en     km
en     km

ប្រជានេសាទ៖របរនេសាទក្តាមសេះអាចរកចំណូលបានខ្ពស់តែប្រឈមគ្រោះថ្នាក់ខ្លាំង

Share

ភ្នំពេញ៖ មុខរបរនេសាទក្តាមសេះ ជារៀងរាល់ខែវស្សាប្រជានេសាទតែងរកចំណូលបានខ្ពស់ជាងរដូវប្រាំង ប៉ុន្តែប្រជានេសាទក៏ងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងផងដែរ ដោយសារការចេញទៅនេសាទត្រូវប្រទះអាកាសធាតុ ភ្លៀង ខ្យល់ ផ្គររន្ទះ និងរលកបោកបក់ខ្លាំងៗ។នេះបើតាមការផ្តល់បទសម្ភាសន៍ពីប្រជានេសាទមួយចំនួនដែលសិក្ខាកាមWMCបានជួបសម្ភាសន៍នៅក្រុងកែប។

ការប្រមូលផលក្តាមសេះរបស់ប្រជានេសាទ!រូបភាពពីសំណេរ។

លោក សុខ ញ៉ាង អ្នកនេសាទមួយរូបរស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ប្រាប់ឱ្យដឹងថា ការនេសាទក្តាមសេះក្នុងខែវស្សាតែងទទួលបានផលច្រើនជាងរដូវប្រាំង។ លោកថា អំឡុងពេលមានភ្លៀងធ្លាក់ក្នុងមួយថ្ងៃ លោកអាចរកបានក្តាមសេះចន្លោះពី ៣០ គីឡូក្រាម ទៅ ៤០ គីឡូក្រាម ឬលើសពីនេះទៀតដោយប្រើទូកម៉ាស៊ីនធុនមធ្យម។ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការរកផលសមុទ្រនៅរដូវវស្សា ងាយប្រឈមនឹងគ្រោះថ្នាក់ ព្រោះតែងតែប្រទះបញ្ហា​ ខ្យល់ព្យុះ ផ្គររន្ទះ ឬរលកបោកបក់ខ្លាំងជាដើមដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ អ្នកនេសាទដដែលរូបនេះបានបន្តទៀតថា សម្រាប់ការលក់ចេញវិញ ឈ្មួញកណ្តាល គិតសរុបចូលគ្នាទាំងក្តាមតូចក្តាមធំ ដោយឱ្យតម្លៃពីចន្លោះ ២០.០០០ រៀល ទៅ ២៥.០០០ រៀលក្នុង១គីឡូក្រាម។

លោក សុខ ញ៉ាង ប្រាប់ពីជីវភាពក្នុងរបរនេសាទនៅសមុទ្រ។រូបភាពពីសំណេរ។

ដោយឡែកឈ្មួញកណ្តាលម្នាក់បានប្រាប់ថា ក្រោយពេលប្រមូលទិញពីប្រជានេសាទរួចហើយ ក្តាមទាំងនេះនឹងត្រូវញែកទៅតាមទំហំ ដោយ១គីឡូក្រាម តម្លៃ ៦០.០០០ រៀល សម្រាប់ក្តាមសេះ ប្រភេទលេខ១។ ចំណែក ប្រភេទលេខ២ និងលេខ ៣ តម្លៃចន្លោះពី ៣០.០០០ រៀល ទៅ ៥០.០០០ រៀល ក្នុង១គីឡូក្រាម។

ការប្រមូលផលក្តាមសេះរបស់ប្រជានេសាទ!រូបភាពពីសំណេរ។

ពាក់ព័ន្ធការនេសាទក្តាមសេះនេះដែរ រដ្ឋបាលខេត្តកែបធ្លាប់បានចេញសេចក្តីណែនាំហាមឃាត់អ្នកនេសាទក្តាមសេះនៅក្នុងរដូវដែលក្ដាមសេះមានពងកូនច្រើន គឺចាប់ពីខែឧសភា ដល់ខែកក្កដា។ ក្រោមកិច្ចសហការនិងគាំទ្រពីអាជ្ញាធរខេត្ត រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងដែលមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្នុងការពង្រឹងការអនុវត្តច្បាប់ក្នុងរដូវហាមឃាត់ការធ្វើនេសាទក្ដាមសេះ និងអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ព្រមទាំងទម្លាក់ប្រអប់បេតុងបង្កើតជាជម្រកសិប្បនិម្មិត ដើម្បីទប់ស្កាត់ការនេសាទ និងតាមដានការវិវត្តនៃផលស្តុកក្ដាមសេះ និងធនធានជលផលផ្សេងទៀតនៅតំបន់នោះ៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ(MIL)រៀបចំដោយWMC៕

Share

Image
Image
Image