en     km
en     km

សម្ភារៈប្រើប្រាស់ច្នៃពីសំរាមស្នាដៃក្រុមជនមានពិការភាពជំរុញបរិស្ថានស្អាតនិងផ្តល់ប្រាក់កម្រៃជួយគ្រួសារ

Share

ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​គេសង្កេតឃើញថា ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទម្លាប់​ពី​ការ​ប្រើប្រាស់​ស្លឹកឈូក​ ឬ​ស្លឹក​ចេក​ក្នុង​ការ​វេច​ខ្ចប់​អាហារ​ ក៏​ដូចជា​សម្ភារៈ​ផ្សេងៗ​ ហើយ​បែរ​មក​ប្រើ​ថង់​ប្លាស្ទិក​ជំនួស​វិញ​។ ការ​ប្រើ​ថង់​ប្លាស្ទិក​ហួស​កម្រិតបើតាមអ្នកជំនាញ ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​​។ ​

ដើម្បីចូលរួមដោះស្រាយបញ្ហាសំរាមនេះ មជ្ឈមណ្ឌល​ពិការមួយស្ថិតក្នុងភូមិសាស្រ្តក្រុងពោធិ៍​សាត់ត្រូវបានបង្កើតឡើង ដើម្បីកែច្នៃកាកសំណល់និងសំរាមនានាធ្វើជាវត្ថុអនុស្សាវរីយ៍និងសម្ភារៈប្រើប្រាស់ផ្សេងៗ​ ជាផ្នែកមួយជួយកាត់បន្ថយសំរាមក្នុងបរិស្ថាន។

សកម្មភាពក្រុមយុវជនសម្អាតសម្បកដកមុនបញ្ចូលក្នុងរោងពុម្ភធ្វើជាវត្ថុផ្សេងៗ។រូបភាពពីធារ៉ូ។

លោក ប៉ែន ស៊ីណា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបរិយាប័ន្ននៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការបានឱ្យដឹងថា បច្ចុប្បន្នអង្គការមានសមាជិកសរុបចំនួន ១៩នាក់ដែលភាគច្រើនជាជនមានពិការភាព។ លោកប្រធានមជ្ឈមណ្ឌលប្រាប់បន្ថែមថា មូលហេតុដែលសម្រេចបង្កើតអង្គការនេះឡើង គឺដើម្បីផ្តល់ឱកាសដល់បងប្អូនមានពិការភាពឱ្យមានកាងារធ្វើ អាចរកប្រាក់កម្រៃបានមួយចំណែកជួយដល់ជីវ​ភាព​គ្រួសារ។ អ្វីដែលជាចំណុចស្នូរមួយទៀតនោះ គឺលោកមានបំណងចង់ជួយកាត់បន្ថយប្លាស្ទិកដែលប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយកុំឱ្យចោលសំរាមពាសវាលពាសកាលនៅក្នុងក្រុងពោធិ៍​សាត់ផងដែរ។

លោក ប៉ែន ស៊ីណា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបរិយាប័ន្ននៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ។រូបភាពពីធារ៉ូ។

ការកែច្នៃសំរាមទៅជារបស់ប្រើប្រាស់ធ្វើពីប្លាស្ទិកនេះ ជាគម្រោងតូចមួយដែលទើបនឹងចាប់ផ្ដើមដោយក្នុងកន្លែងការងារមានពុម្ពចំនួន ២ និងម៉ាស៊ីនកាត់១។ បើតាមលោក ប៉ែន ស៊ីណា ​សកម្មភាពការងាររបស់បុគ្កលិកគឺផលិតដូចជា បន្ទាត់សម្រាប់ក្មេងរៀន ឥដ្ឋការ៉ូជ័រ រូបសត្វតូចៗធ្វើជាបន្តោងសោជាដើម។ ចំណែកតម្លៃវិញមានចន្លោះពី ៧០០រៀល រហូតដល់ ៤ ម៉ឺនរៀល ខណៈរបស់របរនិងសម្ភារៈកែច្នៃរួចនេះ  ផលិតពីដបទឹកសុទ្ធ កែវជ័រ ចានជ័រ ដែលសាធារណជនបោះចោលនៅតាមទីសាធារណៈ និងប្រមូលពីភោជនីយដ្ឋានមួយចំនួន។

