en     km
en     km

រដ្ឋបាលរាជធានីភ្នំពេញសាកល្បង​ផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធអនឡាញ

Share

រដ្ឋបាលរាជធានីភ្នំពេញសាកល្បងផ្ដល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យប្រជាពលរដ្ឋអ្នកទទួលសេវាបានចំពេញពេលវេលា និងដើរតាមយុគសម័យឌីជីថល។ តែអ្នកធ្វើការលើសេវាសង្គមបន្ថែមថា រដ្ឋបាលគួរមានអ្នកចាំឆ្លើយតបចម្ងល់របស់ប្រជាពលរដ្ឋផង ខណៈអ្នកខ្លះអាចប្រើប្រាស់ប្រព័ន្ធអនឡាញបាន និងខ្លះមិនទាន់មានភាពច្បាស់លាស់នោះទេ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញបានសម្រចដាក់ឱ្យដំណើរការសាកល្បងនូវការផ្ដល់សេវាសាធារណៈ តាមប្រព័ន្ធអនឡាញ ដើម្បីសេវារបស់ខ្លួនវិវត្តន៍តាមយុគសម័យឌីជីថល និងសន្សំសំចៃកម្រៃពេលវេលាធ្វើដំណើរកក្នុងការមកដាក់ពាក្យស្នើសុំដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ។

រដ្ឋបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់អាចស្នើពាក្យសុំសេវារដ្ឋបាលលើ៤វិស័យ គឺឧស្សាហ៍កម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។

តែយ៉ាងណា ប្រជាពលរដ្ឋដែលចង់ស្នើដោយផ្ទាល់ក៏អាចទៅទីតាំងច្រកចេញចូលតែមួយរាជធានីភ្នំពេញបានដដែល  ដោយមានទីតាំងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក សន ជ័យ ប្រធានអង្គការគនេយ្យភាពសង្គមយល់ឃើញថា ការផ្ដល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញសាកល្បងនេះ ជាការចាប់ផ្ដើមមួយសម្រាប់អ្នកមានលទ្ធភាពប្រើប្រាស់ និងអ្នកមិនទាន់ច្បាស់អាចសាកល្បងប្រើប្រាស់ដែរ យូៗទៅនឹងសមជាមួយសេវានេះហើយ។

តែយ៉ាងណាលោក បញ្ជាក់ថា នៅពេលជាសេវាអនឡាញឧបសគ្គក៏អាចកើតមានដែរ។ លោកថាអ្នកផ្ដល់សេវាគួរតែមានក្រុមការងារចាំឆ្លើយតបជាលក្ខណៈអនឡាញដែរ ដើម្បីដោះស្រាយចម្ងល់របស់ប្រជាពលរដ្ឋដែលប្រើសាវាអនឡាញនេះ។

គួរជម្រាបថា ការិយាល័យច្រកចេញចូលតែមួយជាកន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ។ បន្ថែមពីនេះ ការិយាល័យនេះក៏ជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ ដើម្បីឱ្យអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ ព្រមទាំងជាកន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ៕

Share

Image
Image
Image