ក្រសួងកសិកម្មបានឆ្លើយតបថា ក្រុមប្រឹក្សាវិន័យដាក់វិន័យតាមលក្ខន្តិកៈមន្ដ្រីរាជការ ប្រសិនបើរកឃើញថា មន្ដ្រីរបស់ខ្លួនបានប្រព្រឹត្តិអំពើបោកប្រាស់ប្រជាពលរដ្ឋ ពិសេសការរត់ការច្បាប់ចិញ្ចឹមក្រែងឈាម ខណៈច្បាប់មិនបានកំណត់ឱ្យយកលុយពីការចិញ្ចឹមសត្វសមុទ្រមួយនេះទេ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ប្រជានេសាទជាង៥០នាក់នៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុងត្រូវបាននាយផ្នែករដ្ឋបាលជលផលស្រុក ប្រមូលលុយម្នាក់ប្រមាណ៤០ម៉ឺនរៀល និងខ្លះបង់ពាក់កណ្ដាល ដើម្បីធ្វើច្បាប់ចិញ្ចឹមក្រែងឈាមនៅក្នុងសមុទ្រ។
ផ្អែកតាមហ្វេសប៊ុក Koh Kong Hot News នាយផ្នែករដ្ឋបាលនោះមានឈ្មោះថា ព្រំ សុវណ្ណា បានប្រមូលលុយប្រជានេសាទ៥៣ស៊ុមក្រែងឈាម បានថវិកាចំនួន២៦លានរៀល។ ក្នុងនោះលុយដែលប្រមូលបាននៅក្នុងភូមិចំការលើ ចំនួន២០លានរៀល និងក្នុងភូមិតាមាឃចំនួន៦លានរៀល និងមាននៅភូមិផ្សេងៗទៀត។
ប្រភពដដែលបញ្ជាក់ថា រឿងយកលុយស៊ុមចិញ្ចឹមក្រែងឈាមនេះ មានជាប់ពាក់ព័ន្ធជាមួយមន្រ្តីសាលាស្រុកបូទុមសាគរផងដែរ។ តែក្រោយប្រមូលលុយចិញ្ចឹមក្រែងឈាមនេះបានហើយ ស្រាប់តែប្រជានេសាទមិនបានឃើញលោក ព្រំ សុវណ្ណា យកច្បាប់ចិញ្ចើមក្រែងឈាមមកដល់ដៃប្រជានេសាទនោះទេ ដូចរលាយស្ងាត់បាត់ឈឹងប្រៀបបានអំបិលត្រូវទឹក។
ហ្វេសប៊ុក Koh Kong Hot News អះអាងថាខ្លួនបានទូរសព្ទទៅកាន់សេវាការិយាល័យច្រកចេញចូលតែមួយខេត្តកោះកុង បញ្ជាក់ពីច្បាប់ចិញ្ចឹមក្រែងឈាមនេះ។ តែការិយាល័យច្រកចេញចូលតែមួយបានប្រាប់ថា ជាការល្អក្នុងការធ្វើច្បាប់ចិញ្ចឹមក្រែងឈាម តែច្បាប់ចិញ្ចឹមក្រែងឈាមរបស់ប្រជាពលរដ្ឋមិនតម្រូវអោយបង់ប្រាក់ទេ។ ពោលគឺមិនយកលុយតែម្ដង គ្រាន់តែត្រូវពិនិត្យទីតាំងអោយបានច្បាស់លាស់ក្នុងការចិញ្ចឹមប៉ុណ្ណោះ។
ប្រជាជនឆ្ងល់ថា តើលោក ព្រំ សុវណ្ណា មានទំនាក់ទំនងជាមួយលោក អ៊ី ម៉េងលាង ដែលជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងដែរទេ? ខណៈរដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ទើបតែបានផ្អាកការងាររបស់ប្រធានមន្ទីររូបនេះកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយរកឃើញមានការភាពមិនប្រក្រតីចំពោះការអនុវត្តដឹកនាំការងារ និងគ្រប់គ្រងមន្ទីរ។ លោក អ៊ី ម៉េងលាង មានជាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យទូកនេសាទរបស់វៀតណាម និងថៃ ចូលមកអូសយកទិន្នផលសមុទ្រពីស្រុកខ្មែរទៅលក់នៅស្រុកវិញដោយគ្មានលិខិតអនុញ្ញាត ទើបក្រសួងកសិកម្មផ្អាកការងាររបស់លោក ជាបណ្ដោះអាស្នន។ លោក ព្រំ សុវណ្ណា ដែលមានតួនាទីជានាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ត្រូវមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុងជាបណ្តោះអាសន្នផងដែរ។
ទាក់ទងក្នុងរឿងនេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់វិទ្យុស្ដ្រីថា ក្រសួងបានរៀបចំឱ្យមានក្រុមប្រឹក្សាវិន័យមួយ ដើម្បីពិនិត្យនិងវាយតម្លៃលើករណីនេះ ហើយប្រសិនបើរកឃើញថាមានភាពមិនប្រក្រតីពិតប្រាកដមែន នោះក្រុមប្រឹក្សាវិន័យនឹងដាក់វិន័យតាមលក្ខន្តិកៈមន្ដ្រីរាជការ និងទៅតាមកម្រិតនៃទោសកំហុស។
យ៉ាងណា ប្រជាពលរដ្ឋបានស្នើឱ្យលោក ព្រំ សុវណ្ណាយកច្បាប់នៃការចិញ្ចឹកក្រែងឈាមមកឱ្យប្រជាពលរដ្ឋផង និងសងលុយឱ្យពួកគាត់ផង ពីព្រោះពួកគាត់អះអាងថាបានចាញ់ការបោកប្រាស់ កុហកបញ្ឆោត ហើយមានភស្តុតាង ជាលេខទូរស័ព្ទរបស់ពលដ្ឋចិញ្ចើមក្រែងឈាមយ៉ាងច្រើនផងដែរ។
ផ្អែកតាមភស្តុតាងដែលប្រមូលលុយលើក្រដាស់ដែលហ្វេសប៊ុក Koh Kong Hot News បង្ហោះ លោក ព្រំសុវណ្ណា បានយកលុយពីប្រជាពរដ្ឋតាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣មកម្លេះ៕