en     km
en     km

​តំណាង​សហជីព​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ ៥​នាក់​ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ​

Share

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ

តំណាង​សហជីព​ប្រាំ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ឃាត់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រោយ​ពេល​មានការ​ប៉ះទង្គិច​គ្នា​ រវាង​ក្រុម​កម្មករ​ និង​ក្រុម​ក្មេង​ទំនើង​គាំទ្រ​រោងចក្រ​។​

​ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ប្រាប់​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ថា​ ការ​ចាប់ខ្លួន​មន្ដ្រី​តំណាង​សហជីព​របស់​លោក​នា​ពេល​នេះ​ គឺជា​រឿង​សែន​រន្ធត់​ចិត្ដ​សម្រាប់​លោក​ ដែល​ជា​ប្រធាន​សហព័ន្ធ​សហជីព​ច​នា​កម្មករ​ សម្រាប់​ដំណឹង​មួយ​នេះ​។​ លោក​ថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ចាប់ខ្លួន​ក្រុម​មន្ដ្រី​ របស់​លោក​ពេល​នេះ​គឺជា​រឿង​ជាក់ស្ដែង​ ដែល​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​ មក​លើ​កម្មករ​ ជា​ប្រាកដ​ ព្រោះ​ការ​ប៉ះទង្គិច​គ្នា​ នា​ព្រឹក​មិ​ញ​នោះ​ លោក​បញ្ជាក់​ថា​ ពុំ​មែន​ក្រុម​កម្មករ​ ឬ​ក៏​មន្ដ្រី​សហជីព​របស់​លោក​ជា​អ្នក​បង្ក​ទេ​។​ លោក​ថា​ អ្នក​ដែល​បង្ក​នោះ​គឺជា​ក្រុម​ ក្មេង​ទំនើង​ដែល​រោងចក្រ​ជួល​មក​ ជា​អ្នក​ប្រព្រឹត្ដ​។​

​លោក​ ប៉ាវ​ ស៊ី​ណា
​លោក​ ប៉ាវ​ ស៊ី​ណា

​លោក​ ប៉ាវ​ ស៊ី​ណា​ អះអាង​ដែរ​ថា​ សកម្មភាព​ចាប់ខ្លួន​មន្ដ្រី​ តំណាង​សហជីព​ តំណាង​កម្មករ​នេះ​ គឺ​អាជ្ញា​ធរមាន​ចំណែក​ចូលរួម​គាំទ្រ​រោងចក្រ​យ៉ាង​ប្រាកដ​ ព្រោះ​មន្ដ្រី​តំណាង​សហជីព​ និង​កម្មករ​ មួយ​ចំនួន​ ទទួល​រង​ការ​វាយដំ​ ហើយ​មិនតែប៉ុណ្ណោះ​ម៉ូតូ​របស់​កម្មករ​ ១០​ គ្រឿង​ ត្រូវ​វាយ​បំផ្លាញ​ ខូចខាត​ជា​ដំណំ​ តែ​អាជ្ញាធរ​ បែរជា​មក​ចាប់​មន្ដ្រី​តំណាង​សហជីព​ទៅ​វិញ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ បញ្ជាក់​ទៀត​ថា​ មន្ត្រី​តំណាង​សហជីព​ទាំង​ប្រាំ​នាក់​ ដែល​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ នៅ​ក្រុង​ច្បារមន​ ខេត្ដ​ កំពង់ស្ពឺ​ នោះ​ មាន​ដូច​ជា​ ១​ លោក​ ខាត់​ ឡូត​ អនុប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ ២​ លោក​ ព្រុំ​ ប៊ុ​ន​ថន​ មន្ដ្រី​ទទួល​បន្ទុក​ព័ត៌មាន​ សហព័ន្ធ​សហជីព​ចលនា​កម្មករ​ ៣​ លោក​ ចាំ​ សំណាង​ ៤​ លោក​ មុំ​ ណ​យ​ និង​ទី​៥​ លោក​ ថុ​ នា​ ជា​សមាជិក​មន្ដ្រី​តំណាង​សហជីព​។​
​លោក​បន្ថែម​ថា​៖​ «​មូលហេតុ​មិន​មាន​អ្វី​ដែល​សំខាន់​ជាង​ការ​វ៉ៃ​បំបាក់ស្មារតី​ ដើម្បី​កុំ​ឲ្យ​ពួក​យើង​ទៅ​ទទួល​ ការ​ពឹងពាក់​ពី​កម្មករ​ ឬ​ក៏​ទៅ​ជួយ​កម្មករ​ ខណៈ​ដែល​រោងចក្រ​ហ្នឹង​ត្រូវ​បាន​មន្ដ្រី​ដែល​ពាក់ព័ន្ធ​ កាង​ ជុំ​ទិស​តាំង​ពីលើ​ដល់​ក្រោយ​ជា​ប្រព័ន្ធ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​ ឬ​ក៏​ការ​ទាមទារ​របស់​កម្មករ​ មិន​មាន​មន្ដ្រី​ណាមួយ​ជំរុញ​ឲ្យ​មានការ​ដោះស្រាយ​ ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​។​ ជាក់ស្ដែង​កាលពី​ម្សិលមិញ​ ខ្ញុំ​ក៏​បាន​អំពាវនាវ​ ទៅ​ដល់​សម្ដេច​ ហ៊ុន​ សែន​ ដែរ​ តែ​មក​ទាល់​ម៉ោង​នេះ​ មិន​មាន​ចំណាត់ការ​ទេ​ ។​ តែ​ពួក​យើង​ក៏​ត្រូវ​បាន​វាយដំ​ និង​បំផ្លិចបំផ្លាញ​ ដែល​មិន​អាច​ទទួលយក​បាន​»​។​

