en     km
en     km

ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋ៤ភូមិផ្ទុះការតវ៉ាក្រោយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមិនគោរពកិច្ចសន្យា

Share

ស្វាយរៀង៖ ប្រជាពលរដ្ឋចំនួន ៤ ភូមិ ស្ថិតនៅក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងបានផ្ទុះការតវ៉ាកាលពីថ្ងៃទី០៦ ខែកញ្ញាម្សិលមិញ ក្រោយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវក្នុងឃុំ មិនបានធ្វើតាមការសន្យាក្នុងការសាងសង់ផ្លូវមួយខ្សែ ខណៈដែលប្រជាពលរដ្ឋមួយចំនួនតូចត្រូវបានអាជ្ញាធរបង្ខំឱ្យទទួលយក។

ប្រជាពលរដ្ឋចុះវាស់កម្រស់ផ្លូវបន្ទាប់ពីសាងសង់រួច។រូបភាពពី សំណេរ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ អង្គុញ ឃុំដូង សុំមិនបញ្ចេញឈ្មោះ បានប្រាប់សិក្ខាកាមWMCថា  តាមគម្រោងផ្លូវដែលត្រូវស្ថាបនានេះមានប្រវែងជាង ៥ គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុនសាងសង់មិនគោរពតាមការសន្យាជាមួយពលរដ្ឋនោះទេ។ ពោលគឺនៅក្នុងកិច្ចសន្យាផ្លូវនេះ គឺត្រូវចាក់គ្រួសមានកម្រាស់ជាង ១តឹកកន្លះ ប៉ុន្តែខាងក្រុមហ៊ុនចាក់កន្លែងខ្លះបានតែជាង៣ហ៊ុន ទៅ៧ ឬ៨ហ៊ុនតែប៉ុណ្ណោះ។ ពលរដ្ឋសូមអំពាវនាវ ឱ្យខាងក្រុមហ៊ុនធ្វើផ្លូវនេះឱ្យគ្រប់តាមកិច្ចសន្យា បើពុំដូចនេះទេ ក្រុមប្រជាពលរដ្ឋបន្តការតវាជាបន្តបន្ទាប់ ព្រោះការសាងសង់ខុសពីកិច្ចសន្យា។

ប្រជាពលរដ្ឋចុះវាស់កម្រស់ផ្លូវបន្ទាប់ពីសាងសង់រួច។រូបភាពពី សំណេរ។

ប្រភពពីប្រជាពលរដ្ឋលើកឡើងបន្ថែមថា កន្លងមកខាងអាជ្ញាធរ បានកោះហៅប្រជាពលរដ្ឋទៅប្រជុំម្តងជាពីរដងផងដែរ ប៉ុន្តែពេលប្រជាពលរដ្ឋទៅចូលរួមច្រើនខាងអាជ្ញាធរប្រកាសរំសាយទៅវិញមិនដឹងពីមូលហេតុ។ ដោយឡែកកាលពីពេលថ្មីៗនេះ ខាងអាជ្ញាធរ ភូមិ ឃុំ បានហៅប្រជាពលរដ្ឋដែលមិនដឹងពីគម្រោងសាងសង់ប្រមាណ ៣០ទៅ៤០នាក់ ទៅទទួលយកសមិដ្ឋផលផ្លូវនេះ ដោយបានឱ្យពួកគាត់ទទួលយកទាំងដែលមិនត្រឹមត្រូវតាមកិច្ចសន្យា។

ពូ ហន ជាអ្នកសារព័ត៌មានម្នាក់ដែលសកម្មក្នុងការចុះផ្សព្វផ្សាយពីភាពមិនប្រក្រតីរបស់អាជ្ញាធរ។រូបភាពពី សំណេរ។

ពាក់ព័ន្ធករណីនេះសិក្ខាកាម WMC បានព្យាយាមទាក់ទង់ទៅលោក តឹក យី មេឃុំដូង តាមបណ្តាញសង្គមតេលេក្រាម ដើម្បីឆ្លើយបំភ្លឺ ប៉ុន្តែលោកមិនតបនោះទេ។ ដោយឡែកកាលពីថ្ងៃទី៥ ខែកញ្ញា រដ្ឋបាលស្រុករមាសហែកបានបង្ហោះសារជាវីដេអូ ដែលក្នុងនោះមានប្រជាពលរដ្ឋចំនួន ២ នាក់ប្រកាសទទួលយកផ្លូវដែលស្ថាបនាដោយមូលនិធិឃុំនេះ។ តែយ៉ាងណាប្រជាពលរដ្ឋបានចូលបញ្ចេញមតិ(Comment) ដោយបង្ហាញការមិនសប្បាយចិត្តចំពោះការបង្ហោះនេះ ព្រោះយល់ថាជាការរៀបចំពីអាជ្ញាធរ។

យ៉ាងណាលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានតបសារខ្លះៗក្នុងសម្រង់សម្តីដើមថា៖«ពាក្យគ្រប់វាមិនគ្រប់ទាំងអស់នោះទេ មានកន្លែងខ្លះខ្វះ កន្លែងខ្លះក៏លើស កន្លែងខ្លះទៀតក៏គ្រប់ គឺជាការបំពេញគ្នាទៅវិញទៅមក»។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលផ្ទុះការតវ៉ានេះមកពីភូមិត្រពាំងធ្លក ភូមិព្រឹច ភូមិកំពង់ថ្នា ភូមិអង្គុញ នៃឃុំដុង ស្រុករមាសហែកខេត្តស្វាយរៀង។ ជាងនេះ ការផ្ទុះការតវ៉ានេះ បន្ទាប់ពីអ្នកសារព័ត៌មានម្នាក់គឺលោក ហន បានចុះទៅផ្សព្វផ្សាយឬLive តាមបណ្តាញសង្គមពីភាពមិនប្រក្រតីនៃការសាងសង់ផ្លូវតាមភូមិឃុំមួយចំនួនក្នុងខេត្តស្វាយរៀង។ តែយ៉ាងណា លោក ហន ពុំបានការពន្យល់ណាមួយពីអាជ្ញាធរពាក់ព័ន្ធនោះទេ តែបែបជាសមត្ថកិច្ចកោះហៅលោកមកណែនាំអប់រំពីវិជ្ជាជីវៈសារព័ត៌មាននិងបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការផ្សព្វផ្សាយទៅវិញ។ តែបែបនេះក្តីលោក ហន ពុំបានយល់ព្រមជាមួយសមត្ថកិច្ចឡើយដោយលោកបេ្តជ្ញាបន្តផ្សាយពីរឿងពិតទាក់ទងនឹងការសង់ផ្លូវមិនគ្រប់តឹកនេះបន្តទៀត៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image