ភ្នំពេញ៖ តំណាងមកពីវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានជួបប្រជុំគ្នាពិភាក្សាដើម្បី ឈានទៅបង្កើតសេវាកម្មប្រមូលសំរាមក្នុងខេត្តចំនួនបីជាប់បឹងទន្លេសាបដែលមានប្រមាណជិត៨០០តោនក្នុងមួយឆ្នាំៗ ដែលសំរាមទាំងនេះអាចហូរចូលបឹងទន្លេសាបបើគ្មានយន្តការដោះស្រាយទេនោះ។កិច្ចពិភាពក្សានេះធ្វើឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃទីផ្សារគ្រប់គ្រងសំណល់រឹងនៅទីជនបទនៅកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញានេះ។
លោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការអាយឌីអ៊ីកម្ពុជាលោកឡើងថា តាមរយៈបទពិសោធន៍យ៉ាងទូលំទូលាយរបស់អង្គការអាយឌីអ៊ីកម្ពុជា ដែលជំរុញទីផ្សារក្នុងវិស័យកសិកម្ម និងទីផ្សារ
អនាម័យជនបទ អង្គការមានគោលបំណងប្រើប្រាស់ជំនាញនេះរួមចំណែកដោះស្រាយបញ្ហាគ្រប់គ្រងសំណល់រឹងដែលកំពុងតែមានការព្រួយបារម្មណ៍កាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់។ លោកបន្ថែមថា ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងសំណល់រឹងនៅទូទាំងប្រទេស ភាគីពាក់ព័ន្ធត្រូវធ្វើការរួមគ្នារវាងវិស័យសាធារណៈ ឯកជន និងអភិវឌ្ឍន៍ ដើម្បីសម្រួលនិងបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងគ្របដណ្តប់បានគ្រប់កន្លែង។
រូបភាពអ្នកចូលរួមកិច្ចភាពិក្សា។រូបភាពពីអង្គការអាយឌីអ៊ីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ iDE បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់ដែលដឹកនាំដោយអង្គការ អាយឌីអ៊ីកម្ពុជា និង iDE Innovation Lab នេះ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃទីផ្សារគ្រប់គ្រងសំណល់រឹងនៅទីជនបទនៅកម្ពុជា ដែលជាការសិក្សាដំបូងបង្អស់មួយនៅកម្ពុជា។
ការសិក្សានេះ បានវាយតម្លៃទីផ្សារគ្រប់គ្រងសំណល់រឹង នៅក្នុងស្រុកមួយចំនួនដែលនៅជាប់នឹងបឹងទន្លេសាប ស្ថិតក្នុងខេត្តចំនួនបីគឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប។ គោលបំណងនៃការសិក្សានេះ គឺដើម្បីកំណត់ពីកត្តាបរាជ័យនៃទីផ្សារនៅតាមតំបន់ទីជនបទ ចំណុចចាប់ផ្តើម ក៏ដូចជា ឱកាសសម្រាប់អន្តរាគមន៍នានា និងជាកតាលីករ ជំរុញធ្វើឱ្យប្រសើរឡើង ហើយដែលអាចអនុវត្តទៅបានដោយអង្គការ អាយឌីអ៊ី និងភាគីពាក់ព័ន្ធនានានៅក្នុងវិស័យនេះផងដែរ។
រូបភាពអ្នកចូលរួមកិច្ចភាពិក្សា។រូបភាពពីអង្គការអាយឌីអ៊ីកម្ពុជា។
លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា កាកសំណល់ចំណីអាហារ ជាកាកសំណល់ច្រើនជាងគេបំផុត បង្កើតឡើងដោយគ្រួសារនៅក្នុងតំបន់ជ្រើសរើសសម្រាប់ការសិក្សានេះ ដោយមានប្រហែល ៥០-៦០% នៃកាកសំណល់សរុប បន្ទាប់មកគឺជាកាកសំណល់ប្លាស្ទិក (៩-១៥%) ។ សំណល់ បង្កើតឡើងជារៀងរាល់ឆ្នាំដោយគ្រួសារនៅក្នុងស្រុកជាប់ខេត្តខេត្តកំពង់ឆ្នាំងមានប្រមាណ ១២៥ តោន ពោធិ៍សាត់ មានប្រមាណ ៣៣១ តោន និងសៀមរាបមានប្រមាណ ៣១៦ តោន។ ភាគច្រើននៃកាកសំណល់ទាំងនេះបានហូរចូលទៅក្នុងបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ សំណល់ទាំងនេះ បង្កហានិភ័យដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ បឹង និងសមុទ្រ ខណៈគំរាមកំហែងដល់ជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីទាំងនេះសម្រាប់ចំណីអាហារ និងប្រាក់ចំណូលប្រចាំថ្ងៃ។
សំរាមដែលប្រមូលបានពីទឹកទន្លេសាប។រូបភាពពីអង្គការអាយឌីអ៊ីកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា អវត្ដមាននៃសេវាប្រមូលសំរាមតាមលំនៅឋាន បាននាំឱ្យមានការអនុវត្តការចោលសំរាមដែលគ្មាននិរន្តរភាពនៅតាមតំបន់ជនបទ។ បច្ចុប្បន្ននេះ សេវាប្រមូលសំរាមមានវត្តមាន នៅតំបន់ទីក្រុង និងជុំវិញទីក្រុង ប៉ុន្តែនៅតាមទីជនបទ សេវាប្រមូលសំរាមនៅមានកម្រិត ឬមិនមានតែម្តង។
ជាងនេះទៅទៀត កង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងសំណល់រឹង នៅតំបន់ជនបទ នាំឱ្យមានការអនុវត្តមិនល្អ ដូចជាការដុត កប់ និងការបោះចោលកាកសំណល់ ដែលអាចបំពុលប្រព័ន្ធអេកូឡូស៊ី រួមទាំងធនធានទឹកដ៏មានសារៈសំខាន់សម្រាប់យើងផងដែរ។
សំរាមដែលដុតត្រូវភាយឧស្ម័នមិនល្អក្នុងបិរយាកាស។រូបភាពពីអង្គការអាយឌីអ៊ីកម្ពុជា។
ជាការត់សម្គាល់ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ទោះបីជា ផលប៉ះពាល់ដល់សុខភាព និងបរិស្ថានបណ្តាលមកពីការអនុវត្តទាំងនេះ នៅមិនទាន់មានការកំណត់បរិមាណច្បាស់លាស់ក្តី ប៉ុន្តែគ្រោះថ្នាក់នៃការស្រូបផ្សែងភាយចេញពីការដុតប្លាស្ទិកបង្កឱ្យកើតមហារីក ត្រូវបានកត់ត្រាយ៉ាងច្បាស់ផងដែរ។ រីឯកាកសំណល់អាហារ ជាមូលហេតុចម្បងមួយនៃការបំពុលទឹក បំពុលទាំងទឹកក្រោមដី និងប្រភពទឹកលើដីផងដែរ។ មួយវិញទៀត អាហារដែលបានបោះចោលនៅទីលានចាក់សំរាមនឹងរលួយ ហើយបញ្ចេញឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលមួយ។
ការសិក្សានេះ បានបង្ហាញពីភាគរយដ៏គួរឱ្យកត់សម្គាល់មួយ ដោយបញ្ជាក់ពីចំនួនគ្រួសារដែលចង់ឱ្យមានសេវាប្រមូលសំរាម និងសុខចិត្តចំណាយលើសេវាប្រមូលសំរាមនេះ។ និងប្រមាណ ៦៩% នៃគ្រួសារទាំងអស់ដែលចូលរួមក្នុងការសិក្សា មានសាច់ប្រាក់ក្នុងដៃ ហើយសុខចិត្តបង់ប្រាក់ ១០,០០០ រៀលសម្រាប់សេវាប្រមូលសំរាមពីគេហដ្ឋានរបស់គេប្រចាំខែ។
សំរាមដែលត្រូវផលិតឡើងវិញជាសម្ភារៈផ្សេងៗ។រូបភាពពីអង្គការអាយឌីអ៊ីកម្ពុជា។
ការវាយតម្លៃនេះក៏បានបង្ហាញដែរថា ស្ត្រីដើរតួនាទីយ៉ាងសកម្មក្នុងការគ្រប់គ្រងកាកសំណល់។ គំនិតផ្តួចផ្តើម និងកម្មវិធីដែលផ្តល់អំណាចដល់ស្ត្រីក្នុងតួនាទីផ្សេងៗជំវិញការគ្រប់គ្រងកាកសំណល់ រួមមាន៖ការប្រមូលសំរាម ការជ្រើសរើស ឬបែងចែក និងការកែច្នៃឡើងវិញ អាចធ្វើឱ្យពួកគេក្លាយជាអ្នករួមចំណែកដោះស្រាយការគ្រប់គ្រងកាកសំណល់នេះប្រកបដោយប្រសិទ្ធភាព៕
អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