ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១៣ខែកញ្ញា នេះថា ក្រុមការងាររបស់ក្រសួងព័ត៌មានសហការជាមួយមន្រ្តីមានសមត្ថកិច្ចកំពុងស្រាវជ្រាវករណីដែលកាស៊ីណូឈ្មោះ ថប ដាយអឹម៉ិន (Top Diamond Casion) បានទម្លាយលើសេចក្តីជូនដំណឹងថា មានអ្នកសារព័ត៌មានចន្លោះពី ៧០០ ទៅ ៩០០ អង្គភាពបានសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូខ្លួនជារៀងរាល់ខែ។
អ្នកនាំពាក្យក្រសួងព័ត៌មានបន្ថែមថា ក្រសួងសុំពេលដើម្បីស៊ើបអង្កេតឱ្យកាន់តែច្បាស់លាស់ក្នុងករណីនេះ តើអាចចូលក្នុងបទល្មើសព្រហ្មទណ្ឌឬយ៉ាងណា។
លោកបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ ក្រសួងព័ត៌មាននឹងមិនបណ្តែតបណ្តាយ ឬអត់ឱនចំពោះបុគ្គលណាដែលប្រព្រឹត្តិផ្ទុយពីច្បាប់ទៀតនោះទេ ពោលបុគ្គលដែលធ្វើសកម្មភាពខុសច្បាប់នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ ផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុស្រ្តីនៅក្រសួងព័ត៌មាន។
ការស្រាវជ្រាវឈានទៅរកមុខអ្នកសារព័ត៌មានដែលធ្វើទង្វើទារលុយដាក់ខែពីកាស៊ីណូល្បែងស៊ីសងនេះ បន្ទាប់ពីកាស៊ីណូ Top Diamond Casion មានទីតាំង ស្ថិតក្នុង ស្រុកគិរីវង់ ខេត្តតាកែវ ក្បែរព្រំដែន វៀតណាម បានទម្លាយលើសេចក្តីជូនដំណឹងរបស់ខ្លួនថា មានស្ថាប័នសារព័ត៌មានចន្លោះពី៧០០ ទៅ៩០០ ស្ថាប័នបានមក សុំប្រាក់ឧបត្ថម្ភពីកាស៊ីណូខ្លួនជារៀងរាល់ខែ។
វិទ្យុស្រ្តីបានទាក់ទងទៅលោក ជៀម ថៃ ប្រធានការិយាល័យមន្ទីរព័ត៌មានខេត្តតាកែវ ដោយលោកថាករណីនេះពុំទាន់អាចបញ្ជាក់ចំនួនពិតប្រាដកបាននៅឡើយនៅទេ ដោយរង់ចាំការផ្ទៀងផ្ទាត់ពីក្រុមការងារជំនាញ។តែយ៉ាងណាលោកថា ពិតជាអ្នកសារព័ត៌មានមួយចំនួនបានទៅទារលុយដាក់ខែពីកាស៊ីណូមួយនេះមែន។
ទាក់ទិនក្នុងរឿងនេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា ស្នើឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បង្កើតវគ្គបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីរក្សាបានគុណភាពក្នុងវិស័យសារព័ត៌មាន។ លើសពីនេះ លោកជំរុញឱ្យថ្នាក់ដឹកនាំនឹងភាគីពាក់ព័ន្ធស៊ើបអង្កេតរឿងនេះ ដោយបង្ហាញលទ្ធផលបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានផ្សេងៗទៀត។
របាយការណ៍របស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅចុងឆ្នាំ២០២២ មានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានសរុបប្រមាណ ២ ពាន់ស្ថានប័ន (២៧១៧ស្ថាប័ន)។ ក្នុងនោះរួមមាន ស្ថានីយ៍ទូរទស្សន៍ចំនួន ២៧ស្ថាប័ន ទូរទស្សន៍ខ្សែកាប ២១២ស្ថាប័ន ស្ថានីយ៍វិទ្យុចំនួន ២២០ហ្រ្វេកង់, វិទ្យុជាតិចំនួន១, កាសែតបោះពុម្ភ ៤៤៦ស្ថាប័ន, ទស្សនាវដ្តីចំនួន ១៩៣ស្ថាប័ន,គេហទំព័រ ៨៧៨, ទីភ្នាក់ងាសារព័ត៌មានអន្តរជាតិទាំងក្រៅនិងក្នុងស្រុកចំនួន ២៦ស្ថាប័ន និងរួមបញ្ចូលទាំងការផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបអនឡាញចំនួន ៥១ ស្ថាប័ន៕