សកម្មភាពការងាររបស់ក្រុមបុគ្គលិកធ្វើសម្ភារៈពីសំរាម។រូបភាពពីធារ៉ូ។

ជាបុគ្គលិកម្នាក់ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបរិយាប័ន្ននៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការជួបកញ្ញា កាក់  ស្រីមុំ ដែលកំពុងអង្គុយលើរទេះបានឱ្យដឹងថា កញ្ញាពេញចិត្តនឹងការងារនេះខ្លាំង ព្រោះបានជួយឱ្យយុវជនដែលមានពិការភាពមានលទ្ធភាពមានការងារធ្វើ ហើយអាចជួយសម្អាតបរិស្ថានក្នុងខេត្តពោធិ៍​សាត់បានទៀតផង។ កញ្ញារៀបរាប់ពីសកម្មភាពការងារប្រចាំថ្ងៃយ៉ាងដូច្នេះថា ក្រុមការងារចុះទៅប្រមូលសំណល់ប្លាស្ទិកទាំងនោះនៅតាមទីសាធារណៈដូចជា នៅតាមតារាបាល់ទាត់   តាមផ្លូវដែលជាកន្លែងទីប្រជុំជន ភោជនីយដ្ឋាន ហាងសាឡន ហ្គារ៉ាសសាំងផ្សេងៗ ដើម្បីសុំការបរិច្ចាកប្លាស្ទិកពីម្ចាស់អាជីវកម្មទាំងនោះ។

យុវតីដែលមានពិការភាពជើងទាំងសងខាងនេះ ផ្តាំផ្ញើទៅដល់បងប្អូនដែលមានពិការភាពទាំងអស់ កុំអស់សង្ឃឹមក្នុងជីវិត ត្រូវមានភាពក្លាហាន ចេះជំរុញនិងលើកទឹកចិត្តខ្លួនឯង ពិសេសចូលរួមសកម្មភាពសង្គមឱ្យបានច្រើន កុំលាក់ខ្លួនក្នុងរណាំងឧបសគ្គ ធ្វើឱ្យខ្លួនមិនមានឱកាសបានចូលរួមបញ្ចេញសមត្ថភាព។

កញ្ញា កាក់  ស្រីមុំ បុគ្គលិកម្នាក់ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបរិយាប័ន្ននៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ។រូបភាពពីធារ៉ូ។

លោក ប៉ែន ស៊ីណា ​ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបរិយាប័ន្ននៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការរូបនេះ សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការចោលសំរាមពាសវាលពាសកាល នាំឱ្យមានគុណវិបត្តិច្រើនសម្រាប់បរិស្ថាន​ក៏ដូចជាការប្រែប្រួលអាកាសធាតុ។ លោកជំរុញឱ្យអ្នកប្រើប្រាស់សំណល់ប្លាស្ទិករួចហើយគួររកកន្លែងទុកដាក់ឱ្យបានត្រឹមត្រូវ ឬស្វែងរកកន្លែងដែលអាចកែច្នៃម្តងទៀត ជៀសវាងទុកចោលគ្មានសណ្តាប់ធ្នាប់។

សកម្មភាពរបស់ក្រុមយុវជនដើរប្រមូលសំរាមនៅទីសាធារណៈមកធ្វើជាសម្ភារៈ។រូបភាពពីធារ៉ូ។

សូមបញ្ជាក់ថា នៅ​ឆ្នាំ​ ២០២២ សំរាម​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង៤​លាន​តោន​នៅ​ក្នុង ​១ ឆ្នាំៗ​។ ដោយ​ក្នុង​ ១ ​ថ្ងៃ​ មានសំរាម​ត្រូវបានបង្កើតឡើងចំនួន​ជាង ​១ ​ម៉ឺន​តោន​ ហើយ​កម្រិត​នៃ​ការ​កើន​ឡើង​សំណល់​រឹង​សំរាម​នៅ​ប្រទេស​កម្ពុជា​ គឺមាន​ចន្លោះ​ពី ១០ ទៅ​ ១៥​ ភាគ​រយ​នៅក្នុង ​១ ឆ្នាំ​៕

Share

Image
Image
Image