en     km
en     km

មន្រ្តីជំនាញរដ្ឋាភិបាលសម្លឹងឃើញទីផ្សារប្រទេសក្នុងតំបន់ RCEP អាចជំរុញសេដ្ឋកិច្ចកម្ពុជាមិនចាញ់ទីផ្សារអឺរ៉ុប

Share

ភ្នំពេញ៖ មន្រ្តីជំនាញរបស់រាជរដ្ឋាភិបាលបានលើកឡើងពីសក្តានុពលនៃទីផ្សារប្រទេសក្នុងតំបន់ RCEP ដែលអាចជាទីផ្សារនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះបានល្អប្រសើរមិនចាញ់ប្រទេសក្នុងសហគមន៍អឺរ៉ុបឡើយ។ ប៉ុន្តែអ្នកវិភាគឯករាជ្យមិនទាន់មើលឃើញពីភាពល្អប្រសើរនៃប្រទេសតំបន់ RCEP នៅឡើយទេ ដ្បិតប្រទេសទាំងនោះកម្ពុជាធ្លាប់មានទំនាក់ទំនងពាណិជ្ជកម្មពីមុនរួចមកហើយ ដោយអ្នកវិភាគនៅតែចាត់ទុកទីផ្សារអឺរ៉ុបនិងអាមេរិក ជាទីផ្សារធំដែលទំហំសេដ្ឋកិច្ចប្រទេសតំបន់ RCEP មិនទាន់អាចជំនួសបាន។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានថ្លែងពីគុណសម្បត្តិយ៉ាងច្រើននៃទីផ្សារក្នុងតំបន់ប្រទេស RCEP ដែលជាសក្តានុពលដ៏សំខាន់សម្រាប់កម្ពុជាក្នុងការនាំទំនិញចេញនាពេលអនាគតដ៏ខ្លីខាងមុខ ហើយទីផ្សារមួយនេះមិនចាញ់ប៉ុន្មាននោះឡើយបើធៀបនិងទីផ្សារសហភាពអឺរ៉ុប។

ការលើកឡើងរបស់មន្រ្តីជំនាញរដ្ឋាភិបាលរូបនេះធ្វើឡើងក្នុងឱកាសដែលក្រសួងព័ត៌មានបានរៀបចំកម្មវិធីបាឋកថា ក្រោមប្រធានបទស្ដីពី «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៖ ទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច» កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា​ បានអត្ថាធិប្បាយអបដោយការបញ្ចាំងស្លាយរបស់លោកពីសាវតានៃប្រទេសធំៗមួយចំនួននិងប្រទេសតំបន់អាស៊ានមុននឹងឈានទៅបង្កើតបានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស​ដែលនោះគឺប្រទេសក្នុងតំបន់ RCEP ។

សម្រាប់កម្ពុជាលោកមើលឃើញថា ជាឱកាសល្អមួយធ្វើឱ្យផលិតផលរបស់កម្ពុជាអាចនាំចេញទៅកាន់ទីផ្សារប្រទេសទាំងនោះ។ មួយទៀត ទីផ្សារប្រទេសតំបន់ RCEP នេះមានភាពអំណោយទានយ៉ាងល្អប្រសើរសម្រាប់កម្ពុជាចំពោះផលិតផលច្នៃពីកសិកម្មនិងសេវាកម្ម។ ដ្បិតថា ទីផ្សារអឺរ៉ុប កម្ពុជានាំចេញបានច្រើនតែផលិតផលសម្លៀកបំពាក់ ស្បែកជើង និង អង្ករ តែប៉ុណ្ណោះ។

លោកបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសថ្លែងក្នុងកម្មវិធីនៅក្រសួងព័ត៌មាន។

តែដើម្បីអាចឆ្លើយតបនឹងមហិច្ឆិតានាំចេញទំនិញរបស់កម្ពុជាទៅប្រទេសតំបន់ RCEP នេះ លោកជំរុញឱ្យអ្នកធុរកិច្ចទាំងអស់គួរសម្លឹងមើលការបង្កើតជាសហគ្រាសធុនតូច ឬ​ មធ្យម ដោយគួរងាកចេញពីវិស័យអចលនទ្រព្យដែលកំពុងតែនៅទ្រឹងនិងមានដំណើរធ្លាក់ចុះ។ យ៉ាងណាដើម្បីឱ្យធុរកិច្ចអាចទទួលជោគជ័យលោកបណ្ឌិតសភាចារ្យលើកទឹកចិត្តដល់ធុរជនគ្រប់រូបត្រូវហ៊ានចំណាយលើអ្នកពិភាក្សាយោបល់រៀបចំផែនការរកស៊ីឱ្យបានច្បាស់លាស់ និងត្រូវចំណាយពេលដាក់ទុកវិនិយោគរកស៊ីជាមួយសហគ្រាសបរទេសដើម្បីស្រង់យកបទពិសោធន៍មុននឹងវិវត្តន៍ខ្លួនក្លាយជាអ្នកនាំចេញដោយម្ចាស់ការលើខ្លួនឯង។

