en     km
en     km

លោក វន់ ពៅ៖ការសម្រេចផ្អាកផ្ដល់សេវារដ្ឋបាលរបស់រាជរដ្ឋាភិបាលជាការផ្អាកបណ្ដោះអាស្ននប៉ុណ្ណោះ

Share

លោក វន់ ពៅ ប្រធានសមាគម IDEA យល់ថា ការផ្អាកការផ្ដល់សេវារដ្ឋបាលដល់អ្នកធ្វើការលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការផ្អាបណ្ដោះអាស្ននតែប៉ុណ្ណោះ ខណៈចំណូលរបស់អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រឈមការធ្លាក់ចុះ។ តែយ៉ាងណារាជរដ្ឋាភិបាលថានឹងរៀបចំផែនការយុទ្ធសាស្ដ្រជាតិ ដើម្បីផ្តល់អាទិភាពខ្ពស់ចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោក វន់ ពៅ បានស្វាគមន៍ចំពោះរឿងនេះ ដើម្បីបង្កភាពងាយស្រួលជួយអាជីវករ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA យល់ថា ការផ្អាកការផ្ដល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពីរាជរដ្ឋាភិបាល នៅពេលថ្មីៗនេះ ជាការផ្អាកបណ្ដោះអាស្នន ដើម្បីកុំឱ្យអាជីវករត្រូវចំណាយលើអាជីវកម្ម ខណៈចំណូលកំពុងធ្លាក់ចុះតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោក វន់ ពៅ បែបនេះ ក្រោយពេលនាយករដ្ឋមន្ដ្រីកម្ពុជាសម្ដេច ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ដល់សេវារដ្ឋបាលមួយចំនួននៅច្រកចេញចូលតែមួយនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ។

សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា ការផ្អាកការផ្ដល់សេវារដ្ឋបាលដូច្នេះ គឺរាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់ចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ស្របពេលនៃការផ្អាកការផ្ដល់សេវារដ្ឋបាលខាងលើដែរ នាយករដ្ឋមន្ដ្រីថានឹងកំពុងរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ផងដែរ។

យ៉ាងណា សម្ដេច ហ៊ុន ម៉ាណែត ថាផែនការនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់ប្រយោជន៍ ថែបំប៉ន និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបអាជីវកម្ម មុខរបរ និងការងារដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

 

ទាក់ទិនក្នុងចំណុចនេះដែរ លោក វន់ ពៅ ដែលជាអ្នកជំនាញធ្វើការជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចង់ឃើញផែនការយុទ្ធសាស្ដ្រជាតិរបស់រាជរដ្ឋាភិបាល គិតគូរដល់ការចុះបញ្ជីដល់អ្នកប្រកបរបរក្រៅប្រព័ន្ធ ដើម្បីឱ្យពួកកាត់បានអត្ថប្រយោជន៍គាំពារសង្គម សន្ដិសុខ និងបង្កភាពងាយស្រួលដល់ការលក់ដូរ។

គួរជម្រាបថា ការសម្រចផ្អាកការផ្ដល់សេវារដ្ឋបាលរបស់រាជរដ្ឋាភិបាល គឺធ្វើឡើងក្រោយមានការផ្សព្វផ្សាយព័ត៌មានព្រោងព្រាតពាក់ព័ន្ធនឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះបានបង្កឱ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាពលរដ្ឋដែលបាននិងកំពុងប្រកបអាជីវកម្មមុខរបរ និងការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សូមបញ្ជាក់ផងដែរថា សេវារដ្ឋបាលថ្នាក់ក្រោមជាតិដែលរាជរដ្ឋាភិបាលសម្រេចផ្អាកមានវិស័យជាច្រើន ដូចជា ទីតាំងលក់ចម្លាក់ គំនូរ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចកជាដើម។ ក្រៅពីនេះ មានវិស័យផ្សេងដូចជា អាជីកម្មលក់សម្ភារកីឡា តូបលក់អាហារ ម៉ូតូឌុប ម៉ូតូជួលទេសចរណ៍ កន្លែងផលិតទៀនធូប កន្លែងលាងម៉ូតូ និងកន្លែងលក់ដុំលក់រាយសម្ភារកសិកម្មផងដែរ៕

Share

Image
Image
Image