ភ្នំពេញ៖ ថ្មីៗនេះអ្នកជំនាញកសិកម្ម លោក នី ណាក់ ដែលមនុស្សមួយចំនួនស្គាល់ថាជាអ្នកតស៊ូមតិហ៊ាននិយាយបញ្ហាសង្គម ត្រូវបានជនមិនស្គាល់មុខវាយប្រហារដោយប្រើអំពើហិង្សាធ្វើឱ្យរបួសក្បាល។ ករណីនេះភរិយាលោក ចាត់ទុកថាជារឿងអយុត្តិធម៌បំផុតសម្រាប់គ្រួសារខ្លួន។ លើសពីនេះ តំណាងអង្គការសិទ្ធមនុស្សលីកាដូ ទទូចឱ្យអាជ្ញាមានការស៊ើបអង្កេត និងពង្រឹងការអនុវត្តវិធានការ ចៀសវាងធ្វើឱ្យប្រជាពលរដ្ឋមានភាពភ័យខ្លាច និងការរិះគន់ពីមហាជនទៅលើសកម្មភាពនយោបាយក្នុងជួររដ្ឋាភិបាលនៅអាណត្តិថ្មីនេះ។
កញ្ញា គុជ ស៊ីកុល រាយការណ៍………
រហូតមកដល់ឆ្នាំ២០២៣នេះ ករណីអ្នកប្រព្រឹត្តិអំពើហិង្សាដោយជនមិនស្គាល់មុខនៅតែបន្តកើតមាន។ ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក នី ណាក់ អ្នកជំនាញកសិកម្ម និងជាសកម្មជនតស៊ូមតិហ៊ានរិះគន់ពីរឿងរ៉ាវសង្គម ជាពិសេសទាក់ទងទៅនឹងវិស័យកសិកម្ម កំពុងស្នាក់ព្យាបាលរបួសបន្ទាប់ពីទទួលរងនូវអំពើហិង្សាពីជនមិនស្គាល់មុខវាយធ្វើបាប។
ជុំវិញបញ្ហានេះ ធ្វើឱ្យមហាជនប្រើប្រាស់បណ្តាញសង្គមមួយចំនួនបង្ហាញការរិះគន់ថាជាការគំរាមកំហែង ដោយបំភិតបំភ័យ ដល់លោក នី ណាក់ ខណៈលោកនៅពាក់ព័ន្ធលើកឡើងពីបញ្ហាសង្គម ដោយពួកគេសំអាងទៀតថាជារឿងនេះជាករណីដដែលៗ តែងកើតមានឡើងចំពោះសកម្មជនតស៊ូមតិ និងសមាជិកបក្សនយោបាយណាមួយ។
យ៉ាងណាមិញ លោកស្រី សុខ ស៊ីណែត ភរិយាលោក នី ណាក់ ហាក់មិនអស់ចិត្តលើហេតុការណ៍ដែលកើតឡើងចំពោះស្វាមីខ្លួន ដោយលោកស្រីអះអាងថាកន្លងមកគ្រួសារលោកស្រីមិនមានជម្លោះ និងការគុំគួនជាមួយនរណាម្នាក់ឡើយ។
លោកស្រី សុខ ស៊ីណែត៖«និយាយទៅមុនហេតុការណ៍ហ្នឹងកើតឡើងពួកយើងអត់បានកំណតសម្គាល់បានថា មានអ្នកណា តាមយើងអីហ្នឹងគឺយើងអត់បានចាប់អារម្មណ៍ទេ ហើយយើងក៏អត់មានបញ្ហាជាមួយអ្នកណាដែរ និយាយទៅយើងអត់បានចាប់អារម្មណ៍ថា នឹងមានរឿងអីចម្លែកមកលើខ្លួនយើងអីចឹងទៅណាស់»
ករណីស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣ ក៏ធ្លាប់មានករណីជនមិនស្គាល់មុខមានគ្នាប្រមាណ៤នាក់ ជិះឡានពណ៌សមួយគ្រឿងប្រើអំពើហិង្សាទៅលើលោក វ៉ាត់ មុនី សកម្មជនគណបក្សភ្លើងទៀនដែលកំពុងភៀសខ្លួននៅប្រទេសថៃផងដែរ។ ហេតុការណ៍នេះត្រូវបានមហាជនថាជាការធ្វើទុកបុកម្នេញនយោបាយ បន្ទាប់ពីលោក វ៉ាត់ មុនី បានចុះណែនាំដល់ពលករខ្មែរនៅប្រទេសថៃកុំឱ្យទទួលស្គាល់នាយករដ្ឋមន្រ្តីថ្មីនៅអាណត្តិទី៧នេះ។