សូមរំលឹកបន្តិចថា  RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស ដោយមានចំនួនប្រទេសជាសមាជិកអាស៊ាន ១០ ប្រទេស បូកប្រទេសសេដ្ឋកិច្ចរីកចម្រើនចំនួន ៥ ទៀតមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ បន្ទាប់ពីការចរចា និងចុះហត្ថលេខា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅកម្ពុជា ចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ មក។

ក្នុងរឿងនេះដែលលោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា ប្រទេសក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ពុំមានទំហំពាណិជ្ជកម្មអ្វីធំដុំសម្រាប់កម្ពុជាឡើយ ព្រោះប្រទេសសេដ្ឋកិច្ចធំៗមួយចំនួនដូចជា ចិន ជប៉ុន និងកូរ៉េ កម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មស្រាប់ទៅហើយ។ មួយវិញទៀត កម្ពុជាក៏នៅមានចំណុចខ្វះខាតជាច្រើនក្នុងការប្រកួតប្រជែកពាណិជ្ជកម្មក្នុងការនាំទំនិញចេញ ដោយត្រូវការការជួយជ្រោមជ្រែងពីភាគីពាក់ព័ន្ធពិសេសរដ្ឋាភិបាល ដើម្បីជួយឱ្យធុរជនអាចមានលទ្ធភាពបង្កើតសហគ្រាសជំរុញការផលិតនាំចេញដោយខ្លួនឯង។

លោក ឯម សុវណ្ណារ៉ា ៖«អាហ្នឹងយើងទាមទារការអន្តរាគមន៍ពីរដ្ឋាភិបាលធ្វើយ៉ាងម៉េចឱ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកម្ពុជាអស់តម្លៃទាបព្រោះយើងថ្លៃជាងគេ។ទី២ កត្តាផលិតកម្មមួយចំនួនដូចជាប្រេងឥន្ធនៈ ថាមពលហើយថ្លៃសេវាកម្មរដ្ឋបាលយើងថ្លៃណាស់ ហើយមានបញ្ហាការយកលុយក្រោមតុច្រើន។ចំណុចមួយទៀត រដ្ឋាភិបាលត្រូវមានការគាំពារផលិតករក្នុងស្រុកខាងវិស័យឧស្សាហកម្ម និងកសិកសិកម្ម ដោយលើកទឹកចិត្តកុំយកពន្ធ ឬជួយផ្តល់ថវិកាយ៉ាងម៉េចឱ្យពួកគេអាចប្រកួតប្រជែងជាមួយប្រទេសកម្ពុជាតំបន់»។

ដោយឡែកទំហំពាណិជ្ជកម្មដោះដូរទំនិញរវាងប្រទេសតំបន់ RCEP ធៀបនឹងសហភាពអឺរ៉ុបវិញលោក ឯម សុវណ្ណារ៉ា យល់ថានៅមានគម្លាតខុសគ្នាឆ្ងាយរវាងប្រទេសក្នុងតំបន់អឺរ៉ុបនិង RCEP​ ដូច្នេះលោកជំរុញឱ្យកម្ពុជាពិចារណាពីការរក្សាឱ្យបានប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប EBAតាមរយៈគោរពតាមការចង់បាននូវប្រជាធិបតេយ្យល្អប្រសើរ។

លោក ឯម សុវណ្ណារ៉ា ៖«ទីផ្សារ RCEP នេះមិនអាចជំនួសទីផ្សារអឺរ៉ុបទេ ឃើញតែប្រជាជនចិនច្រើនតែជញ្ជីងពាណិជ្ជកម្មគឺចិននាំមកកម្ពុជាច្រើនជាងកម្ពុជានាំទៅចិន។បើថាជំនួសគឺមិនកើតទេ ព្រោះប្រទេស RCEP ភាគច្រើនជាប្រទេសផលិតមិនមែនប្រទេសប្រើប្រាស់ដូចសហរដ្ឋអាមេរិកឬអឺរ៉ុបទេ»។

សូមបញ្ជាក់ថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​( RCEP)​ កាល​ពី​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មានតម្លៃ​ជិត ៤,១ ​ពាន់​លាន​ដុល្លារ កើន​ជាង​ ២៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ក្នុងនោះទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ក្រោម​កិច្ចព្រមព្រៀង​នេះ​មានតម្លៃ​សរុប​ជិត ១៥ ​ពាន់​លាន​ដុល្លារ​។​

ដោយឡែកការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប នៅឆ្នាំ២០២២ មានចំនួន ៤ពាន់លានដុល្លារអាមេរិក ដែលកើនឡើងលើសឆ្នាំ២០២១ ដែលមានតម្លៃ ៣២០០លានដុល្លារអាមេរិក ហើយកម្ពុជានាំចេញច្រើនបំផុត បណ្ដាប្រទេសនៅអឺរ៉ុបមាន អាល្លឺម៉ង់ មែលហ្ស៊ិក និងហូឡង់៕

 

 

Share

Image
Image
Image