en     km
en     km

សមាគមធាងត្នោត៖ ចំនួនលំនៅឋានក្រីក្រនៅភ្នំពេញថយចុះ តែពាក់ព័ន្ធដល់ការបណ្ដេញចេញ

Share

ចំនួនលំនៅឋានក្រីក្រក្នុងក្រុងភ្នំពេញបានថយចុះពី ២៧៧ទីតាំង ក្នុងឆ្នាំ២០១៧ មក១៩៧ ទីតាំងនៅឆ្នាំ២០២២ តែការថយចុះនេះមានរូបភាពខ្លះស្ថិតក្នុងការបណ្ដេញចេញដោយបង្ខំ រហូតធ្វើឱ្យអង្គការសង្គមស៊ីវិលមួយចំនួនចាត់ទុកថា ប៉ះពាល់ដល់សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ តែយ៉ាងណា មិនទាន់បានការឆ្លើយតបពីរាជរដ្ឋាភិបាលនោះទេ។  លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

សមាគមធាងត្នោត តែងតែចេញរបាយការណ៍ស្ទង់មតិនានា ពីលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ និងធ្វើបច្ចុប្បន្នភាពថ្មីពីស្ថានភាពទាំងនេះ។ ផ្អែកតាមរបាយការណ៍តាមដានចាប់ពីខែមករា ឆ្នាំ២០២៣ ដោយសមាគមធាងត្នោត បានឱ្យដឹងថា លំនៅឋានក្រីក្រនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ មានចំនួន១៩១ទីតាំង ជិតស្មើ២ម៉ឺនគ្រួសារ ឬស្មើប្រជាពលរដ្ឋ៨៩ ៨៧៩ នាក់។ ចំនួននេះ បើធៀបនឹងប្រជាជនក្នុងទីក្រុងភ្នំពេញស្មើ៣.៩៤%។

ប្រភពដដែលនេះបានលម្អិតឱ្យដឹងថា តាំងពីឆ្នាំ២០១៧ ចំនួនលំនៅឋានក្រីក្រក្នុងទីក្រុងបានថយចុះ ពី២៧៧ទីតាំង មកត្រឹម១៩១ទីតាំងនៅឆ្នាំ២០២២។ តែកត្តាដែលថយចុះដោយសារទីតាំងមួយចំនួនត្រូវបានដកចេញនូវលក្ខខណ្ឌលែងឱ្យប្រជាពលរដ្ឋចាត់ទុកជាទីតាំងលំនៅឋានក្រីក្រទៀតហើយ និងទីតាំងខ្លះទៀតបាត់បង់ទាំងស្រុងដោយការបណ្ដេញចេញតែម្ដង។

យ៉ាងណាចំនួន១ភាគ៣ នៃទីតាំង១៩១ខាងលើ គឺស្ថិតលើដីរដ្ឋ ហើយជិត២ភាគ៣នៃទីតាំងនេះដែរ មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីរបស់ប្រជាពលរដ្ឋនោះទេ។ សមាគមធាងត្នោតអះអាងថា ប្រជាពលរដ្ឋអាចប្រឈមនឹងហានិភ័យនៃការបណ្ដេញចេញដោយបង្ខំទៀត ដោយសារភាពខ្វះចន្លោះរបស់រដ្ឋក្នុងការផ្ដល់នូវសុវត្ថិភាពកាន់កាប់ទីតាំងលំនៅឋានទាំងនេះ។

ស្ដ្រីម្នាក់លើកឡើងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណ រស់នៅសហគមន៍បន្ទាយស្លឹក ខាងក្រោយផ្សារសុវណ្ណាប្រាប់ដល់សមាគមធាងត្នោតថា ខ្លួនត្រូវបានអាជ្ញាធរបង្ខំឱ្យរុះរើសសំណងលំនៅឋានពួកគេភ្លាមៗ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ទៅរស់នៅតំបន់សេវេនអេនជី ខេត្តកណ្ដាល។ អ្នកស្រីបានហៅការចុះមករុះរើភ្លាមៗនេះ ដោយគ្រាន់តែប្រាប់ថាសហគមន៍បានយល់ព្រមក្នុងកាដោះដូររួចហើយ គឺជាការបណ្ដេញចេញដោយឈាមត្រជាក់។

បន្ថែមពីលើស្ថានការមិនច្បាស់លាស់នៃសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការកាន់កាប់ទីតាំងលំនៅឋានក្រីក្រ សមាគមធាងត្នោតសង្កត់ធ្ងន់ថា លទ្ធភាពទទួលបានប្រព័ន្ធលូ បណ្ណសមធម៌ ក៏នៅតែខ្វះខាតជាច្រើនក្នុងទីតាំងលំនៅឋានក្រីក្រដូចគ្នា។ លើសពីនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងទីតាំងទាំងនោះ ក៏មានការលក់ផ្ទះដើម្បីសងបំណុលផងដែរ។

អង្គការសមាគមធាងត្នោត និងអង្គការសិទ្ធិមនុស្សផ្សេងៗ បានហៅការធ្លាក់ក្នុងបំណុលរបស់ប្រជាពលរដ្ឋ គឺប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្សដែលអាចកើតមានឡើងដូចជាការបាត់បង់ដីធ្លី ការគ្មានផ្ទះសម្បែង ការធ្វើចំណាកស្រុកដោយបង្ខំ ការជាប់បំណុល ពកម្មកុមារ និងការមិនទទួលបានតម្រូវការមូលដ្ឋានផ្សេងទៀត។

វិទ្យុស្ដ្រីមិនអាចសុំការបំភ្លឺរឿងនេះពីគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាននៅឡើយទេ មកដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

តែទោះជាសមាគមធាងត្នោតបានរកឃើញថាទីតាំងលំនៅឋានតំបន់ក្រីក្រក្នុងក្រុងភ្នំពេញ មានបញ្ហាជាច្រើនពិតមែន តែតំបន់ទាំងនេះក៏ទទួលបានសេវាសាធារណរបស់រាជរដ្ឋាភិបាលដែរ ដូចជាអគ្គិសនី ទឹកស្អាត និងការប្រមូលសំរាមបានប្រសើរឡើងតាំងពីឆ្នាំ២០១៧មក៕

Share

Image
Image
Image