en     km
en     km

ក្រសួងធនធានទឹកឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈអាកាសធាតុមានការវិវត្ត

Share

បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករអាកាសធាតុលើកទី៣ក្នុងឆ្នាំ២០២៣ ក្រសួងបានឱ្យប្រជាពលរដ្ឋបន្ដរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ពិសេសបណ្ដាតំបន់ជនបទដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹក។

ការអំពាវនាវរបស់ក្រសួងធនធានទឹកបែបនេះ ដោយសារអាកាសធាតុមានការវិត្តទាំងជាសកល តំបន់ ក៏ដូចជានៅផ្ទៃប្រទេសកម្ពុជា។ ផ្អែកតាមការតាមដាននូវការវិវត្តដោយក្រសួង បាតុភូតសកលនៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ មានលាយជាមួយបាតុភូតអែលនីណូ ដែលបង្កើនបានឥទ្ធិពលជាសកល។

ស្ថានភាពបែបនេះ បណ្ដាលឱ្យកម្រិតភ្លៀងធ្លាក់ក្នុងខែកញ្ញានេះ មានភាពមិនសូវរាយប៉ាយ ហើយផ្ទៃដីរងទឹកភ្លៀង ទទួលបានតែ៤០ទៅ៦០ភាគរយប៉ុណ្ណោះ។ ជាមួយគ្នាដែរកម្រិតទឹកភ្លៀងក្នុងខែកញ្ញានេះប្រែប្រួលពីខ្សោយទៅមធ្យម និងមានភ្លៀងធ្លាក់ច្រើននៅផ្នែកខ្លះក្នុងភូមិសាស្ដ្រ ជួរភ្នំ ខ្ពង់រាប និងមាត់សមុទ្រ។

ចំណែកនៅខែតុលា និងខែវិច្ឆិកា ក្រសួងធនធានទឹកបញ្ជាក់ថា ទាំងរបាយទឹកភ្លៀងធ្លាក់ និងកម្រិតទឹកភ្លៀងនឹងថមថយប្រែប្រួលពីខ្សោយទៅមធ្យមដែរតែលាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់ផងដែរ ហើយផ្ទៃដីរងទឹកភ្លៀងបានប្រមាណតែ៣០ ទៅ៤០ ភាគប៉ុណ្ណោះ។

យ៉ាងណាក្រសួងកត់សម្គាល់ថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងបញ្ចប់លឿនជាងឆ្នាំ២០២២ ពោលនៅអំឡុងចុងខែតុលាខាងមុខ។ ហេតុនេះហើយ ទើបក្រសួងបានឱ្យសាធារណជនប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ដើម្បីបង្ការការខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ៕

 

Share

Image
Image
Image