ប៉ុន្មានឆ្នាំមកនេះ ការបោះពុម្ពសៀវភៅកុមារចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ន សៀវភៅកុមារមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មាតាបិតាផងដែរ។ អ្នករកស៊ីផ្នែកបោះពុម្ភសៀវភៅកុមារយល់ថា ឪពុកម្តាយមួយចំនួនមិនត្រឹមតែបញ្ជូនកូនទៅសាលាតែម្យ៉ាងនោះទេ តែពួកគេតែងតែអប់រំកូននៅផ្ទះបន្ថែមតាមរយៈការចំណាយពេលវេលាអានសៀវភៅឱ្យកូនស្តាប់និងស្តាប់កូនអានជាដើម។
បើតាមប្រសាសន៍អ្នកស្រី កែម លីហៀង ដែលជាម្ចាស់គ្រឹះស្ថានក្រោមដំបូលតែមួយបានលើកឡើងថា សន្ទុះនៃបោះពុម្ពសៀវភៅកុមារមានការកើនឡើងច្រើន ហើយក៏សម្បូរបែបស្របតាមកម្រិតអាយុរបស់ក្មេងផងដែរ ពិសេសស្នាដៃនិពន្ធថ្មីៗ។ សៀវភៅដែលលក់ដាច់ជាងគេ ជាសៀវភៅដែលមានសាច់រឿងខ្លីៗ មានរូបភាពស្អាតៗ(តួអង្គសត្វ) ហើយពាក់ព័ន្ធនឹងការរស់នៅរបស់កុមារផ្ទាល់។ ក្នុងនោះមានដូចជារឿង កូនខ្លាឃ្មុំពាក់វែនតា ដែលលក់ដាច់ជាងគេនៅគ្រឹះស្ថានរបស់អ្នកស្រី។ ចំពោះតម្លៃវិញ អ្នកស្រីថា មិនអាចលក់ក្រោម៥,០០០រៀលបានទេ ប៉ុន្តែក៏មិនអាចលក់ដល់៦,០០០រៀលដែរ។ ដូច្នេះ តម្លៃ៥,០០០រៀល គឺសមរម្យហើយសម្រាប់ប្រជាជន។
អ្នកស្រី កែម លីហៀង ម្ចាស់គ្រឹះស្ថានក្រោមដំបូលតែមួយ។រូបភាពពីសិក្ខាកាម។
ជាមួយគ្នានោះផងដែរ អ្នកស្រីយល់ថា ការអានពិតជាមានសារៈសំខាន់ខ្លាំង ព្រោះជួយបង្កើតទម្លាប់ក្មេងឱ្យចេះអានតាំងពីតូច។ ក្នុងនាមជាអ្នកផលិតសៀវភៅលក់ អ្នកស្រីសំណូមពរដល់អាណាព្យាបាលទាំងអស់ គួរតែចេះជ្រើសរើសសៀវភៅឱ្យកូនអាន ព្រោះសៀវភៅទាំងអស់មិនមែនសុទ្ធតែមានខ្លឹមសារល្អទេ ព្រោះអ្នកនិពន្ធមកពីប្រភពផ្សេងគ្នា កម្រិតចំណេះដឹងនិងគោលបំណងក៏ផ្សេងគ្នាដែរ។ ដើម្បីដឹងថាសៀវភៅណាគួរអាន ឬមិនគួរអាន មាតាបិតាអាចមើលទំព័រដំបូងដែលសរសេរពីគោលបំណងនៃរឿងនោះជាមុន”។
សៀវភៅរឿងនិទានកុមារ។រូបភាពពីសិក្ខាកាម។