ពាក់ព័ន្ធករណីអំពើហិង្សាលើអ្នកប្រឡូកការងារសង្គម ដូចករណីលោក នី ណាក់ នេះ លោក អំ សំអាត មន្ត្រីអង្គការសិទ្ធមនុស្សលីកាដូ ទទូចដល់អជ្ញាធររដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណា រកជនមិនស្គាល់មុខប្រព្រឹត្តិអំពើហិង្សាទាំងនោះមកផ្តន្ទាទោសទៅតាមច្បាប់ ព្រោះលោកយល់ថាករណីបើរកជនដៃដល់មិនបាន ប្រៀបបានទៅនឹងការរិះគន់របស់មហាជនដែលថាជាប់ទាក់ទងទៅនឹងការបំបាកស្មារតីសកម្មជនតស៊ូមតិរឿងសង្គម។
លោក អំ សំអាត៖«បាទ! ខ្ញុំគ្រាន់តែមានជាសំណូមពរទេ ករណីនេះយើងឃើញហើយករណីលោក នី ណាក់ជាករណីថ្មីមួយទឿតហា៎ណាស់ដែលកើតឡើងក្នុងអាណត្តិរដ្ឋាភិបាលថ្មី ចឹងយើងសង្ឃឹមថាអាជ្ញាធរ ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ នឹងបង្រ្កាបតាមការងាររបស់ខ្លួនដើម្បីស្វែងរកជនដៃដល់មកអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីធ្វើការទប់ស្កាត់នូវការរិះគន់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ស្ថានភាពនយោបាយក៏ដូចជាស្ថានភាពសិទ្ធមនុស្សនៅក្នុងប្រទេសកម្ពុជាយើង»
មិនខុសគ្នាទេ លោកស្រី សុខ ស៊ីណែត ស្នើឱ្យអជ្ញាធររកយុត្តិធម៌ជូនស្វាមីរបស់ខ្លួន ក៏ដូចជាពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹងដើម្បីធានាសុវត្ថិភាព ជៀសវាងកើតមានករណីអំពើហិង្សាទៅលើដល់ពលរដ្ឋដទៃទៀត ដូចទៅនឹងហេតុការណ៍ដែលគ្រួសារខ្លួនប្រឈមមុខ។
លោកស្រី សុខ ស៊ីណែត៖«យើងរស់នៅក្នុងសង្គមមួយដែលមានសន្តិភាពហើយចឹងហា៎ណាស់ មិនគួរមានរឿង អាណាធិបតេយ្យ វាយតប ចឹងកើតឡើងទេ ខ្ញុំចង់ឱ្យមានយុត្តិធម៌ចំពោះប្តីខ្ញុំហាស៎ ហើយក៏ជាសម្រាប់ប្រជាជនទូទៅដែលអីចឹងហា៎ណាស់»
លោកស្រី សុខ ស៊ីណែត ឱ្យដឹងថាករណីអំពើហិង្សានេះកើតឡើង នៅរសៀលនៅថ្ងៃទី១២ ខែកញ្ញា ចន្លោះពីម៉ោង ១២ ទៅម៉ោង១ រសៀល ស្របពេលដែលលោកស្រី និងប្តី ធ្វើដំណើរចេញពីឃ្លាំងជីកំប៉ុសនៅព្រែកថ្មីជិតវត្តចំពុះក្អែកសំដៅទៅផ្ទះ ក៏មានជនមិនស្គាល់មុខបានជិះម៉ូតូបុកម៉ូតូប្តីលោកស្រីពីក្រោយ។ លោកស្រីកត់សម្គាល់ថាក្រុមដែលជិះម៉ូតូបុកពីក្រោយម៉ូតូប្តីលោកស្រី ជាបុរស ស្លៀកពាក់ខ្មៅ មានពាក់មួកឃ្លុបបិទមុខជិត ដៃកាន់ដំបងដែកវាយសន្ធាប់លើក្បាល លោក នី ណាក់ ឱ្យបែកក្បាលជាច្រើនកន្លែងឈាមស្រោចខ្លួន ហើយសន្លប់បាត់ស្មារតីនៅនឹងកន្លែងកើតហេតុ៕