​ចំណែក​ លោក​ កែវ​ ពិសី​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ កំពង់ស្ពឺ​ បាន​មាន​ប្រសាសន៍​ថា​ ពិតជា​មានការ​ចាប់ខ្លួន​តំណាង​សហជីព​ចំនួន​ ប្រាំ​នាក់​មែន​ ។​ លោក​ថា​ ការ​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​តាម​បញ្ជា​ព្រះរាជអាជ្ញា​ ក្រោយ​ពេក​ភាគី​រោងចក្រ​បាន​ប្ដឹង​តំណាង​សហជីព​ទាំង​ប្រាំ​នាក់​នោះ​ ពី​បទ​បង្ក​ហិង្សា​ទៅ​លើ​កម្មករ​ក្នុង​រោងចក្រ​។​ តំណាង​សហជីព​ទាំង​ប្រាំ​នាក់​នោះ​ នា​ពេល​នេះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឲ្យ​ព្រះរាជអាជ្ញា​ចាត់ការ​បន្ដ​។​

​លោក​បន្ថែម​ថា​៖​ «​ដោយ​ ការ​បង្ក​ហិង្សារ​ទៅ​លើ​កម្មករ​ រោងចក្រ​ ហើយ​តាម​បញ្ជា​របស់​ព្រោះ​រាជអាជ្ញា​ ដោយ​លោក​ព្រះរាជអាជ្ញារ​ទទួល​ពាក្យបណ្ដឹង​ពី​រោងចក្រ​ ហើយ​ឥឡូវ​យើង​បន្ដការងារ​ហ្នឹង​ដោយ​ប្រគល់​ជូន​ព្រះរាជអាជ្ញា​»​។​

​សូម​រម្លឹក​ថា​កាលពី​ថ្ងៃ​ទី​ ២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​មក​ កម្មករ​រោងចក្រ​ អ៊ែ​ជ្យា​យស៍​ ស្វេត​ធ័​រ​ ធ្លាប់​ឡើង​មក​តវ៉ា​ សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ ឲ្យ​ចរចា​ជាមួយ​ក្រុមហ៊ុន​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ ៩​ចំណុច​ម្ដង​រួច​មក​ហើយ​ កាលនោះ​ក្រសួង​ក៏​ធ្លាប់​បាន​ចុះ​ទៅ​ជួប​ភាគី​រោងចក្រ​ម្ដង​ដែរ​ តែ​ភាគី​រោងចក្រ​មិន​ព្រម​ជួប​ចរចា​ជាមួយ​ក្រសួង​។​ លុះ​ក្រោយមក​នៅ​ថ្ងៃ​ទី​ ០៨​ ខែមករា​ ឆ្នាំ​២០១៦​ កម្មករ​បាន​ឡើង​មក​តវ៉ា​ជា​លើក​ទី​ ២​ ដោយ​កាលនោះ​ក្រសួង​ការងារ​សុំ​ឲ្យ​កម្មករ​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ​ ទី​១១​ ក្រសួង​នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​កម្ម​ការ​នៅ​ក្រសួង​ផ្ទាល់​។​ ប៉ុន្ដែ​រំលង​បាន​ប្រហែល​ពីរ​ថ្ងៃ​ ក្រសួង​បាន​សុំ​លើក​ការ​ជួប​ពិភាក្សា​ ជាមួយ​តំណាង​កម្មករ​ទៅ​ថ្ងៃ​អង្គារ​ ទី​ ១២​ វិញ​ ដែល​ការ​លើក​ពេល​នេះ​ បណ្ដាល​ឲ្យ​មាន​កម្មករ​ នាំ​គ្នា​ឡើង​មក​តវ៉ា​ជា​ថ្មី​ទៀត​ គម្រប់​បី​លើក​កាលពី​ម្សិលមិញ​នេះ​។​

​ជា​ការ​គាត់​សំគាល់​ នៅ​ថ្ងៃ​អង្គារ​ទី​១២​ នេះ​ តំណាង​កម្មករ​រោងចក្រ​ អ៊ែ​ជ្យា​យស៍​ ស្វេត​ធ័​រ​ ត្រូវ​ជួប​ប្រជុំ​ពិភាក្សា​ ជាមួយ​ក្រសួង​ការងារ​ ដើម្បី​ដោះស្រាយ​ សំណើរ​សុំ​លក្ខខណ្ឌ​ទាំង​ ៩​ ចំណុច​ ដែល​កម្មករ​បាន​ទាមទារ​ កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​មុន​៕

Share

Image
Image
Image