ចំណែកអ្នកស្រី កុល សៀប ជាម្ចាស់គ្រឹះស្ថាន KS Book បានលើកឡើងថា ៣-៤ ឆ្នាំចុងក្រោយនេះ ការផលិតសៀវភៅកុមារនៅកម្ពុជាមានច្រើន។ បើតាមការសង្កេតមើលនៅគ្រប់ការតាំងពិព័រណ៍សៀវភៅពីមួយឆ្នាំទៅមួយឆ្នាំ អ្នកស្រីថាមានសៀវភៅកុមារតាំងពិព័រណ៍ច្រើន ប៉ុន្តែមិនទាន់សម្បូរបែបខ្លាំងនៅឡើយទេ។ អ្នកស្រីថា មួយរយៈចុងក្រោយនេះ នៅកន្លែងរបស់អ្នកស្រីពុំសូវមានការបោះពុម្ពថ្មីច្រើនទេ ព្រោះមមាញឹកនឹងការសម្រួលសៀវភៅចាស់ៗសម្រាប់បោះពុម្ពឡើងវិញ។ ចំពោះសៀវភៅដែលលក់ដាច់ជាងគេ ជាសៀវភៅកម្រិតទាប(ខ្នាតធំ) មានរូបភាពច្បាស់និងអក្សរតិចៗ ដែលជាទូទៅមានតម្លៃ១ដុល្លារ។ អ្នកស្រីក៏បានបន្ថែមថា ការបង្កើតទម្លាប់ឱ្យកុមារអានសៀវភៅពីតូច នឹងធ្វើឱ្យកុមារមានការយកចិត្តទុកដាក់ខ្ពស់និងចងចាំបានល្អ។
អ្នកស្រី កុល សៀប ជាម្ចាស់គ្រឹះស្ថាន KS Book។រូបភាពពីសិក្ខាកាម។
អ្នកស្រីយល់ទៀតថា កុមារដែលចូលចិត្តអាន តែងតែមានដំណោះស្រាយដោយសន្តិភាពនិងក្នុងផ្លូវវិជ្ជមានជានិច្ច ព្រមទាំងមានសុខភាពផ្លូវចិត្តល្អទៀតផង។ ការអានជួយឱ្យកុមារអភិវឌ្ឍផ្នែកភាសា ចេះពាក្យច្រើន និយាយច្បាស់ៗនិងត្រឹមត្រូវ ហើយក៏អាចជួយឱ្យកុមារចូលចិត្តការសិក្សា មានទម្លាប់ល្អ សីលធម៌ល្អ ទំនាក់ទំនងល្អ និងក្លាយជាបុគ្គលជោគជ័យនៅថ្ងៃអនាគត។ អ្នកស្រីសំណូមពរដល់មាតាបិតា សូមជួយណែនាំកូនៗឱ្យអានសៀវភៅ ហើយស្វែងរកសៀវភៅល្អៗតាមកម្រិតរបស់កូន។ មាតាបិតា គួរតែមានទូសៀវភៅប្រៀបដូចជាកូនបណ្ណាល័យមួយនៅផ្ទះ ដើម្បីទុកឱ្យកូនអាន។ ម្យ៉ាងវិញទៀត សូមកាត់បន្ថយការឱ្យទូរសព្ទទៅកូនលេង មកជាការឱ្យកូនកាន់សៀវភៅវិញ។
ចំពោះអ្នកស្រី គឹមស៊ុន សុធារី ជាម្ចាស់គ្រឹះស្ថាន Reading Book បានបង្ហាញចំណាប់អារម្មណ៍ថា សព្វថ្ងៃ ការលក់សៀវភៅមិនសូវដាច់ទេ ព្រោះមានគេលួចយកទៅធ្វើវីដេអូតាមយូធូបច្រើន ហើយគ្រាន់តែប្រើគេឱ្យរីផត ក៏ចំណាយលុយមិនតិចដែរ។ ចំពោះអ្នកទិញអាន គឺមានតិចតួច ប៉ុន្តែបានតាមសាលានិងអង្គការជួយទិញ។ ចំពោះសៀវភៅកុមារ អ្នកស្រីថាទោះប្រភេទណាក៏លក់ដាច់លើប្រភេទរឿងបែបអប់រំជាប្រយោល ដោយលាយឡំនឹងភាពកំប្លុកកំប្លែង។ ទី២ រឿងអប់រំទាក់ទងនឹងសុខភាពសម័យថ្មី។ ទី៣ រឿងអភិនីហា ប្លែកៗ។ ទី៤ រឿងបុរាណល្អៗ។ ទី៥ រឿងនិទានរឿងខ្មោចបែបរន្ធត់ៗ ព្រោះរឿងខ្លះក្មេងមើលហើយ ថាអត់ខ្លាច ថាខ្មោចអន់ៗ។
