វត្ថុបុរាណចំនួន៣៣គ្រឿង បន្ថែមទៀតហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការរុករក និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ។ ក្នុងចំណោមវត្ថុបុរាណទាំងនោះ ក្រសួងវប្បធម៌បញ្ជាក់ថា មានដើមកំណើតលួចចេញពីអតីតរាជធានីកោះកេរក្នុងទសវត្សន៍១៩៩០។
បើតាមប្រភពពីក្រសួងដដែល វត្ថុបុរាណទាំង៣៣គ្រឿងនេះ ត្រូវបានយកត្រឡប់មកវិញពីគ្រួសារ Linderman នៅសហរដ្ឋអាមេរិក។ លោកស្រីរដ្ឋមន្ដ្រីវប្បធម៌ ភឿង សកុណា ថាការប្រគល់មកវិញនេះ ជាគំរូល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដើម្បីបន្ដប្រគល់នូវសម្បត្តិវប្បធម៌ជាតិមកឱ្យកម្ពុជាវិញ។
វត្ថុបុរាណទាំង៣៣គ្រឿង ដែលនឹងត្រូវបញ្ជូនមកវិញខាងមុខនេះ មានវត្ថុសំខាន់ៗមួយចំនួនដូចជា បដិមាព្រះវិស្ណុផ្ទុំ និងបដិមាព្រះអឌ្ឍនារីស្វរ/ អធ៌នារីស្វរ ដែលលួចចេញពីកម្ពុជាក្នុងទស្សវត្សរ៍ ១៩៩៧។ លើសពីនេះ មានចម្លាក់ទេពមួយអង្គក្នុងចំណោម៩អង្គ មានឈ្មោះថាបដិមាព្រះធ្ឬស្ថទ្យុមន៍ គឺជាមេទព័នៃបណ្ឌពក្សត្រផងដែរ។
យ៉ាងណានៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ សហរដ្ឋអាមេរិក និងកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើកិច្ចការវប្បធម៌រយៈពេល៥ឆ្នាំបន្ដទៀត ដើម្បីហាមប្រាមនូវការនាំចូលប្រភេទបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា និងកាត់បន្ថយការលួចបន្លំវត្ថុបុរាណពីកម្ពុជា។
គួរជម្រាបដែរថា ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ តាំងពីឆ្នាំ២០០៣មក ក្នុងកិច្ចសហការជាមួយសហរដ្ឋអាមេរិក កម្ពុជាបានទទួលនូវសម្បត្តិបុរាណជាង១០០គ្រឿងត្រឡប់មកវិញ។ ជាក់ស្ដែងកាលពីឆ្នាំ២០២២កន្លងទៅដែរ មានបដិមាធំៗមួយចំនួនដូចជា ព្រះឥសូរ ព្រះស្កន្ទ និងបដិមាស្កន្ទគង់លើក្ងោកក៏ត្រូវបានបញ្ជូនមកពីសហរដ្ឋអាមេរិកវិញដែរ និងដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីតាំងជូនសាធារជនទស្សនា៕