីអន្ដរាគមន៍បន្ត៕

Share

Image
Image
Image