អ្នកស្រី គឹមស៊ុន សុធារី ជាម្ចាស់គ្រឹះស្ថាន Reading Book។រូបភាពពីសិក្ខាកាម។
អ្នកស្រីក៏បានបង្ហាញចំណាប់អារម្មណ៍ថា អ្នកស្រីចង់ឱ្យក្មេងមើលសៀវភៅផ្ទាល់ជាងមើលតាមទូរសព្ទ ព្រោះនាំឱ្យប៉ះពាល់ភ្នែក។ អ្នកស្រីយល់ថា បើសិនជាក្មេងៗអានសៀវភៅផ្ទាល់ នោះនឹងពូកែអក្សរសាស្រ្តខ្មែរ ហើយជួយឱ្យខួរក្បាលកាន់តែឆ្លាតវៃ។ តែបើចង់ឱ្យកុមារចង់អានសៀវភៅ លុះត្រាតែឪពុកម្តាយឆ្លៀតពេលអានឱ្យកូនស្តាប់បន្ទាប់ពីម្តាយចាប់ផ្តើមមានផ្ទៃពោះរហូតដល់កើត ទោះសៀវភៅបែបណាក៏ដោយឱ្យតែសៀវភៅល្អ មិនថាវែងឬខ្លី ក្រាស់ឬស្តើង គួរតែព្យាយាមពី១ម៉ោងទៅ២ម៉ោង។
ម្ចាស់រោងពុម្ភរូបនេះថា ការអានសៀវភៅបែបឮៗ នឹងជួយឱ្យកូននៅក្នុងផ្ទៃបានស្តាប់ជាមួយគ្នា លុះពេលកូនដឹងក្តីមក កូននឹងចូលចិត្តអានដោយខ្លួនឯង។ អ្នកស្រីជំរុញដល់ម្តាយៗដែលមានផ្ទៃពោះ គួរអានសៀវភៅបែបឮឱ្យកូនស្តាប់ ប្រសើរជាងមើលទូរសព្ទ ព្រោះថ្ងៃក្រោយនឹងមិនសូវហត់ក្នុងការបង្ខំកូនឱ្យអានសៀវភៅ។
ជាមួយគ្នានេះផងដែរ អ្នកស្រី ស៊ូ សុភី ជាអ្នកសម្របសម្រួលនៅអង្គការ Room to Read បានបង្ហាញចំណាប់អារម្មណ៍ថា ការបង្កើតទម្លាប់អានដល់កុមារតូច ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាកម្លាំងជំរុញឱ្យកុមារមិនបោះបង់ការសិក្សា។ អ្នកស្រីថា ពេលកុមារចេះអាន នឹងធ្វើឱ្យពួកគេបន្តការសិក្សាពេញមួយជីវិត។
អ្នកស្រី ស៊ូ សុភី ជាអ្នកសម្របសម្រួលនៅអង្គការ Room to Read។រូបភាពពីសិក្ខាកាម។
អ្នកស្រីអំពាវនាវទៅកាន់មាតាបិតាទាំងអស់ មេត្តាបន្តជំរុញនិងយកពេលវេលាខ្លះ ដើម្បីចូលរួមអាននិងស្ដាប់ការអានរបស់កូនៗ ព្រមទាំងលើកទឹកចិត្តដល់ពួកគេ ទោះបីជាការចំណាយពេលត្រឹម១០ទៅ១៥នាទីក្នុងមួយថ្ងៃក៏ដោយ៕
អត្ថបទខ្លីសរសេរដោយ សាត ឌិច សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